មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិល៖ កម្ពុជាប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីកំណត់អត្តសញ្ញាណអ្នកធ្វើដំណើរតាមផ្លូវអាកាស ដែលមានហានិភ័យខ្ពស់

ភ្នំពេញ៖ ឯកឧត្តម ជា អូន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានអះអាងថា បច្ចុប្បន្ននេះកម្ពុជាបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប (GTAS) ដើម្បីកំណត់អត្តសញ្ញាណអ្នកធ្វើaតាមផ្លូវអាកាស ហើយអាចចាប់បាននូវមុខសញ្ញាជនសង្ស័យ ឬឧក្រិដ្ឋជន ដែលអាចបង្កហានិភ័យខ្ពស់ នៅពេលធ្វើដំណើរចេញចូលប្រទេស។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ជា អូន គូសបញ្ជាក់ថា ប្រព័ន្ធវាយតម្លៃការធ្វើដំណើរជាសកល Global Travel Assessment System (GTAS/API) ត្រូវបានដាក់ឲ្យដំណើរការ ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពការងារ ទាក់ទងនឹងគយនៅអាកាសយានដ្ឋាន និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាការជំរុញកំណើនទេសចរណ៍មកកម្ពុជាផងដែរ។

ឯកឧត្តម ជា អូន បានបញ្ជាក់យ៉ាងដូច្នេះថា «GTAS គឺជាកម្មវិធីបណ្តាញព័ត៌មានវិទ្យាផ្តល់ការពង្រឹងសន្តិសុខតាមព្រំដែន ដែលអាចឲ្យយើងធ្វើការកំណត់អត្តសញ្ញាណអ្នកធ្វើដំណើរតាមផ្លូវអាកាស ដែលមានហានិភ័យខ្ពស់របស់អ្នកដំណើរ មុនពេលហោះហើរ។ ប្រព័ន្ធនេះអនុញ្ញាតឲ្យមានការប្រមូល និងការវិភាគប្រកបដោយប្រសិទ្ធភាពនូវព័ត៌មានអ្នកដំណើរជាមុន (API) និងកត់ត្រាឈ្មោះអ្នកដំណើរ Passenger Name Record (PNR)»។

ឯកឧត្តម បានឲ្យដឹងទៀតថា ការងារសន្តិសុខអាកាសចរស៊ីវិល គឺជាផ្នែកមួយដែលដើរតួនាទីយ៉ាងសំខាន់ ដើម្បីធានាដល់ សន្តិសុខ សុវត្ថិភាពរបស់អាកាសយាន និងអ្នកដំណើរតាមផ្លូវអាកាសទាំងនៅក្នុងបរិវេណអាកាសយានដ្ឋាន ស្ថានីយ៍ អ្នកដំណើរ និងនៅលើអាកាសយានកម្មវិធីជាតិសន្តិសុខអាកាសចរស៊ីវិល បានរៀបចំនូវបទដ្ឋានបច្ចេក-ទេស សន្តិសុខជាតិទាំង៤ (National Civil Aviation Security Programme)។

សូមជម្រាបថា ប្រព័ន្ធវាយតម្លៃការធ្វើដំណើរជាសកល Global Travel Assessment System (GTAS/API) ត្រូវបានដាក់ឲ្យដំណើរការនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២កន្លងទៅ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner