ប្រតិភូខេត្ត កន្ទូម នៃប្រទេសវៀតណាម អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី
រតនគិរី៖ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ គណៈប្រតិភូ ខេត្តកន្ទូម នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយ លោកស្រី អ៊ី ង៉ុក អភិបាលរងខេត្ត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា នៅគេហដ្ឋាននៃសព ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ គណៈប្រតិភូខេត្តកន្ទូមសូមចូលរួមរំលែកទុក្ខប្រកបដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី និងជាសមាជិកគណៈកម្មការទី៤ នៃរដ្ឋសភា ដែលត្រូវជាស្វាមី ឪពុក ឪពុកក្មេក ជីតាជាទីស្រលាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ល្អប្រពៃ ជាអ្នកស្នេហាជាតិ សាសនា និងបានរួមសុខរួមទុក្ខជាមួយបងប្អូនជនជាតិជារៀងរហូត ព្រមទាំងបានធ្វើពលិកម្មដើម្បីរួមចំណែករំដោះជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងកសាងប្រទេសជាតិឡើងវិញរហូតទទួលបានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ។
ឯកឧត្តម ប៊ូ ឡាំ បានទទួលមរណភាព កាលពីថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១២:១២នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។ សពរបស់ឯកឧត្តមត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា និងជនជាតិដើម នៅគេហដ្ឋានភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ប៊ូ ឡាំ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ គតិ យុត្ត