លោក ពូទីន ព្រលយថា មហាមិត្តចិន មានចម្ងល់ និងកង្វល់ជុំវិញ សង្រ្គាមនៅអ៊ុយក្រែន

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បានព្រលយកាល ពីថ្ងៃ ព្រហស្បតិ៍ទី ១៥ ខែកញ្ញាថា មហាមិត្តចិន ដែលបច្ចុប្បន្នជា អតិថិជន ទិញថាមពលដ៏សំខាន់របស់ខ្លួន មានចម្ងល់ និងកង្វល់ ជុំវិញការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី។ ការណ៍នេះ បង្កឱ្យមាន ការយល់ឃើញខុសៗគ្នាពីសំណាក់អ្នកវិភាគ លើទំនាក់ទំនង «ស្អិតរមួត» រវាងក្រុងម៉ូស្គូ និងប៉េកាំង។

ការលើកឡើងរបស់លោក ពូទីន ធ្វើឡើងនៅពេលលោកជួបជាមួយ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដោយផ្ទាល់ នៅកិច្ចប្រជុំកំពូល របស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ក្នុងទីក្រុង សាម៉ាកង់ (Samarkand) នៃប្រទេសអ៊ូបេគីស្ថាន។

លោក ពូទីន ថ្លែងក្នុងសុន្ទរកថា បើកកិច្ចប្រជុំក្រៅផ្លូវការរវាង មេដឹកនាំទាំង២ថា៖ «យើងសូមកោតសរសើរយ៉ាងខ្លាំង ចំពោះ ការប្រកាន់ជំហរកណ្ដាលរបស់មិត្តចិន ទាក់ទងនឹងវិបត្តិអ៊ុយក្រែន ហើយយើងក៏យល់ពីការងឿងឆ្ងល់ និងកង្វល់របស់អ្នក(ចិន) ក្នុងបញ្ហានេះ»។
ពាក្យសម្ដីប៉ុណ្ណេះម៉ាត់របស់លោក ពូទីន មិនមែនជារឿងដ៏គួរឱ្យភ្ញាក់ ផ្អើលអីយ៉ាងណានោះទេ ប៉ុន្តែវាគឺជាការណ៍គួរឱ្យកត់សម្គាល់ ព្រោះពាក្យទាំងនេះឆ្លុះបញ្ជាំងអំពីស្ថានភាពនៃទំនាក់ទំនងបច្ចុប្បន្នរបស់ចិន-រុស្ស៊ី ដែលរួមដៃគ្នា ទម្លាក់កំហុសលើលោកខាងលិច ចំពោះ ការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី និងចោទអាមេរិកជំពោះ ភាពតាន តឹងនៅច្រកសមុទ្រតៃវ៉ាន់។
កន្លងមក ចិនប្រកាន់ជំហរខុសពីប្រទេសដទៃជាច្រើនផ្សេងទៀត ជាពិសេសលោកខាងលិច និងសម្ព័ន្ធមិត្ត។ ចិនមិនបានថ្កោលទោសរុស្ស៊ី ចំពោះការឈ្លានពានរដ្ឋជិតខាង ខ្លួនឯងនោះទេ ហើយថែមទាំងបន្ទការឃោសនារបស់វិមាន ក្រឹមឡាំង ទៀតផងថា ទង្វើរបស់រុស្ស៊ីគឺសមស្របទៅតាមការ ព្រួយបារម្ភរបស់ខ្លួន។
ជំនួបដោយផ្ទាល់រវាងមេដឹកនាំផ្តាច់ការទាំង២ នៅកិច្ចប្រជុំកំពូល SCO នាពេលនេះ គឺជាសញ្ញាបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនង ទ្វេភាគី។
ក្នុងជំនួបដដែល លោក ស៊ី ថ្លែងប្រាប់លោក ពូទីន ថា៖ «ចិននឹង ធ្វើការ ជាមួយរុស្ស៊ីដើម្បីពង្រីកការគាំទ្រគ្នាទៅវិញទៅមក លើបញ្ហា ដែលទាក់ទងនឹងផលប្រយោជន៍រួមសំខាន់ និងដើរតួនាំមុខ ដើម្បីឱ្យមានស្ថិរភាព និងថាមពលវិជ្ជមាន នៅក្នុងពិភពលោក ដ៏ច្របូលច្របល់»។ នេះបើតាមសេចក្ដីថ្លែងការណ៍ពីក្រសួងការបរទេសចិន ចេញ ផ្សាយក្រោយជំនួប ដែលមិនចង្អុលបង្ហាញអ្វីសោះពី សង្រ្គាមនៅ អ៊ុយក្រែន។
យ៉ាងណាមិញ ការលើកឡើងពីរបស់លោក ពូទីន ថាចិនមានកង្វល់ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន បង្កជាការប្រៀបធៀបការថ្លែងរបស់ លោក ស៊ី ទៅនឹងអ្វីដែលមេដឹកនាំនៃប្រទេសកុម្មុយនីស្តទាំងពីរ ធ្លាប់អះអាងកន្លងមក។ មុនពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ លោក ពូទីន និង លោកស៊ី ប្រកាសថា ទំនាក់ទំនងមិត្តភាពចិន-រុស្ស៊ី «គ្មានដែន កំណត់»។
ទំនាក់ទំនងបែបនេះ បានធ្វើឱ្យចិនធ្លាក់ទៅក្នុងសម្ពាធកាន់តែខ្លាំង ពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែន ខណៈចិនមានភាពល្អកកកជាមួយ លោកខាងលិចស្រាប់ហើយ ជុំវិញបញ្ហាសិទ្ធិមនុស្ស និងកោះតៃវ៉ាន់ ។ ពេលជម្លោះផ្ទុះឡើង ចិនដែលមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយ លោកខាងលិចធំជាងជាមួយរុស្ស៊ី បានអំពាវនាវឱ្យមានការចរចា និងគោរពអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ។

