អ្នកឃ្លាំមើលចង់ឃើញការបង្រ្កាបល្បែងស៊ីសងគ្រប់រូបភាពដោយមិនមានការយោគយល់ និងបក្ខពួកនិយម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អ្នកឃ្លាំមើលសង្គមបានសម្តែងនូវការយល់ឃើញ របស់ខ្លួន ជាបន្តបន្ទាប់ទាក់ទងទៅនឹងល្បែងស៊ីសងខុសច្បាប់ និងស្របច្បាប់ មួយចំនួន ដែលកំពុងរីកស្គុះស្គាយនៅក្នុងសង្គមកម្ពុជា។ ប្រតិកម្ម របស់ ពួកគេ គឺចង់ឃើញការបង្រ្កាបបទល្មើសល្បែងស៊ីសងទាំងនោះ ដោយវិធានការក្តៅ មិនមានការយោគយល់ និងបក្ខពួកនិយម។

លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គម បាន លើក ឡើងថា ការដែលបើកឲ្យមានល្បែងស៊ីសង នៅក្នុងប្រទេស កម្ពុជាគឺជាគ្រោះថ្នាក់មួយក្នុងសង្គមដែលអាចឲ្យអ្នកលេងទាំងអស់នោះឈានទៅប្រព្រឹត្តនូវបទល្មើស ឆក់ប្លន់ជាដើម។

អ្វីដែលលោក សន ជ័យ ចង់ឃើញនោះគឺការបង្រ្កាបបទ ល្មើស ល្បែងស៊ីសង ដោយមានផែនការច្បាស់លាស់ ហើយការបង្រ្កាប ត្រូវធ្វើឡើងដោយមិនយោគយល់។ លោកថា ៖ «យើងដឹងហើយ ល្បែងឆ្នោតកន្ទុយលេខចំនួន ក៏មានអ្នកកាងពីក្រោយដែរហើយ គួរតែស៊ើបអង្កេតដើម្បីយកជនដែលនៅពីក្រោយល្បែងស៊ីសងមកផ្តន្ទាទោសដែរ»។

រីឯលោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីផ្នែកអប់រំ វប្បធម៌ ទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជាវិញលើកឡើងថា៖ «សម្រាប់ខ្ញុំធ្វើអ្វីក៏ ដោយ ត្រូវគោរពតាមនីតិវិធីច្បាប់។កាលណាធ្វើខុសពីច្បាប់នោះ ប្រជាពលរដ្ឋនឹងមិនអស់ចិត្តទេ»។

ការលើកឡើងរបស់អ្នកឃ្លាំមើលសង្គមបែបនេះ គឺបន្ទាប់ពីប្រមុខ រដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ
មន្រ្តីកម្ពុជាបានចេញបទបញ្ជាដាច់ខាតមួយនៅថ្ងៃសៅរ៍ទី១៧ខែកញ្ញានេះឲ្យអាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាបឲ្យអស់នូវ កន្លែងលែងល្បែង ស៊ីសងខុសច្បាប់។ ការដាក់បញ្ជានេះ ក៏ព្រោះតែល្បែងស៊ីសង មួយ ចំនួនជាពិសេសល្បែងឡូតូ កំពុងសាយភាយស្ទើរតែគ្រប់ ទីកន្លែង នៅក្នុងប្រទេស។

បើតាមសម្តេចតេជោ ហ៊ុន សែន បើសិនជាអាជ្ញាធរមូលដ្ឋានមិន បង្រ្កាបសកម្មភាពល្បែងស៊ីសងនោះទេនោះ សម្តេចនឹងដកមន្ត្រីទាំង នោះចេញពីតំណែង ដោយគិតចាប់ពីថ្នាក់អភិបាលខេត្ត។

សម្តេចតេជោបានបញ្ជាក់ថា៖ «ខ្ញុំមិនញញើតដៃជាមួយនឹងការ ដក ចោលចេញពីមុខតំណែងជាមួយ អភិបាលខេត្ត ឬអភិបាលរង ឬ អភិបាលស្រុក ឬក៏ឋានៈនាយទាហាន នគរបាល អាវុធហត្ថចាប់ពី ស័ក្តិ៥ឡើង លើ។ ខ្ញុំនឹងចេញអនុក្រឹតដើម្បីបញ្ចប់ ភារកិច្ចចោល តែម្តង»។

សម្តេចតេជោ ហ៊ុន សែន បន្ថែមទៀតថា ៖ «ខ្ញុំគិតថា កន្លែងលេង ល្បែងមួយចំនួនមិនមែនមន្ត្រីមូលដ្ឋានមិនដឹង នោះទេ ទាំងកម្លាំង នគរបាល ឬអាវុធហត្ថ ឬមន្ត្រីរដ្ឋបាលរបស់យើង។ ក៏ប៉ុន្តែបញ្ហាស្ថិត នៅត្រង់ថាអស់លោកមាន ឆន្ទៈធ្វើឬមិនធ្វើឬក៏កន្លែងនោះជាទី កន្លែងនៃការរកប្រាក់របស់អស់លោក។នេះជាចំណុចដែលខ្ញុំគួរ តែត្រូវនិយាយត្រង់ៗ ទៅអស់លោកតែម្តង»៕
ដោយ៖សេក ប្រាក់

ads banner