ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលជួបពិភាក្សាការងារជាមួយនឹងនាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ

ភ្នំពេញ៖ឯកឧត្តមឧត្តមសេនីយ៍ឯក និងគណៈប្រតិភូអមដំណើរបានអញ្ជើញចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយនឹងឯកឧត្តមនាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា រដ្ឋមន្ត្រីក្រសួងការពារជាតិនៅទីស្តីការក្រសួងការពារជាតិនៃព្រះរាជាណា​ចក្រ​ថៃកាលពីរសៀលថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២២នៅមុនដំណើរនិវត្តន៍មកកាន់មាតុប្រទេសវិញបន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅរាជធានីបាងកក។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលជួបពិភាក្សាការងារជាមួយនឹងនាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ(រូបថងហ្វេសប៊ុកឯកឧត្តមហ៊ុន ម៉ាណែត)

ប្រភពបានបញ្ជាក់ថា ក្នុងជំនួបនេះឯកឧត្តម ប្រាយុទ្ធ ចាន់អូចា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទព្រមជាមួយ នឹងការផ្តាំផ្ញើសាកសួរសុខទុក្ខជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ពាក់ព័ន្ធនឹង កិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការគាំទ្រនិងធ្វើការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជិតស្និទ្ធនិងកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រភេទទ័ពទាំងបីគ្រប់កម្រិតដែលពិតជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងយូរអង្វែង។

ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រីក៏បានចូលរួមអបអរសាទរចំពោះដំណើរការដោយជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១(16thADMM)កាលពីខែមិថុនាកន្លងទៅនេះនិងបានបញ្ជាក់ផងដែរអំពីការគាំទ្រចំពោះការបំពេញតួនាទីជាប្រធាន​អាស៊ានរបស់កម្ពុជាដោយរាប់ទាំងវិធានការនានានៅក្នុងការដោះស្រាយវិបត្តិនៅ​មីយ៉ាន់ម៉ា ព្រមជាមួយនឹងការជូនពរឱ្យកម្ពុជាបន្តសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមនិងមានសារៈសំខាន់នេះ រហូតដល់ចុងបញ្ចប់ឆ្នាំ២០២២។

ជាការឆ្លើយតបមេបញ្ជាការកងទ័ពជើងគោកកម្ពុជាបានថ្លែងអំណរគុណចំពោះការគាំទ្រដល់ការបន្តពង្រឹងកិច្ចសហប្រតិបត្តិយោធានៃប្រទេសទាំងពីរដែលកាន់តែបន្តរីកចម្រើនទៅមុខដូចដែលឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលសំខាន់ៗដែលកងទ័ពជើង​គោកទាំងពីរសម្រេចបានក្នុងរយៈកាលកន្លងមកនេះទាំងកិច្ចសហការល្អរវាងបណ្តាកងឯកភាពជួរមុខនៅតាមបណ្តោយព្រំដែន,ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាពថ្នាក់យុទ្ធវិធីនិងរវាងយោធិនជាលក្ខណៈបុគ្គលដើម្បីជួយពង្រឹងដល់ការកសាងទំនុកចិត្តតាមរយៈការបង្កើនមនោសញ្ចេតនាស្គាល់គ្នាទៅវិញទៅមកឱ្យបានស្អិតរមួត។ជាងនេះទៀតការភ្ជាប់ទំនាក់ទំនងលើផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សគឺមិនត្រឹមតែធ្វើឡើងសម្រាប់ពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់មនុស្សជំនាន់ក្រោយផងដែរ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលជួបពិភាក្សាការងារជាមួយនឹងនាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ(រូបថងហ្វេសប៊ុកឯកឧត្តមហ៊ុន ម៉ាណែត)

មួយវិញទៀតឯកឧត្តមមេបញ្ជាការកងទ័ពជើងគោកកម្ពុជាក៏បានលើកឡើងផងដែរអំពីការខិតខំចូលរួមចំណែករបស់កងកម្លាំងនៃប្រទេសទាំងពីរក្នុងការកសាង និងពង្រឹងតំបន់ព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍និងបានបញ្ជាក់​ថាសន្តិភាពសន្តិសុខនិងស្ថិរភាពនៅតាមបណ្តោយព្រំដែនគឺពិតជាបានបង្កលក្ខណៈដល់ការដោះដូរពាណិជ្ជកម្មឆ្លងដែនដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារនិងលើកកម្ពស់ជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពថៃ ដែលបានផ្តល់ការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកនិងការសម្របសម្រួលយ៉ាងកក់ក្តៅជូនដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្តោយព្រំដែនព្រមទាំងប្រជាពលករខ្មែរដែលរស់នៅនិងធ្វើការនៅក្នុងប្រទេសថៃក្នុងអំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩៕ ដោយ៖ពលជ័យ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលជួបពិភាក្សាការងារជាមួយនឹងនាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ(រូបថងហ្វេសប៊ុកឯកឧត្តមហ៊ុន ម៉ាណែត)
ads banner