ជនសង្ស័យចំនួន ០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងរឹបអូសគ្រឿងញៀនជិត ៨គីឡូក្រាម
ភ្នំពេញ៖ ដោយអនុវត្តតាមបញ្ជារបស់ ឯកឧត្តមនាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីវេលាម៉ោង០០ និង២០នាទី ថ្ងៃទី១៦ កញ្ញា ២០២២ កម្លាំងជំនាញ (ក៣) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ប្រុញ សាន, លោកឧត្តមសេនីយ៍ទោ ភឹម ច័ន្ទតារ៉ានាយករងមន្ទីរ មានការចូលរូមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្រលសម្រួលដោយលោក ទី មុនិន្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានធ្វើការបង្រ្កាបនៅ០៣ដោលដៅផ្សេងគ្នា។ នេះបើយោងតាមសមត្ថកិច្ច ឱ្យដឹងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ។
សមត្ថកិច្ចជំនាញបានឱ្យដឹងថា ក្នុងប្រតិបត្តការចុះបង្ក្រាបនេះ គឺមានចំនួន ០៣ដោលដៅផ្សេងគ្នា ក្នុងនោះ គោលដៅទី១: នៅចំណុច ផ្លូវ២៨៨ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ទូច កុងហ៊ាង និងគ្រឿងញៀនប្រមាណជាង ៥គីឡូ។ គោលដៅទី២: នៅចំណុច ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងថ្នាំញៀនប្រមាណជាង ១គីឡូ។ ទី៣: ឆែកឆេរ ក្នុងបន្ទប់របស់ឈ្មោះ ទូច កុកហ៊ាង លេខ២១០៣ ជាន់ទី២១ សណ្ឋាគារ អអេន ហ្វេស ផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃើញមានសំភារ:កែច្នៃ និងថ្នាំញៀនមួយចំនួន។
សមត្ថកិច្ចជំនាញ ក៏បានបញ្ជាក់ទៀតថា ចំពោះលទ្ធផលវិញ កម្លាំងសមត្ថកិច្ចជំនាញ ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ទី១: ឈ្មោះ ទូច កុកហ៊ាង ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ។ និងទី២: ឈ្មោះ ហុង ស្រេងភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ។ រួមជាមួយវត្ថុតាងចាប់យកបាន រួមមាន៖ កេតមីន(KETAMIN) ទម្ងន់សុទ្ធ ២៩៦ក្រាម។ អុិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ ៧គីឡូ និង ៥១២.៦៩ក្រាម។ ដោយសរុប សារធាតុញៀន ៧ គ.ក្រ ៨០៨.៦៩ក្រាម។ ជាសារធាតុគីមី ៣ គ.ក្រ ៣៦៥.២ក្រាម។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងដែលចាប់ដកហូតបបានខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធី ៕ ដោយ៖ ឆៃហួត និងប៊ុនធី