លទ្ធផលសិក្សា៖ ជនមានពិការភាពនៅតែជួបការលំបាកក្នុងការ ទទួល បានសេវាទឹកស្អាតនិងអនាម័យ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ លទ្ធផលសិក្សារួមគ្នាមួយបង្ហាញថា ជនមានពិការភាព នៅកម្ពុជានៅតែជួបការលំបាកក្នុងការទទួលសេវាទឹកស្អាត និង អនាម័យនៅក្នុងគ្រួសារ ហើយស្ត្រីមានពិការភាពបានក្លាយជាជន ងាយរងគ្រោះដែលពិបាកក្នុងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យ។

ការសិក្សារួមគ្នារវាងអង្គការ Water Aid កម្ពុជា សហការជាមួយ សកលវិទ្យាល័យអនាម័យនិងវេជ្ជសាស្ត្រត្រូពិកនៃទីក្រុងឡុងដ៍ (LSHTM) ផ្សារភ្ជាប់គោលការណ៍ ណែនាំថ្នាក់ជាតិស្ដីពីកម្មវីធី ផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យសម្រាប់ជនមានពិការ ភាពជាមួយនឹងការអនុវត្តបទពិសោធន៍ពីប្រទេសកម្ពុជា។ លទ្ធផលនៃការសិក្សានេះ ត្រូវបានលើកមកធ្វើបទបង្ហាញ នៅក្នុងសិក្ខាសាលាមួយនៅថ្ងៃទី១៥ខែកញ្ញា នៅភោជនីយ ដ្ឋានទន្លេបាសាក់២។

កញ្ញា ងួន សុភកណិកា ទីប្រឹក្សាបច្ចេកទេសឯករាជ្យរបស់គម្រោង សិក្សានៃអង្គការ Water Aid ថ្លែងថា ជនមានពិការភាពជាច្រើនមិន បានលាងសម្អាតរាងកាយឲ្យបានញឹកញាប់ តាមដែលពួកគេចង់បាន នោះទេ ដោយត្រូវពឹងផ្អែកលើអ្នកថែទាំដូចជា៖ សកម្មភាពងូតទឹក ការប្រើប្រាស់បន្ទប់ទឹក និងការបោកគក់សម្លៀកបំពាក់ជាដើម។
កញ្ញាបន្ថែម៖ «ក្រុមគោលដៅដែលបានផ្ដល់បទសម្ភាស លើកឡើង ថា ពួកគេចង់បានបង្គន់ធំជាងនេះដើម្បីឲ្យរទេះរុញ អាចចូលទៅក្នុង បន្ទប់ទឹក ខណៈបន្ទប់កំពង់ប្រើប្រាស់ពុំមានជម្រាល បង្កភាពងាយ ស្រួល ហើយមួយវិញទៀតបញ្ហាប្រឈមមានជាប់ពាក់ព័ន្ធ នឹងការ ខ្វះខាតថវិកាដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនិងអនាម័យ»។

ជាមួយគ្នានេះ លោកស្រីផេង ប៉ារ៉ូហ្ស៊ីន ប្រធានគម្រោងកម្មវិធីលើក កម្ពស់បរិយាប័ន្ននៃអង្គការ Water Aid បានគូសបញ្ជាក់ថា លទ្ធភាពប្រើប្រាស់សេវាទឹកស្អាត និងអនាម័យសម្រាប់ជនមាន ពិការភាពនៅមានកម្រិតទាប ហើយមានព័ត៌មានតិចតួចប៉ុណ្ណោះ ដែលអ្នកថែទាំជនមានពិការភាពទទួលបានជំនួយ។

លោក វិន វិចិត្រ មានពិការភាពភ្នែកថ្លែងថា លោកប្រឈមនឹងបញ្ហា អនាម័យជាងប្រឈមនឹងកង្វះទឹកស្អាត។ លោកថា៖ «ទាក់ទង ទឹកស្អាត ខ្ញុំអត់ចោទជាបញ្ហាទេ តែបើបញ្ហាអនាម័យ ខ្ញុំជួបប្រទះខ្លះៗ ដោយសារតែខ្ញុំមើលអត់ឃើញ ហើយទៅទីកន្លែងសាធារណៈអី យើង អត់អាចដឹងភ្លាមៗបានទេ ថាបន្ទប់ទឹកហ្នឹងមានអនាម័យអត់»។

លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងកិច្ចអតីតយុទ្ធជន និងយុវនីតិ សម្បទាឲ្យដឹងថា ជនមានពិការភាពនៅទូទាំងប្រទេសកម្ពុជា មានចំនួនប្រមាណ៦០ម៉ឺននាក់។ សម្រាប់គោលនយោបាយលើកកម្ពស់សិទ្ធិជនមានពិការភាព លោកអះអាងថា ក្រសួងកំពុងយកចិត្តទុកដាក់ជំរុញទៅ គ្រប់ ស្ថាប័នពាក់ព័ន្ធមិនថា រដ្ឋឬឯកជនឡើយលៃលកធ្វើយ៉ាងណា បង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព។

លោកថា៖ «ជាក់ស្ដែងយើងជំរុញឲ្យគ្រប់ស្ថាប័នទាំងអស់ ធ្វើ ជម្រាល ព្រោះកន្លែងខ្លះ ជនមានពិការភាពទៅរកសេវា គាត់ការលំបាក ជន មានពិការភាពមានសិទ្ធិអាទិភាពក្នុង ការប្រើប្រាស់ចំណត យើងក៏ បានជំរុញឲ្យស្ថាប័នរដ្ឋត្រូវទទួល ជនមានពិការភាពប្រមាណ២ ភាគរយចូលធ្វើការ រីឯស្ថាប័នឯកជនត្រូវទទួលជនពិការ ប្រមាណ ១ភាគរយ ចូលធ្វើការ»។

ដោយឡែក ចំពោះការយកចិត្តទុកដាក់លើបញ្ហាទឹកស្អាតនិង អនាម័យដល់ជនមានពិការភាពវិញ លោក តូច ចាន់នី អះអាងថា ជាការទទួលខុសត្រូវរបស់ក្រសួងអភិវឌ្ឍជនបទ។ ក្រសួងអភិវឌ្ឍន៍ជនបទកាលពីឆ្នាំ២០១៧ បានអនុម័តគោលការណ៍ ណែនាំជាតិស្ដីពីការលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យសម្រាប់ជនមានពិការភាពនិងមនុស្សចាស់។ លោកបន្ថែមថា៖ «ខ្ញុំឃើញ ថា ក្រសួងអភិវឌ្ឍជនបទខិតខំធ្វើរឿងនេះទាក់ទងបញ្ហា ទឹកស្អាតនិងអនាម័យសម្រាប់ជនមានពិការភាព តែបើយើង ពិនិត្ យឲ្យបានមែនទែនទៅមិនថា ជនមានពិការភាពឬជនមិនពិការ នោះទេមួយចំនួន នៅតែប្រឈមបញ្ហាកង្វះទឹកស្អាត ប្រើប្រាស់ដូច តែគ្នាទេ»។

លោកវេជ្ជបណ្ឌិត លន់ តាយសេង ប្រធាននាយកដ្ឋានថែទាំសុខភាព ជនបទនៃក្រសួងអភិវឌ្ឍជនបទទទួលស្គាល់ថា ការគាំទ្រដល់ជន មានពិការភាពក្នុងវិស័យទឹកស្អាតនិងអនាម័យពិតជាសំខាន់ ហើយ ឆ្លើយតបនឹងគោលនយោបាយលើកកម្ពស់ទឹកស្អាតនិងអនាម័យរបស់រដ្ឋាភិបាល។ លោកថា៖ «បច្ចុប្បន្នក្រសួងអភិវឌ្ឍជនបទកំពុងយក ចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាដាក់បញ្ចូលទឹកស្អាត និងអនាម័យ ប្រកបដោយបរិយាប័ន្នសម្រាប់ជនមានពិការភាព ដោយសារជន មានពិការភាពជាក្រុមងាយរងគ្រោះ»៕
ដោយ៖អេង រាជនី

ads banner