កម្ពុជាត្រៀមស្វាគមន៍ ក្រុមហ៊ុនរបស់ប្រទេសឡាវ ដើម្បីសិក្សា គម្រោង ភ្ជាប់ផ្លូវដែកពីឡាវមកម្ពុជា
ភ្នំពេញ៖ ប្រទេសឡាវមានគម្រោងនឹងតភ្ជាប់ផ្លូវដែករបស់ខ្លួនមក ប្រទេសកម្ពុជាដែលមានព្រំដែនជាប់គ្នាដើម្បីធ្វើឱ្យប្រទេសដែល ពុំមានកំពង់ផែសមុទ្រមួយនេះមានផ្លូវគមនាគមន៍ដឹកជញ្ជូនភ្ជាប់ទៅកាន់ពិភពលោកគឺ” Land locked to land linked”។នេះបើ តាម ខ្លឹមសារនៃជំនួបរវាងអគ្គនាយកក្រុមហ៊ុនតំបន់កំពង់ផែស្ងួត Vientiane Logistics Park ជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្រ្តីក្រសួង ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចតំណាងប្រធានរដ្ឋសភាកម្ពុជាដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាទៅទស្សនាតំបន់កំពង់ផែស្ងួត Vientiane Logistics Park កាលពីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២២ កន្លងទៅ។
ការអញ្ជើញទៅទស្សនាតំបន់កំពង់ផែស្ងួតខាងលើធ្វើឡើងខណៈដែលគណៈប្រតិភូរដ្ឋសភាកម្ពុជាកំពុងបំពេញទស្សនកិច្ច ផ្លូវការនិង មិត្តភាព នៅប្រទេសឡាវ។
តំបន់កំពង់ផែស្ងួត Vientiane Logistics Parkគឺជាគម្រោង វិនិយោគលើបណ្តាញគមនាគមន៍ផ្លូវគោកដ៏ធំមួយ របស់ប្រទេស ឡាវ។ ចំពោះគម្រោងតភ្ជាប់ផ្លូវដែកមកកម្ពុជា លោកជំទាវកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន បានថ្លែងការសាទរនិង ស្វាគមន៍ជានិច្ច នៅពេលដែលក្រុមហ៊ុន អញ្ជើញទៅសិក្សានៅ កម្ពុជា។ ពីខាងភាគីឡាវវិញ អគ្គនាយកក្រុមហ៊ុនតំបន់កំពង់ផែស្ងួត Vientiane Logistics Park ចាត់ទុកគម្រោងនេះថាជាឱកាស ផ្ដល់ជា មធ្យោបាយដឹកជញ្ជូនមួយ ធ្វើឱ្យការដឹកជញ្ជូនទំនិញ ពិសេស កសិផលពីកម្ពុជាទៅប្រទេសចិននឹងចំណាយពេល វេលាខ្លី ជាងបច្ចុប្បន្ន និងនីតិវិធីងាយស្រួលទៀតផង។ នោះក៏ព្រោះតែឡាវ មានប្រព័ន្ធផ្លូវដែកតភ្ជាប់ផ្ទាល់ទៅ កាន់ប្រទេសចិន ក្រោមគម្រោង «ខ្សែក្រវាត់មួយ ផ្លូវមួយ»។
កំពង់ផែស្ងួត Vientiane Logistics Park បានបង្ហាញដល់ គណៈប្រតិភូ កម្ពុជា ផងដែរ អំពីគម្រោងវិនិយោគដោយ ទុននៅក្នុង ស្រុករបស់ខ្លួនដែលមានក្នុងទំហំទឹកប្រាក់ប្រមាណជាង៧០០លានដុល្លារក្នុងការតភ្ជាប់ផ្លូវដែកពីប្រទេសឡាវទៅប្រទេសចិន និង ប្រទេស ក្នុងតំបន់អាស៊ាន និងពីឡាវទៅប្រទេសនៅប៉ែកអឺរ៉ុប មាន អាល្លឺម៉ង់ជាដើម។ គម្រោងនេះនឹងធ្វើឱ្យប្រទេសឡាវ ដែលគ្មាន កំពង់ផែសមុទ្រមានផ្លូវគមនាគមន៍ដឹកជញ្ជូនភ្ជាប់ទៅកាន់ពិភពលោក គឺLand locked to land linked។៕ ដោយ៖ ជា សុខនី