យ៉ាងណាមិញ ចិនបានបដិសេធមិនថ្កោលទោសរុស្ស៊ី ហើយក្នុង រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ចិនបានបញ្ជូនកងទ័ពឱ្យ ចូលរួមសមយុទ្ធយោធារួមគ្នាជាមួយរុស្ស៊ី និងបញ្ជូនមន្ត្រីជាន់ខ្ពស់ របស់ខ្លួនឱ្យជួបសមភាគីរុស្ស៊ី។
ចិនក៏ជាអ្នកជ្រោមជ្រែងសេដ្ឋកិច្ចរុស្ស៊ីមួយផងដែរ ដោយប្រទេសនេះ បានបង្កើនការនាំចូលហ្គាស និងប្រេង ដែលក្រុងម៉ូស្គូលក់ឱ្យក្នុង តម្លៃថោក ក្រោយរងទណ្ឌកម្មធ្ងន់ធ្ងរពីលោកខាងលិច ហើយកាល ពីខែមុន ទីក្រុងប៉េកាំងក៏យល់ព្រមទូទាត់ថ្លៃហ្គាសឱ្យរុស្ស៊ី ជាលុយ យន់ និងរូប្លិ៍ផងដែរ។

ទាក់ទងនឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍អះអាងថា ប្រទេសរុស្ស៊ី ទំនងជានឹងពឹងផ្អែកលើចិនកាន់តែខ្លាំងឡើងៗ ចំពោះទីផ្សារ ថាមពលរបស់ខ្លួន ខណៈចិនព្យាយាមនៅតែរក្សាគម្លាតរបស់ខ្លួន មិនឱ្យផ្អឹបពេកជាមួយក្រុងម៉ូស្គូ ជាពិសេសការមិនបង្ហាញឱ្យ ចំៗ ណា មួយថាខ្លួនគាំទ្ររុស្ស៊ីពេញទំហឹងចំពោះសង្រ្គាមនៅអ៊ុយក្រែន៕
ដោយ៖ហួន ឌីណា

ads banner