អភិបាលខណ្ឌសែនសុខ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អង្គភាពពាក់ព័ន្ធត្រូវចុះបង្ក្រាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋានខណ្ឌ
ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ និងជាអភិបាលខណ្ឌ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនៅរសៀល ១៧ខែកញ្ញាឆ្នាំ២០២២ បានណែនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អង្គភាពពាក់ព័ន្ធរួមមាន អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង០៦ និងនាយប៉ុស្តិ៍នគរបាលសង្កាត់ទាំង០៦ ក្នុងការជម្រុញ និងបន្តចុះបង្ក្រាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋានខណ្ឌ ។
លោកអភិបាលខណ្ឌបានឱ្យដឹងថា ការចុះបង្រ្កាបល្បែងសុីសងនេះ ត្រូវធ្វើឡើងដូចភ្លៀងរលឹម និងធ្វើជារៀងរាល់ថ្ងៃ ដោយមិនមែនធ្វើតែមួយលើក ឬពីរលើកហើយឈប់នោះទេ ។ ត្រូវកត់សម្គាល់ និងឃ្លាំមើលទីតាំងដែលបង្កប់ល្បែងសុីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដើម្បីចុះបង្រ្កាបឱ្យបានទាន់ពេលវេលា និងចាត់វិធានការតាមច្បាប់ ដោយមិនមែនចុះទៅគ្រាន់តែណែនាំនោះទេ ។
ក្រោយពីកិច្ចប្រជុំបានបញ្ចប់ គណៈបញ្ជការឯកភាពរដ្ឋបាលខណ្ឌ ដឹកនាំដោយលោកអភិបាលខណ្ឌ លោកអភិបាលរងខណ្ឌបានបែងចែកកម្លាំងចុះតាមគោលក្នុងមូលដ្ឋានសង្កាត់ទាំង០៦ ដោយបង្រ្កាបបានទីតាំងមួយចំនួន និងបន្តចុះបង្រ្កាបជាបន្តបន្ទាប់ទៀត ដើម្បីចូលរួមពង្រឹងអនុវត្តភូមិ-សង្កាត់មានវត្ថិភាព និងស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
លោកអភិបាលខណ្ឌក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមចូលរួមសហការរាយការណ៍ ដើម្បីបង្រ្កាបបទល្មើសល្បែងសុីសងក្នុងមូលដ្ឋានឱ្យទទួលបានជោគជ័យបន្ថែមទៀត ៕
ដោយ៖តុង សីហា