សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ច្រានចោលរបាយការណ៍របស់ BMZ
ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ កម្ពុជា នៅក្នុងសេចក្ដីថ្លែងការណ៍រួម ចុះថ្ងៃទី១៦ ខែកញ្ញាឆ្នាំ ២០២២ បានច្រាន ចោលរបាយការណ៍ស្រាវជ្រាវមួយ ស្តីពី មីក្រូហិរញ្ញវត្ថុ នៅកម្ពុជា៖ ការអភិវឌ្ឍ បញ្ហាប្រឈម និង អនុសាសន៍នានា» ក្រោមការគាំទ្ររបស់ក្រសួងសហព័ន្ធអាល្លឺមង់ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (BMZ)។ ជារបាយការណ៍ ដែលលើកឡើងតែពីផលអវិជ្ជមានចំពោះប្រជាពលរដ្ឋ ថាត្រូវបាត់ បង់ដីធ្លី ដើម្បីសងឥណទាន។
នៅក្នុងរបាយការណ៍សិក្សាស្រាវជ្រាវរបស់ BMZ លើកឡើងពី ករណី អវិជ្ជមានមួយចំនួន ទាក់ទងនឹងការវាយតម្លៃឥណទាន ការផ្សព្វផ្សាយយ៉ាងសម្បើម និងការលក់ដីធ្លីសម្រាប់សងឥណទាន ជាដើម។ ប៉ុន្តែចំពោះការលក់ដីធ្លីដែលសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រកឃើញ គឺមានប្រមាណ ១,២ ភាគរយ ប៉ុណ្ណោះក្នុងមួយឆ្នាំ។
សេចក្ដីថ្លែងការណ៍រួមបានបញ្ជាក់យ៉ាងច្បាស់ថា៖ «មិនមែនរាល់ការ លក់ដីធ្លីទាំងនោះ សុទ្ធតែតំណាងឱ្យការក្ស័យធន់ផ្នែកសេដ្ឋកិច្ច និងសង្គមរបស់គ្រួសារអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែមួយចំណែក ពាក់ព័ន្ធនឹងការវិវត្តនៃតម្លៃដីធ្លីក្នុងប្រទេសកម្ពុជាផងដែរ»។
ចំណែកវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក៏បានលើកឡើងពីការ ចូលរួម ចំណែកជាវិជ្ជមានផងដែរអំពីឥណទានដល់អតិថិជន ដោយអះអាងថា វាមិនមែនជាហេតុផលចម្បង ដែលនាំឱ្យមាន ពលកម្មកុមារ ឬការធ្វើចំណាកស្រុកនោះទេ។ ផ្ទុយទៅវិញ អតិថិជនឥណទានភាគច្រើនទទួលផលវិជ្ជមានជាច្រើន រួមមានការកើនឡើងប្រាក់ចំណូល និងកម្មសិទ្ធិដីធ្លីជាដើម។
ក្នុងសេចក្ដីថ្លែងការណ៍រួមរបស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបន្ថែមថា៖ «សមាគមទាំងពីរ ពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះស្ថាប័នមួយចំនួន ដែលបានផ្សព្វផ្សាយជាសាធារណៈក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ដោយផ្តោតសំខាន់តែលើទិដ្ឋភាពអវិជ្ជមាន ដោយមិនបានបង្ហាញនូវ ខ្លឹមសារសំខាន់រួមក្នុងរបាយការណ៍សិក្សា ដែលជាហេតុបណ្តាល ឱ្យមានការភ័ណច្រឡំក្នុងចំណោមសាធារណៈមតិ»។
កន្លងមកអង្គការលីកាដូ អង្គការសមធម៌កម្ពុជា និងអង្គការ FIAN បានចេញសេចក្តីថ្លែងការណ៍រួម ទាក់ទិននឹងស្ថានភាពបញ្ហា បំណុល របស់ពលរដ្ឋកម្ពុជា ជាមួយនឹងបណ្តាគ្រឹះស្ថាន ភាពមីក្រូហិរញ្ញវត្ថុ ទាំងឡាយនៅកម្ពុជា ដែលចុះផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។
សេចក្តីថ្លែងការណ៍រួមនោះ មានចំណងជើងថា «ការសិក្សាដែល ផ្តល់ជំនួយដោយរដ្ឋាភិបាលអាល្លឺម៉ង់ បង្ហាញពីបញ្ហាធ្ងន់ធ្ងរ ក្នុងវិស័យមីក្រួហិរញ្ញវត្ថុនៅកម្ពុជា» លើកឡើងអំពីការព្រួយបារម្ភ នៃស្ថានភាពអាក្រក់នៃការរីករាលដាលបញ្ហាជំពាក់បំណុលច្រើនលើសលប់នៅកម្ពុជា ដែលនាំឲ្យមានការលក់ដីដោយបង្ខំជាច្រើនករណី ព្រមទាំងមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
សូមបញ្ជាក់ថា គិតត្រឹមត្រីមាសទី២ នៃឆ្នាំ២០២២ វិស័យមីក្រូ ហិរញ្ញវត្ថុ ដោយមិនរាប់បញ្ចូលធនាគារ បានផ្តល់ឥណទានសរុបរវង្វង់ ៨,៧ពាន់លានដុល្លារ ដល់អតិថិជនសរុបជិតពីរលាននាក់ ខណៈ ប្រាក់ បញ្ញើបានកើនឡើងដល់ប្រមាណ ៤,៦ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ដែលផ្តល់ដោយសមាគមគ្រឹះស្ថានមីក្រួហិរញ្ញវត្ថុកម្ពុជា៕
ដោយ៖ជា សុខនី