សម្តេចក្រឡាហោម ស ខេង ផ្តាំផ្ញើឱ្យនិស្សិតទាំងអស់ សាបព្រួសនូវអ្វីដែលជាអរិយធ៌ម វប្បធ៌មល្អរបស់កម្ពុជា ទៅដល់បរទេសឱ្យគេបានដឹងពីកម្ពុជា ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រក្រេបយកចំណេះដឹងមកចូលរួមកសាង និងអភិវឌ្ឍន៍សង្គមជាតិ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យនិស្សិតខ្មែរដែលជាប់អាហារូបករណ៍របស់ រាជរដ្ឋាភិបាលជប៉ុន ក្របខ័ណ្ឌកម្មវិធី “អ្នកដឹកនាំវ័យក្មេង Young Leaders Program” ឆ្នាំ២០២២ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ណែនាំមួយចំនួនមុនទៅបន្តការសិក្សានៅប្រទេសជប៉ុននៅព្រឹកថ្ងៃចន្ទ ទី១៩ខែកញ្ញា ឆ្នាំ២០២២នៅទីស្តីការក្រសួងមហាផ្ទៃ ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះ សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវកោតសរសើរចំពោះនិស្សិតដែលជាប់អាហាររូបការណ៍ទាំង ៥រូប ក្នុងនោះមានមន្ត្រីមកពីក្រសួងមហាផ្ទៃចំនួន ២រូប។ ទន្ទឹមនឹងនោះសម្តេចក្រឡាហោមបានណែនាំឱ្យក្រុមនិស្សិតកម្ពុជាទាំង៥រូប ត្រូវខិតខំថែរក្សាសុខភាព ប្រឹងប្រែងរៀនសូត្រ ដើម្បីក្រេបយកចំណេះដឹង និងបទពិសោធន៍ល្អៗពីប្រទេសជប៉ុនដើម្បីបំរើអង្គភាព និងប្រទេសជាតិទៅតាមចំណេះជំនាញរៀងៗខ្លួន។

តំណាងក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុន ក្របខ័ណ្ឌកម្មវិធី “អ្នកដឹកនាំវ័យក្មេង Young Leaders Program” ឆ្នាំ២០២២ បានអគុណចំពោះ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតឱ្យបេក្ខជនជ័យលាភីទាំងអស់ ចូលគោរពសម្ដែងការគួរសម និងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ដំបូន្មានល្អៗ និងការស្វែងយល់បន្ថែមពីបច្ចុប្បន្នភាពប្រទេសកម្ពុជាដើម្បីជាទុនសម្រាប់ការតម្រង់ទិសនៃការសិក្សានៅប្រទេសជប៉ុនក្នុងពេលដ៏ខ្លីខាងមុខនេះ។

តំណាងក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ បានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការខិតខំប្រឹងប្រែងរៀនសូត្រដកស្រង់បទពិសោធន៍ល្អៗពីប្រទេសជប៉ុនដើម្បីបំរើអង្គភាព និងប្រទេសជាតិទៅតាមចំណេះ ជំនាញរៀងៗខ្លួន។

សូមបញ្ជាក់ថា អាហារូបករណ៍”កម្មវិធីអ្នកដឹកនាំវ័យក្មេង Young Leaders’ Program ជាកម្មវិធីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលជប៉ុនបង្កើតឡើងក្នុងឆ្នាំ២០០១ដើម្បីផ្ដល់ឱកាសដល់មន្ត្រីរាជការវ័យក្មេងបណ្តាប្រទេសនៅអាស៊ីក្នុងការអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងបទពិសោធន៍ការងាររួមចំណែកក្នុងការរៀបចំគោលនយោបាយសាធារណៈ របស់រដ្ឋាភិបាលនៃប្រទេសនីមួយៗព្រមទាំង ពង្រឹងទំនាក់ទំនងមិត្តភាពយ៉ាងជិតស្និទ្ធរវាងប្រទេសជប៉ុន និងបណ្តាប្រទេសផ្សេងៗទៀត ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner