វិមានក្រឹមឡាំងថា លោក ពូទីន នឹងមានជំនួបផ្ទាល់ជាមួយលោក ស៊ី ក្នុងសប្តាហ៍នេះ

ម៉ូស្គូ៖ ការិយាល័យប្រធានាធិបតីរុស្ស៊ី បានលើកឡើងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងជួបទល់មុខផ្ទាល់ជាមួយសមភាគីចិន លោក ស៊ី ជីនពីង នៅប្រទេសអ៊ូសបេគីស្ថាន ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

ការិយាយប្រធានាធិបតីរុស្ស៊ី បានឱ្យដឹងទៀតថា កិច្ចប្រជុំខាងលើនេះនឹងត្រូវធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសអាស៊ីកណ្តាល។

អង្គការនេះគឺជាក្របខ័ណ្ឌសន្តិសុខ និងសេដ្ឋកិច្ចដែលដឹកនាំដោយប្រទេសចិន និងរុស្ស៊ី។ នេះនឹងជាលើកទីមួយហើយ ដែលមេដឹកនាំទាំងពីរជួបគ្នាផ្ទាល់ ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈមក។

ជំនួយការរបស់វិមានក្រឹមឡាំង លោក Yury Ushakov បាននិយាយក្នុងថ្ងៃអង្គារសប្តាហ៍នេះថា ចិនយល់ច្បាស់ពីមូលហេតុដែលបង្ខំរុស្ស៊ីឲ្យបើកប្រតិបត្តិការយោធារបស់ខ្លួន ហើយថា បញ្ហានេះនឹងត្រូវលើកយកមកពិភាក្សាយ៉ាងហ្មត់ចត់ ក្នុងអំឡុងកិច្ចប្រជុំនាពេលខាងមុខ។

បន្ថែមលើនេះ លោក ពូទីន សង្ឃឹមថា នឹងអាចបញ្ជាក់ពីទំនាក់ទំនងយោធា និងសេដ្ឋកិច្ចជាមួយចិន នៅពេលដែលប្រទេសលោកខាងលិចបានបង្កើនការដាក់ទណ្ឌកម្មរបស់ពួកគេ ហើយយោធារុស្ស៊ីក៏កំពុងប្រឈមមុខនឹងការវាយបកយ៉ាងធ្ងន់ធ្ងរពីអ៊ុយក្រែននៅភាគខាងកើតនៃប្រទេសនេះ។

ទន្ទឹមគ្នា លោក ពូទីន ក៏នឹងជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី និងប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់ ដាច់ដោយឡែកពីគ្នានៅខាងក្រៅកិច្ចប្រជុំ SCO ផងដែរ ហើយលោក ពូទីន ក៏គ្រោងនឹងជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រៃស៊ី ខណៈដែលមេដឹកនាំអ៊ីរ៉ង់រូបនេះត្រូវបានគេរំពឹងថា នឹងចូលរួមជាមួយអង្គការសហប្រតិបត្តិការសៀងហៃ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner