ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ
ថៃ ៖ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក និងគណៈប្រតិភូអមដំណើរ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ នៅមុនដំណើរនិវត្តន៍មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅរាជធានីបាងកក ។
ក្នុងជំនួបនេះ ឯកឧត្តម ប្រាយុទ្ធ ចន្ទអូចា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ព្រមជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការគាំទ្រ និងធ្វើការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រភេទទ័ពទាំងបីគ្រប់កម្រិត ដែលពិតជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងយូរអង្វែង ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរចំពោះដំណើរការដោយជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ (16th ADMM) កាលពីខែមិថុនា កន្លងទៅនេះ និងបានបញ្ជាក់ផងដែរអំពីការគាំទ្រចំពោះការបំពេញតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា ដោយរាប់ទាំងវិធានការនានានៅក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ព្រមជាមួយនឹងការជូនពរឱ្យកម្ពុជាបន្តសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តម និងមានសារៈសំខាន់នេះ រហូតដល់ចុងបញ្ចប់ឆ្នាំ២០២២ ។
ជាការឆ្លើយតប មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានថ្លែងអំណរគុណចំពោះការគាំទ្រដល់ការបន្តពង្រឹងកិច្ចសហប្រតិបត្តិយោធានៃប្រទេសទាំងពីរ ដែលកាន់តែបន្តរីកចម្រើនទៅមុខ ដូចដែលឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលសំខាន់ៗដែលកងទ័ពជើងគោកទាំងពីរសម្រេចបានក្នុងរយៈកាលកន្លងមកនេះ ទាំងកិច្ចសហការល្អរវាងបណ្តាកងឯកភាពជួរមុខនៅតាមបណ្តោយព្រំដែន, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាពថ្នាក់យុទ្ធវិធី និងរវាងយោធិនជាលក្ខណៈបុគ្គល ដើម្បីជួយពង្រឹងដល់ការកសាងទំនុកចិត្តតាមរយៈការបង្កើនមនោសញ្ចេតនាស្គាល់គ្នាទៅវិញទៅមកឱ្យបានស្អិតរមួត។ ជាងនេះទៀត ការភ្ជាប់ទំនាក់ទំនងលើផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស គឺមិនត្រឹមតែធ្វើឡើងសម្រាប់ពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់មនុស្សជំនាន់ក្រោយផងដែរ ។
មួយវិញទៀត ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានលើកឡើងផងដែរអំពីការខិតខំចូលរួមចំណែករបស់កងកម្លាំងនៃប្រទេសទាំងពីរក្នុងការកសាង និងពង្រឹងតំបន់ព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ និងបានបញ្ជាក់ថា សន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាមបណ្តោយព្រំដែន គឺពិតជាបានបង្កលក្ខណៈដល់ការដោះដូរពាណិជ្ជកម្មឆ្លងដែន ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពថៃ ដែលបានផ្តល់ការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក និងការសម្របសម្រួលយ៉ាងកក់ក្តៅជូនដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្តោយព្រំដែន ព្រមទាំងប្រជាពលករខ្មែរដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃក្នុងអំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ ៕ ប្រភព ៖ កងទ័ព