ទីផ្សារហិរញ្ញវត្ថុអាស៊ីធ្លាក់ចុះ ខណៈ មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ព្រមានពីការថមសេដ្ឋកិច្ចសកល

អន្តរជាតិ៖ ទីផ្សារអាស៊ីមានសន្ទុះទន់ខ្សោយនៅថ្ងៃសុក្រទី១៦ ខែ កញ្ញា ឆ្នាំ២០២២នេះ ជួនចំពេលដែលអ្នកវិនិយោគត្រៀមខ្លួន សម្រាប់ការដំឡើងអត្រាការប្រាក់ របស់សហរដ្ឋអាមេរិក នៅសប្តាហ៍ ក្រោយ។ ចំណែកការព្រួយបារម្ភក៏មានកាន់តែខ្លាំងឡើងដែរ ចំពោះ ការធ្លាក់ចុះសេដ្ឋកិច្ចសកល បន្ទាប់ពីការទាញសញ្ញាអាសន្ន របស់ ធនាគារពិភពលោក (World Bank) និងមូលនិធិរូបិយវត្ថុ អន្តរជាតិ (IMF)។

សន្ទស្សន៍នៃផ្សារហ៊ុនអូស្ត្រាលី AXJO បានធ្លាក់ចុះ ០,៩៤ភាគរយ នៅសុក្រ ទី១៦ ខែកញ្ញា ខណៈសន្ទស្សន៍រួមនៃផ្សារហ៊ុនជប៉ុន N225 បានធ្លាក់ចុះ ១,២ភាគរយ។ ងាកទៅហុងកុងវិញ សន្ទស្សន៍ ហ៊ុនរបស់ផ្សារហ៊ុន Hang Sen g(HSI) បានធ្លាក់ចុះ ១,១ភាគរយ ខណៈផ្សារហ៊ុនប្រទេសចិន CSI300 Index (CSI300) បានធ្លាក់ចុះ ០,៨៦ភាគរយ។

វគ្គជួញដូរដែលមានភាពទន់ខ្សោយ ឬក៏ធ្លាក់ចុះនេះ ក៏មានដែរ សម្រាប់ទីផ្សារហិរញ្ញវត្ថុអាមេរិកទាំងអស់។ សន្ទស្សន៍នៃភាគហ៊ុន The Dow Jones បានធ្លាក់ចុះ ១៧៣,២៧ពិន្ទុ ឬប្រមាណ ០,៥៦ភាគរយ ខណៈសន្ទស្សន៍ភាគហ៊ុន S&P 500 មានការធ្លាក់ ចុះ ៤៤,៦៦ពិន្ទុ ឬ១,១៣ភាគរយ។ ចំណែកសន្ទុះផ្សារហ៊ុន Nasdaq បានធ្លាកចុះ ១,៤៣ភាគរយ។

IMF បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញាថា ទស្សនៈ វិស័យសេដ្ឋកិច្ចពិភពលោកនៅតែបន្តធ្លាក់ចុះ ហើយប្រទេសមួយ ចំនួន ត្រូវបានគេរំពឹងថានឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច នៅ ឆ្នាំ២០២៣ ប៉ុន្តែវាហាក់ដូចជាលឿនពេកក្នុងការនិយាយថា តើនឹងមានវិបត្តិសេដ្ឋកិច្ចពិភពលោករីករាលដាលដែរឬទេ។

IMF កាលពីខែកក្កដា បានកែសម្រួលការព្យាកររបស់ខ្លួន ដោយ ទម្លាក់ កំណើនសេដ្ឋកិច្ចពិភពលោក មកនៅត្រឹម៣,២ភាគរយ ក្នុងឆ្នាំ២០២២ និង២,៩ភាគរយ នៅឆ្នាំ២០២៣។ ស្ថាប័នហិរញ្ញវត្ថុពិភពលោកមួយនេះ គ្រោងនឹងបោះពុម្ពផ្សាយ របាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅខែក្រោយនេះ។

តាមរយៈការប្រៀបធៀបមួយ ធនាគារពិភពលោកឯណោះ វិញក៏ បាន និយាយថាពិភពលោកអាចនឹងឈានឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣ ខណៈដែលធនាគារកណ្តាលនៅទូទាំងពិភព លោកបានដំឡើងអត្រាការប្រាក់ក្នុងពេលដំណាលគ្នា ដើម្បីទប់ទល់ នឹងបញ្ហាអតិផរណាដែលបន្តកើតមានតាមប្រទេសទាំងនោះ។

ធនាគារពិភពលោក បញ្ជាក់ថាប្រទេសដែលមានសេដ្ឋកិច្ចធំជាង គេ ទាំងបីរបស់ពិភពលោកគឺ សហរដ្ឋអាមេរិក ចិន និងតំបន់ចាយប្រាក់ អឺរ៉ូ កំពុងតែមានកំណើនយឺត ហើយកំណើនយឺតនេះទៀតអាច នឹង រុញ ប្រទេសទាំងនោះធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ប្រសិនបើសេដ្ឋកិច្ច ពិភព លោកធ្លាក់តែបន្តិចទៀត។

នៅថ្ងៃទី១៦ ខែកញ្ញានេះ ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះ ០,៤ ភាគរយធៀបនឹងប្រាក់យ៉េនជប៉ុន។ ប្រាក់អឺរ៉ូវិញ បានឡើងតែ ០,១ភាគរយធៀបនឹងប្រាក់ដុល្លារ ដែលបច្ចុប្បន្ន ១អឺរ៉ូស្មើនឹង ១.០០០៦ដុល្លារអាមេរិក។ សម្រាប់មាសវិញ ត្រូវបានជួញ ដូរក្នុងតម្លៃ ១ ៦៦២,៤៩ដុល្លារក្នុងមួយឱន ដែលតម្លៃនេះ ទាបជាងថ្ងៃទី១៥ ខែកញ្ញា៕ ដោយ៖យ៉ាន អាន

ads banner