កម្ពុជាបញ្ជូននិស្សិតកសិកម្មចំនួន ១៧១៩នាក់ បានទៅហាត់ការនៅ អ៊ីស្រាអែល គិតចាប់ពីឆ្នាំ ២០០៨ មក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គិតតាំងពីឆ្នាំ២០០៨ មកដល់ពេលបច្ចុប្បន្ន តាមរយៈកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា ដែលមានសាកលវិទ្យាល័យភូមិន្ទកសិកម្ម ជាមួយក្រុមហ៊ុន Agrostudies របស់អ៊ីស្រាអែល កម្ពុជាបានបញ្ជូននិស្សិតទៅហាត់ការនៅប្រទេសអ៊ីស្រាអែល មានចំនួន ១ ៧១៩នាក់ ដើម្បីសិក្សាផ្នែកកសិកម្ម។ នេះបើតាមការលើកឡើងនៅក្នុងហ្វេសប៊ុក របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២២។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្ដម វេង សាខុន ចូលរួមក្នុងកម្មវិធីសំណេះសំណាល ជាមួយនិស្សិតកសិកម្មចំនួន២៥០នាក់ ដែលនឹងទៅហាត់ការនៅ ប្រទេសអ៊ីស្រាអែល សម្រាប់ឆ្នាំ ២០២២-២០២៣។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការទៅហាត់ការនៅប្រទេសអ៊ីស្រាអែលនេះ គឺជាឱកាសល្អសម្រាប់សិស្សនិស្សិត ក្នុងការអភិវឌ្ឍសមត្ថភាពខ្លួនតាមរយ:ការសិក្សាទ្រឹស្តី និងហាត់ការផ្ទាល់នៅក្នុងមន្ទីរពិសោធន៍ រោងចក្រកែច្នៃ ចម្ការបន្លែ ផ្លែឈើ និងពូជដំណាំ ថ្នាលពិសោធន៍ និងកសិដ្ឋានទំនើបៗដែលពាក់ព័ន្ធនឹងវិស័យផលិតកម្មកែច្នៃ បង្កាត់ពូជ វារីវប្បកម្ម ផលិតកម្មសត្វ និងទឹកដោះ និងសាកវប្បកម្ម។

លោកបានណែនាំឱ្យសិស្សនិស្សិត ត្រូវខិតខំរៀនសូត្រទាំងទ្រឹស្តី និងប្រតិបត្តិ ចែករំលែកបទពិសោធន៍ ប្រកាន់ខ្ជាប់នូវក្បួនច្បាប់ វិន័យ សីលធម៌ វប្បធម៌ ប្រពៃណី ទំនៀម ទម្លាប់ ត្រូវមានអំណត់ អត់ធន់ដើម្បីអភិវឌ្ឍ និងកសាងខ្លួនឯងឲ្យក្លាយជានិស្សិតឆ្នើម និងមានតម្លៃរួចបំពេញប្រយោជន៍ឲ្យខ្លួនឯង ជាពិសេសសង្គមជាតិក្រោយពីត្រឡប់មកមាតុភូមិវិញ។

លោកមានប្រសាសន៍ដូច្នេះថា៖ «ប្រទេសជាតិត្រូវការធនធានមនុស្សផ្នែកវិស័យកសិកម្ម ដែលមានសក្តានុពលទាំងចំណេះជំនាញ និងបទពិសោធន៍ដែលបានក្រេបជញ្ជក់ពីប្រទេសអ៊ីស្រាអែល ហើយពិតណាស់ក្មួយៗត្រូវឆ្លៀតយកឱកាសដ៏ល្អនេះ ខិតខំរៀនសូត្រ ស្រូបយកនូវរាល់ចំណេះ ជំនាញដែលជាទុនពុទ្ធិយ៉ាងរឹងមាំ ដើម្បីរួមគ្នាគិតគូរ ដោះស្រាយឲ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព ឈានឆ្ពោះទៅធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា»។

កម្មវិធីហាត់ការនៅប្រទេសអ៊ីស្រាអែលនេះ មានរយៈពេល១១ ខែ ក្នុងគោលបំណង លើកកម្ពស់ការអប់រំទាំងផ្នែកទ្រឹស្តី និងការអនុវត្តផ្ទាល់ដល់និស្សិត។

លោក ង៉ោ ប៉ុនថាន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានប្រាប់ទីភ្នាក់ថារព័ត៌មាន CPA ថា សិស្សនិស្សិតដែលបានបញ្ចប់ការហាត់ការនៅអ៊ីស្រាអែល ភាគច្រើនបានយកចំណេះជំនាញ និងបទពិសោធន៍ ពីការធ្វើការកសិកម្មនៅអ៊ីស្រាអែលយកមក បង្កើតជាអាជីវកម្មដោយខ្លួនឯង។

