រដ្ឋបាលខណ្ឌសែនសុខ បង្ក្រាបទីតាំងល្បែងសីសងខុសច្បាប់ ឃាត់ខ្លួនមនុស្សប្រុសស្រី ១៣នាក់ និងវត្ថុតាងមួយចំនួន
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខដឹកនាំដោយ លោកសាំង សុភក្រវិចិត្រ អភិបាលរងខណ្ឌសែនសុខចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ៤៧ទីតាំងក្នុងរយៈពេលមួយយប់ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១៣នាក់ រួមនិងវត្ថុតាងមួយចំនួន។
ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងល្បែងសីសងខុសច្បាប់ខាងលើនេះធ្វើឡើងកាលពីព្រលប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២រហូតដល់វេលាម៉ោង១២ នឹង៣០យប់រំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ទីតាំងចុងក្រោយមានយីហោចូសុីប៊ីយ៉ាក្ល ដែលស្ថិតនៅក្នុងភូមិស្លែងរល្លើង នៅតាមបណ្តោយផ្លូវណតប្រ៊ីត សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនបានមនុស្សប្រុស ស្រី១៣នាក់ រួមទាំងវត្ថុតាងមួយចំនួន។
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសឲ្យអាជ្ញាធរទាំង២៥ខេត្ត ក្រុងចុះបង្ក្រាបរាល់ទីតាំងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ទូទាំងប្រទេស។
បន្ទាប់ពីទទួលបានសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារបង្រាបការលេងល្បែងសីសងខុសច្បាប់គ្រប់ប្រភេទរបស់រាជរដ្ឋាភិបាលគណៈបញ្ជាការឯកភាពខណ្ឌសែនសុខដឹកនាំកម្លាំងចម្រុះ ដោយ លោក សាំង សុភក្រវិចិត្រ អភិបាលរងខណ្ឌសែនសុខបានចុះធ្វើការបង្ក្រាបចំនួន ៤៦ទីតាំងដោយក្នុងនោះទីតាំងទាំង ៤៦នោះបានបិទទ្វារ ហើយក៏បន្តដឹកនាំកម្លាំងមកធ្វើការឆែកឆេនៅទីតាំងទី ៤៧ ដែលមានយីហោចូស៊ីប៊ីយ៉ាក្លដោយឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន ១៣នាក់ ក្នុងនោះមានស្រីចំនួន ៦នាក់ រួមនិងវត្ថុតាងមួយចំនួន។
បច្ចុប្បន្នមនុស្សប្រុសស្រីទាំង១៣នាក់ រួមទាំងវត្ថុតាង ត្រូវបាននាំទៅអធិការដ្ឋាននគបាលខណ្ឌសែនសុខដើម្បីធ្វើការសាកសួរនាំ នឹងចាត់ការបន្តតាមនីតិវិធីច្បាប់ ដោយឡែកទីតាំងត្រូវបានបិទជាបណ្ដោះអាសន្ន៕
ដោយ៖តុង សីហា