សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងព្រមានដកមន្ត្រីណាដែលមិនបង្ក្រាបល្បែងស៊ីសងទាំងនោះ

ភ្នំពេញ៖ តាមរយៈសារសំលេងនៅថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេស មន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ។ ជាមួយនេះ សម្តេចក៏បានព្រមានដកមន្ត្រីរូបណាដែលមិនទទួលខុសត្រូវលើតួនាទីបណ្តោយឱ្យល្បែងស៊ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន។

ក្នុងសារសំលេងនេះ សម្ដេចតេជោ បានចេញបញ្ជាដោយម៉ឺងម៉ាត់បំផុត សូមចាត់វិធានការដាច់ណាត់ និងទាន់ពេលវេលាបំផុត។ សម្ដេចថា ខ្ញុំមិនស្ទាក់ស្ទើរជាមួយនឹងការដកចេញពីមុខតំណែងនូវអភិបាលរាជធានី-ខេត្ត អភិបាលស្រុក ខណ្ឌ ក្រុង ឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលរកឃើញថាមិនទទួលខុសត្រូវរបស់ខ្លួន។ ខ្ញុំសូមជម្រាបជូនថា មិនអាចបណ្តោយសភាពការណ៍បង្កឡើងបែបអនាធិបតេយ្យ នៅក្នុងបនល្បែងទៀតទេត្រូវម៉ឺងម៉ាត់ ត្រូវតែដាច់ខាត»។

សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ល្បែងស៉ីសងទាំងនេះមិនបានចំណេញដល់សេដ្ឋកិច្ចជាតិនោះទេ ផ្ទុយទៅវិញបាននាំឱ្យប្រជាពលរដ្ឋដែលងប់ងុលនឹងល្បែងត្រូវលក់គោ លក់ក្របី ផ្ទះសម្បែង ដោយសារតែល្បែងនេះ។

សម្ដេចប្រមុខរាជរដ្ឋាភិបាល បានដាក់បញ្ជាឱ្យបិទរាល់ហាងកាហ្វេ ហាងគុយទាវ និងគ្រប់ទីតាំងទាំងអស់ ដែលបើកឱ្យមានលេងល្បែងស៉ីសង។ សម្តេច បានបញ្ជាក់ថា៖ ត្រូវធ្វើវិធានការនេះឱ្យដាច់ណាត់បំផុត ហើយវាគ្មានការចាំបាច់មករំខាននាយករដ្ឋមន្ត្រីនោះទេ។ ប្រសិនបើអស់លោកអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ យកការទទួលខុសត្រូវមួយក្នុងឋានៈជាគណៈបញ្ជាការឯកភាព ដែលបញ្ជាទៅលើកម្លាំងនគរបាលជាតិ។ តែបញ្ហានៅត្រង់អស់លោក ចំណោទបញ្ហាតើច្រវាចិញ្ចឹមឆ្តោ ឬយ៉ាងណា?។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវទៅកាន់អ្នកធ្វើអាជីវកម្មទាំងឡាយ បើមិនចង់ឱ្យអាជីវកម្មរបស់ខ្លួន ត្រូវបិទទ្វារទេនោះ ត្រូវដកខ្លួនចេញជាបន្ទាន់ពីល្បែងស៉ីសងខុសច្បាប់។

សម្តេចតេជោ បានបញ្ជាក់ទៀតថា បទបញ្ជានេះគឺដើម្បីនាំមកនូវសេចក្តីសុខ សុភមង្គលជូនប្រជាពលរដ្ឋ និងបញ្ចៀសកុំឱ្យមានចោរឆក់ ចោរប្លន់ ក្នុងសង្គមដោយសារតែល្បែងស៉ីសង។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មុខសញ្ញាល្បែងដែលត្រូវបង្ក្រាបរាប់ទាំងឆ្នោតឡូតូ និងកន្ទុយលេខផងដែរ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner