ថវិកាគោលនយោបាយរបស់ក្រសួងការពារជាតិជាង ៦០លានរៀល ត្រូវបានផ្តល់ជូន ភរិយាសពអតីត ឧត្តមសេនីយ៍ចំនួន២រូប ដល់លំនៅដ្ឋាន

ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ទី១៧ ខែកញ្ញានេះ ថវិកាគោលនយោបាយរបស់ក្រសួងការពារជាតិជាង ៦០លានរៀល ត្រូវបានឧត្តម សេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ប្រធានអនុគណៈកម្មាធិការរៀបចំបុណ្យសពថ្នាក់ឧត្តមសេនីយ៍ ឧត្តមនាវី ក្រសួងការពារជាតិ អមអំណើរដោយឧត្តម សេនីយ៍ទោ សៅ ដារ៉ាវុធ នាយក នាយកដ្ឋានកិច្ចការយោធាស៊ីវិល បាននាំយកទៅផ្តល់ជូនលោកស្រី តូច សុផល ជាភរិយាសពអតីត ឧត្តម សេនីយ៍ឯក អន មុន្នី ដល់លំនៅដ្ឋានលេខ៤០ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាង ៣០លានរៀល និងប្រគល់ជូន លោកស្រី តូច សាវ៉េត ជាភរិយាសពអតីត ឧត្តមសេនីយ៍ត្រី មាស ទិត្យ ដល់លំនៅដ្ឋានស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ថវិកាជាង ៣០លានរៀល ។

សូមបញ្ជាក់ថា សព ឧត្តមសេនីយ៍ទោ អន មុន្នី ជាអតីតអនុប្រធានក្រុមស្រាវជ្រាវ យុទ្ធសាស្ត្រ យោធាថ្នាក់ក្រសួងការពារជាតិ និង សព ឧត្តមសេនីយ៍ត្រី មាស ទិត្យ ជាអតីតនាយការិយាល័យការពារគីមីសាស្ត្រ ស្នងការសម្ភារៈ បច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណៈភាព នាចុងឆ្នាំ២០២១កន្លងទៅនេះដោយ រោគាពាធ ។

ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម សៅ សារឿន បានពាំនាំនូវសមានចិត្តចូលរួមរំលែកមរណទុក្ខ យ៉ាងក្រៀមក្រំ និងសោកស្តាយជាទីបំផុតចំពោះការបាត់ បង់នូវស្វាមី ជាឪពុក និងជាជីតា ព្រមទាំង ញាតិ មិត្តជិតឆ្ងាយនៃក្រុមគ្រួសារសពដោយក្តីសោកស្តាយជាទីបំផុត ចំពោះការបាត់បង់នូវ អតីតនាយទាហានជាន់ខ្ពស់ទាំង២រូប ដែលមានគុណ បំណាច់ ក្នុងបុព្វហេតុបម្រើសុខសន្តិភាពនាពេលកន្លងមករហូតដល់ថ្ងៃអវសាន្តនៃជីវិត ។

ឯកឧត្តមប្រធានប្រតិភូក៏បាន បញ្ជាក់ផងដែរថា ថវិកាឧបត្ថម្ភសម្រាប់ ពិធីបុណ្យសពនេះ គឺជាការគិតគូខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង ពីសម្តេចពិជ័យសេនា ប្រមុខការពារជាតិ អគ្គមេបញ្ជាការ ដែលជានិច្ចជាកាល សម្តេចទាំទ្វេរតែងបានគិតគូរនិងយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខ របស់នាយទាហាន នាយទាហានរង និង ពលទាហាន ដើម្បីជាការលើកទឹកចិត្តដល់ញាតិមិត្តនិងក្រុមគ្រួសារដែល ធ្លាប់មានគុណបំណាច់យ៉ាងធំធេងក្នុងភារកិច្ចបម្រើជាតិ មាតុភូមិនិងភាពសុខសាន្តជូនប្រជាពលរដ្ឋ។

លោកស្រីជាភរិយាសពអតីតឧត្តម សេនីយ៍ទាំងពីរ តំណាងឲ្យក្រុមគ្រួសារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការរៀបចំបុណ្យសពដែលបាន នាំមកនូវថវិកាគោលនយោបាយក្រសួងការពារជាតិមកផ្តល់ជូនផ្ទាល់ដៃដល់ក្រុមគ្រួសារសព ដល់លំនៅដ្ឋានដោយផ្ទាល់នាពេលនេះ ។ សូមគោរពអរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចពិជ័យសេនា ដែលបានដោះស្រាយរបបគោលនយោបាយ ជូនកងទ័ព និងក្រុមគ្រួសារនាពេលនេះ ផងដែរ ៕ ប្រភព ៖ កងទ័ព ដោយ ៖ សុខ ណេត

សុខ ណេត
សុខ ណេត
បានប្រលូកនៅតាមស្ថាប័នធំៗមានបទពិសោធន៍ជាច្រើនទាំងទូរទស្សន៍ បណ្ដាញសង្គម និងតាមមូលដ្ឋាន។ បន្ថែមពីការងារជាអ្នកយកព័ត៌មាន អ្នកកែសម្រួល និងអ្នកអត្ថាធិប្បាយ លោកក៏មានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងអ្នកព័ត៌មាននានានៅកម្ពុជាផងដែរ។
ads banner
ads banner
ads banner