គណប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះសសួរសុខទុក្ខ ឯកឧត្តម ជា សារ៉ន ដល់គេហដ្ឋាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា-ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា-ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សួរសុខទុក្ខ ឯកឧត្តមនាយឧត្តមសេនីយ៍ ជា សារ៉ន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋលេខាធិការក្រសួងការពារជាតិ ទីប្រឹក្សាបញ្ជាការដ្ឋានកងទ័ពជើងគោក និងជាទីប្រឹក្សាជាន់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមប្រធានប្រតិភូ បានសម្តែងនូវការកោតសរសើរ ចំពោះវិរភាពដ៏អង់អាចក្លាហានរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ជា សារ៉ន ដែលបានចូលរួមបម្រើកងទ័ពដើម្បីបុព្វហេតុរំដោះប្រជាជនឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងការពារនិងអភិវឌ្ឍប្រទេសជាតិដោយជោគជ័យ ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ជា សារ៉ន បានរៀបរាប់ពីប្រវត្តិការងារថា៖ -បានចូលទៅប្រទេសវៀតណាម នៅឆ្នាំ១៩៧៥ បានចូលរួមជាមួយកម្លាំងកងទ័ពនៅអង្គភាពលេខ១២៥ របស់សម្តេចតេជោ ហ៊ុន សែន ថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ -ចូលរួមកម្លាំងចលនាតស៊ូរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ព្រមទាំងកម្លាំងតស៊ូចលនារំដោះជាតិផ្សេងៗទៀត បានវាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យដោយជោគជ័យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ហើយត្រូវបានក្រសួងការពារប្រទេសនិងរដ្ឋាភិបាលផ្តល់តួនាទីជាបន្តបន្ទាប់ដូចជា៖ -ប្រធានយោធាខេត្តកំពង់ស្ពឺ -នាយកសាលាវប្បធម៌កងទ័ព -ប្រធានវរសេនាធំលេខ២១ កងពលលេខ៨ ខេត្តកំពត -រងកងពលលេខ៦ណាំសាបទទួលបន្ទុកសេនាធិការ -សេនាធិការភូមិភាគ៤ -បញ្ជាការរងភូមិភាគ៥ ទទួលបន្ទុកសេនាធិការ -បញ្ជាការកងរថក្រោះ -ស្នងការប្រយុទ្ធនៃអគ្គសេនាធិការ -រាជរដ្ឋាភិបាលបានចាត់តាំងជាប្រតិបត្តិករអនុវត្តនយោបាយឈ្នះឈ្នះរបស់សម្តចតេជោ ហ៊ុន សែន -មេបញ្ជាការរងកងទ័ពជើគោក ទទួបន្ទុកសេនាធិការ។

ឯកឧត្តម ចាយ បូរិន រួមជាមួយសមាជិក សមាជិកា ប្រតិភូផ្នែកឃោសនាអប់រំ បានប្រគល់ជូនវត្ថុអនុស្សារីយ៍និងថវិកា ជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនឯកឧត្តមនាយឧត្តមសេនីយ៍ ជា សារ៉ន និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា ឯកឧត្តម លោកជំទាវ មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ព្រមទាំងក្រុមគ្រួសារផងដែរ ។

ឯកឧត្ដម នាយឧត្តមសេនីយ៍ ជា សារ៉ន បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេច លោកជំទាវ ឯកឧត្តម ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ជាពិសេស ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមជូនដល់ចាស់ព្រឹទ្ធាចារ្យ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ៕ ដោយ ថេត វិចិត្រ+ ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner