ធនាគារនៅលីបង់ប្រកាសបិទទ្វារ ក្រោយពលរដ្ឋសម្រុក គំរាមដក ប្រាក់ចេញ
លីបង់៖ វិបត្តិសេដ្ឋកិច្ចដុនដាបនៅប្រទេសលីបង់កំពុងធ្វើឱ្យមានភាព ចលាចល ក្នុងវិស័យហិរញ្ញវត្ថុ។ ធនាគារនៅលីបង់ កំពុងត្រៀមបិទទ្វារ បណ្តោះអាសន្នចាប់ពីថ្ងៃចន្ទទី១៩ ខែកញ្ញា ឆ្នាំ២០២២តទៅ បន្ទាប់ពីប្រជាជននាំគ្នាសម្រុកដកប្រាក់យ៉ាងអនាធិបតេយ្យ។
វិស័យហិរញ្ញវត្ថុនៅប្រទេសលីបង់កំពុងជួបភាពច្របូលច្របល់យ៉ាងខ្លាំង ដោយសារប្រជាពលរដ្ឋជាច្រើនបានសម្រុកដកប្រាក់។
បើតាមសារពត៌មាន Al Jazeera មានធនាគារចំនួនប្រាំបី ក្នុងក្រុង បេរូត និងតំបន់ជាច្រើនផ្សេងទៀត បានសម្រុកចូលទាមទារដកប្រាក់ បញ្ញើដល់គ្រឹះស្ថានធនាគារ នៅថ្ងៃសុក្រទី១៦ ខែកញ្ញា។ នេះជាការ ដាក់សម្ពាធហិរញ្ញវត្ថុលីបង់ដែលកំពុងមានវិបត្តិធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន។
បន្ថែមពីការដាក់សម្ពាធហិរញ្ញវត្ថុ ចលនាដកប្រាក់យ៉ាងគំហុកពី ប្រជាជន នេះ កំពុងបង្កឱ្យក្តីបារម្ភពីបញ្ហាសន្តិសុខ និងបង្ខំឱ្យ សមាគមហិរញ្ញវត្ថុលីបង់សម្រេចប្រកាសបិទទ្វារដំណើរការគ្រឹះស្ថានធនាគារគ្រប់សាខាទាំងអស់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២តទៅ។ ប្រជាពលរដ្ឋលីបង់ដែលអស់សង្ឃឹមលើការស្តារសេដ្ឋកិច្ចឡើងវិញ បានសម្រុកចូលដកប្រាក់បញ្ញើ ដោយបង្ខំ ប្រទាញប្រទុងយ៉ាង អនាធិបតេយ្យ។ បើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មាន ឧប្បត្តិហេតុភ្ជង់កាំភ្លើងសំដៅក្នុងអគារគ្រឹះស្ថានធនាគារយ៉ាងកម្រោលផង។
អស់រយៈពេលជាងពីរឆ្នាំកន្លះហើយដែលធនាគាររបស់ប្រទេសលីបង់ បានដាក់កម្រិតលើប្រាក់បញ្ញើជារូបិយប័ណ្ណបរទេស ជាពិសេស ប្រាក់ដុល្លារអាមេរិក ដោយតម្រូវប្តូរទៅជារូបិយបណ្ណជាតិជា មុន សិន។ នៅតាមធនាគារក៏បានកំណត់តឹងរ៉ឹងលើការដកប្រាក់រូបិយបណ្ណលីបង់ផងដែរ បន្ទាប់ពីតម្លៃប្រាក់ផោនលីបង់ធ្លាក់ចុះថោកដល់ទៅ ៩៥ ភាគរយ គិតនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២២។ រីឯតម្លៃទំនិញ ឡើងថ្លៃកប់ពពក ក្រុមហ៊ុនសហគ្រាស បានបិទទ្វារបញ្ឈប់បុគ្គលិក ជាបន្តបន្ទាប់។
លីបង់បានឆ្លងកាត់វិបត្តិសង្គម និងសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត ប្រមាណ បី ឆ្នាំមកហើយ។ ៨០ភាគរយ នៃប្រជាជន រស់នៅក្រោម បន្ទាត់នៃ ភាពក្រីក្រ។ កាលពីខែតុលា ឆ្នាំ២០១៩ ប្រជាជនលីបង់ បានបះបោរ ធ្វើបាតុកម្មទូទាំងប្រទេស ដើម្បីប្រឆាំងនឹងក្រុមបក្ខ ពួកនយោបាយ កាន់អំណាចរាប់សិបឆ្នាំ តែបែរប្រទេសកាន់តែក្រីក្រ ជីវភាពប្រជាជន កាន់តែលំបាក។ សេវាសាធារណៈ ទឹក ភ្លើង មន្ទីរពេទ្យ រដ្ឋគ្មាន លទ្ធភាព ធានា។ កាលនៅឆ្នាំ២០២០ រដ្ឋាភិបាលលីបង់បានប្រកាស មិនអាចសងបំណុលបរទេសបាន៕ ដោយ៖បណ្ដូល ពេជ្រ