ក្រសួងសង្គកិច្ច និងអង្គការយូនីសេហ្វ បានបន្តកិច្ចសហការគ្នា ដើម្បី ទប់ស្កាត់ អំពើហិង្សា លើកុមារ
ភ្នំពេញ៖ ការអង្កេតប្រជាសាស្ត្រនិងសុខភាពកម្ពុជា ឆ្នាំ២០២២ បានបង្ហាញថា ៤៣ភាគរយ នៃកុមារដែលបានអង្កេតបានរាយការណ៍ថា កុមារទាំងនោះត្រូវបានរងអំពើហិង្សាលើរូបរាងកាយ ដូចជាដោយ ដាក់វិន័យនៅក្នុងផ្ទះ។
ប៉ុន្តែទំនងជាតបទៅនឹងលទ្ធផលអង្កេតនេះ ឯកឧត្តម វង សូត រដ្្ឋមន្រ្តីក្រសួងសង្គម កិច្ច និងអតីតយុទ្ធជន បាន ថ្លែងក្នុងពីធី ស្ដីពី ការវាយតម្លៃអំពើហិង្សា លើកុមារ នៅថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០២២ ថា៖ «ផ្អែកតាមការវាយ តម្លៃលើផែនការ សកម្មភាព ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះ អំពើហិង្សា លើកុមារឆ្នាំ ២០១៧-២០២១ ប្រទេសកម្ពុជាបាននឹងកំពុងស្ថិតនៅលើមាគ៌ាមួយក្នុងការទប់ស្កាត់នឹងអំពើហិង្សាលើកុមារ»។
លោកបញ្ជាក់ថា ប្រទេសកម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែង ឱ្យកាន់តែ សកម្ម ក្នុងការធានាថាកុមារមានសុវត្ថិភាពនៅគ្រប់ទីកន្លែង ដូចជា នៅផ្ទះ សាលារៀន និងក្នុងសហគមន៍ជាដើម។
ចំណែកលោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា ការវាយតម្លៃនេះបង្ហាញពីវឌ្ឍនភាព នៅក្នុង ផ្នែក មួយចំនួន ប៉ុន្តែនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ នៅក្នុង អនុសាសន៍របស់គណៈកម្មាធិការស្តីពីសិទ្ធិកុមារ និងការបញ្ចប់ សេចក្ដី ព្រាងច្បាប់ ស្ដីពីកិច្ចការពារកុមារនាពេលខាងមុខនេះ ហើយ នឹងបង្កើនការវិនិយោគលើកម្លាំងការងារក្នុងវិស័យសុខុមាលភាពសង្គម និងកម្មវិធីទប់ស្កាត់នានាផងដែរ។
លោកស្រីលើកឡើងថា៖ «អំពើហិង្សាលើកុមារមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដែលមិនត្រឹមតែប៉ះពាល់ដល់ជីវិតបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបំផ្លាញសហគមន៍ទាំងមូល និងមនុស្សជំនាន់ ក្រោយទៀតផង»។
ជុំវិញបញ្ហានេះឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋាន សេវាសង្គម បានប្រាប់ថា ក្រសួងបានខិតខំដោះស្រាយ ដោយមាន ផែនការ យន្តការ និងគណៈកម្មការថ្នាក់ជាតិ និងក្រោមជាតិ ដើម្បី ទប់ ស្កាត់អំពើហិង្សាលើកុមារ។
លោកបន្តថា បន្ទាប់ពីចេញរបាយការណ៍វាយតម្លៃពីអំពើ ហិង្សាលើ កុមារឆ្នាំ២០១៧-២០២១មក គឺខាងក្រសួង និងអង្គការដៃគូ បាន បន្តកិច្ចសហការគ្នា ត្រៀមរៀបចំផែនការ២០២៣-២០២៨ តទៅ ទៀត ដើម្បីធានាបញ្ចប់ឱ្យបានអំពើហិង្សាលើកុមារគ្រប់ទម្រង់ និង ធ្វើឲ្យកុមារទាំងអស់ រស់នៅក្នុងបរិយាកាសមួយប្រកប ដោយភាព អំណោយផលដល់ការលូតលាស់ ព្រមទាំងទទួលបានការចិញ្ចឹម បីបាច់ និងកិច្ចការពារនានា។
លោកបញ្ជាក់ថា៖ «បើវាយតម្លៃទៅតាមស្ថានភាព ខ្ញុំគិតថាអំពើ ហិង្សា លើកុមារគឺនៅតែមាន ប៉ុន្តែវាមិនមានករណីណាធ្ងន់ធ្ងរ ហួស ហេតុឡើយ ដោយសារមានការអន្តរាគមន៍ពីក្រសួង និង អង្គការដៃ គូជាច្រើន»។
លោកបន្ថែមថា ភាគច្រើនកុមារបច្ចុប្បន្ននេះ តែងតែរងអំពើហិង្សាជា រូបភាពដូចជា ការវាយដំលើរូបរាងកាយ និងការប្រើប្រាស់ពាក្យ សំដី។ ហើយអំពើហិង្សាទាំងនេះ អាចមានករណីខ្លះដែលធ្វើឲ្យកុមារ បាត់ បង់ជីវិត និងពិការជាដើម៕ ដោយ៖ ជា សុខនី