កម្ពុជានឹងចាប់ផ្ដើមសាងសង់រោងចក្រវេចខ្ចប់ និងច្រកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅខែវិច្ឆិកា ឆ្នាំ២០២២

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រោងចក្រវេចខ្ចប់ និងច្រកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំបូងបង្អស់នៅកម្ពុជា នឹងចាប់ផ្ដើមសាងសង់ជាផ្លូវការ នៅខែវិច្ឆិកាខាងមុខ។ នេះបើតាមការគូសបញ្ជាក់របស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល ថ្លែងនៅ ក្នុងសន្និសីទកាសែតស្ដីពី «សមិទ្ធផលសម្រេចបានរយៈ ពេល៥ឆ្នាំ កន្លងមក របស់ក្រសួងសុខាភិបាល» នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

បើតាមលោកជំទាវ យក់ សម្បត្តិ រោងចក្រវេចខ្ចប់ និងច្រកវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ នេះ គឺជាការវិនិយោគរួមគ្នា រវាងសហគ្រាស ឱសថ CPE ក្រុមហ៊ុន Sinovac របស់ចិន ក្នុងតម្លៃទុនវិនិយោគ ដំណាក់កាលដំបូងចំនួន១០០លានដុល្លារ។

មុននឹងបើកការដ្ឋានសាងសង់ជាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកជំទាវរដ្ឋលេខាធិកា បានឲ្យដឹងថា ក្រុមហ៊ុនវិនិយោគបានចាក់ បំពេញដីស្ទើរតែរួចរាល់១០០ភាគរយហើយ នៅលើផ្ទៃដីទំហំ ប្រមាណ ប្រាំហិកតា មានទីតាំងស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិ លេខ៥ ក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល។
គួររំឭកបន្តិចដែរថា រដ្ឋាភិបាលកម្ពុជា តាមរយៈសម្តេចតេជោ នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានជំរុញឲ្យក្រសួងសុខាភិបាល និង ស្ថាប័នពាក់ព័ន្ធ ស្វះស្វែងរកក្រុមហ៊ុនវិនិយោគរោងចក្រ ផលិត វ៉ាក់សាំងកូវីដ១៩នៅកម្ពុជា។
ដោយឡែក ក្រុមហ៊ុនដែលទទួលបានសិទ្ធិបង្កើតរោងចក្រវេចខ្ចប់ និងច្រកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំបូងបង្អស់នៅកម្ពុជានា ពេលនេះ ត្រូវបានលោកជំទាវ យក់ សម្បត្តិ សង្កត់ធ្ងន់ថា គឺជា ក្រុមហ៊ុន ដែល មានបទពិសោធន៍ផ្នែកឱសថនៅក្នុងស្រុក និង បានពង្រីកខ្លួនសិក្សាស្វែងយល់បន្ថែម ទាក់ទងនឹងបច្ចេកទេស ពីប្រទេសចិន ដើម្បីវេចខ្ចប់ និងច្រកវ៉ាក់សាំងកូវីដ១៩ សម្រាប់ ការផ្គត់ផ្គង់ និងចែកចាយវ៉ាក់សាំងទៅតាមតម្រូវការ។

នៅក្នុងដំណើរការសាងសង់រោងចក្រនេះទៀតសោត បើតាម លោក ជំទាវ យក់ សម្បត្តិ គឺនឹងត្រូវធ្វើឡើងដោយឈរលើមូលដ្ឋានបច្ចេក វេជ្ជសាស្ត្រ មានអគារធំៗសម្រាប់ផលិតកម្មច្រកនិងវេចខ្ចប់ អគារ ស្នាក់នៅរបស់កម្មករ និងមានប្រព័ន្ធសម្រាប់រក្សា ក៏ដូចជាបញ្ចេញ កាកសំណល់ តាមបច្ចេកទេសវេជ្ជសាស្ត្រជាដើម។

ចំណែកបច្ចេកទេសច្រក និងវេចខ្ចប់ គឺជាបច្ចេកទេសរបស់ក្រុម ហ៊ុនចិន Sinovac ដែលជាអ្នកទទួលបន្ទុកបំពាក់ជូនរោងចក្រ។
ប្រសិនបើគ្មានការប្រែប្រួលណាមួយទេ រោងចក្រវេចខ្ចប់ និង ច្រកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំបូងបង្អស់នៅកម្ពុជា គ្រោង បញ្ចប់ការសាងសង់និងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៤ខាងមុខ ដោយប្រមុខរដ្ឋាភិបាលកម្ពុជា ធ្លាប់បានបញ្ជាក់នាពេលកន្លងមកថា នៅពេលរោងចក្រនេះចាប់ដំណើរការ រដ្ឋាភិបាលនឹងទិញវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ពីរោងចក្រនេះ ចំនួនជាង១០០លានដូស សម្រាប់ ផ្គត់ផ្គង់តម្រូវការរយៈពេល៣ឆ្នាំ គឺពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦៕
ដោយ៖កែវ កិរិយា

ads banner