គណៈប្រតិភូអគ្គលេខាធិការរដ្ឋសភា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី
រតនគិរី ៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ គណៈប្រតិភូអគ្គលេខាធិការរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម មិត្ត ការ៉េន អគ្គលេខាធិការរងរដ្ឋសភា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា នៅគេហដ្ឋាននៃសព ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម មិត្ត ការ៉េន សូមចូលរួមរំលែកទុក្ខប្រកបដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី និងជាសមាជិកគណៈកម្មការទី៤ នៃរដ្ឋសភា ដែលត្រូវជាស្វាមី ឪពុក ឪពុកក្មេក ជីតាជាទីស្រលាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ល្អប្រពៃ ជាអ្នកស្នេហាជាតិ សាសនា និងបានរួមសុខរួមទុក្ខជាមួយបងប្អូនជនជាតិជារៀងរហូត ព្រមទាំងបានធ្វើពលិកម្មដើម្បីរួមចំណែករំដោះជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងកសាងប្រទេសជាតិឡើងវិញរហូតទទួលបានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ។
ឯកឧត្តម ប៊ូ ឡាំ បានទទួលមរណភាព កាលពីថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១២:១២នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។ សពរបស់ឯកឧត្តមត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា និងជនជាតិដើម នៅគេហដ្ឋានភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ប៊ូ ឡាំ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ គតិ យុត្ត