លោកថ្លែងដូច្នេះថា៖ «ពីដំបួងៗមិនសូវឃើញផលជះប៉ុន្មានទេ ប៉ុន្តែឥឡូវចាប់ផ្តើមមានផលវិជ្ជមានហើយ គឺមាននិស្សិតយើងមួយចំនួន គឺគាត់អាចបង្កើតអាជីវកម្មដោយខ្លួនឯង ដូចជាគាត់ទៅអ៊ីស្រាអែល គាត់ធ្វើការងារផ្នែកបណ្តុះផ្សិត ដូច្នេះពេលគាត់មកវិញបង្កើតជាកសិដ្ឋានបណ្តុះផ្សិតដ៏ធំ ហើយមួយចំនួនទៀតគាត់ចិញ្ចឹមសត្វ មួយចំនួនទៀតគាត់ធ្វើអាជីវកម្មនាំបន្លែក្នុងផ្ទះសំណាញ់»។

លោកបន្តថា គោលបំណងធំក្នុងការបញ្ជូនសិស្សនិស្សិតទៅបណ្តុះបណ្តាលនេះ គឺឆ្តោះទៅសហការជាមួយវិស័យឯកជន ដើម្បីឱ្យសិស្សមានឱកាសធ្វើការក្នុងក្រុមហ៊ុនផ្នែកកសិកម្មធំៗ និងឱ្យពួកគេក្លាយជា សហគ្រិនកសិកម្ម ដែលមានជំនាញច្បាស់លាស់។
លោកថ្លែងដូច្នេះថា៖ «គោលដៅបណ្តុះបណ្តាល យើងចង់ចូលរួមបង្កើនសេដ្ឋកិច្ចយើងឱ្យលឿន គឺយើងបណ្តុះបណ្តាលកសិកម្មរបស់យើងឱ្យក្លាយជាសហគ្រិនភាពផ្នែកកសិកម្ម ដូច្នេះយើងងាកទៅកសិធុរកិច្ចឱ្យបានច្រើន តាមលទ្ធភាពដែលយើងអាចធ្វើបាន»។
លោកបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនធំៗ ដែលកំពុងធ្វើការងារផ្នែកកសិកម្ម បានមកសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីផ្តល់ការងារដល់និស្សិត និងចូលអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

យល់ផ្សេង ពីសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃ រាជបណ្ឌិត្យសភា កម្ពុជា បានលើកឡើងថា និស្សិតដែលបានទៅហាត់ការនៅអ៊ីស្រាអែល ហើយបានត្រឡប់មកកម្ពុជាវិញ មិនទាន់ឃើញទទួលបានលទ្ធផលធំដុំអ្វីនោះទេ។
លោកថ្លែងដូច្នេះថា៖ «ខ្ញុំមិនទាន់ឃើញលទ្ធផលជាដុំកំភួននោះទេ តាមខ្ញុំសង្កេតឃើញ។ ប្អូនៗខ្លះត្រឡប់មកវិញ គាត់ធ្វើការជាលក្ខណៈឯកជនរបស់គាត់ មិនទាន់ឃើញថា មកវិញគាត់ចងក្រងគ្នា ជាក្រុមការងារមួយ ដើម្បីធ្វើអ្វីមួយដែលលេចធ្លោ ខ្ញុំដូចអត់ទាន់បានឃើញទេ»។
ក្នុងរយៈពេល ១១ខែនិស្សិតត្រូវធ្វើការសិក្សានៅក្នុងថ្នាក់មានទ្រឹស្តី ហើយចំពោះមុខវិជ្ជាដែលត្រូវការសិក្សាមានដូចជា ស្តង់ដារកសិកម្មអន្តរជាតិ សេដ្ឋកិច្ចកសិកម្ម ការការពារដំណាំ គម្រោងស្រាវជ្រាវ អភិរក្សធនធានដី មូលដ្ឋានគ្រឹះនៃប្រព័ន្ធស្រោចស្រពបែបទំនើប បច្ចេកទេសក្រោយពេលប្រមូលផលបន្លែ និងផ្លែឈើ ការធ្វើកសិកម្មឈើហូបផ្លែ និង និរន្តរភាពកសិកម្ម។ ចំណែកឯជំនាញដែលបានអនុវត្តនៅកសិដ្ឋានរួមមាន ការចិញ្ចឹមមាន់ សាកវប្បកម្ម ការប្រមូលផល និងការវេចខ្ចប់ ដាំដំណាំផ្កា និងការបណ្តុះផ្សិត៕ ដោយ៖ ហ្វីន ហ្រ្វីដា

ads banner