ប្រធានាធិបតីបារាំងជំរុញពិភពលោកបង្ខំឱ្យរុស្ស៊ីបោះបង់ចោលជម្រើសសង្គ្រាម
ញូយ៉ក៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានចោទប្រកាន់រុស្ស៊ីពីការប្រកាន់យករបបដឹកនាំបែបចក្រពត្តិនិយមសម័យទំនើបដែលផ្អែកលើច្បាប់ព្រៃ ហើយបានអង្វរក្នុងថ្ងៃអង្គារថ្ងៃទី២០ ខែកញ្ញានេះ ឱ្យប្រទេសអព្យាក្រឹតបញ្ឈប់ភាពស្មុគស្មាញ អំពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។
នៅក្នុងសុន្ទរកថាទៅកាន់មេដឹកនាំពិភពលោក នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ លោក ម៉ាក្រុង បានព្រមានថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកំពុងធ្វើឱ្យពិភពលោកបែកបាក់គ្នា ក៏ដូចជាស្ដារឡើងវិញនូវយុគសម័យអាណានិគមនិយម។
ស្របពេលជាមួយគ្នានេះដែរ លោក ម៉ាក្រុង បាននិយាយយ៉ាងដូច្នេះថា ខ្ញុំសូមអំពាវនាវឱ្យសមាជិកទាំងអស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិ គាំទ្រពួកយើងដើរលើផ្លូវឆ្ពោះទៅរកសន្តិភាព និងចាត់វិធានការបង្ខំឱ្យរុស្ស៊ីបោះបង់ចោលជម្រើសនៃសង្រ្គាម ដើម្បីឱ្យពួកគេដឹងពីការចំណាយលើខ្លួនឯងផង និងពួកយើងផង ហើយបញ្ចប់ការឈ្លានពាន។
ប្រធានាធិបតីបារាំងរូបនេះ បានសង្កត់ធ្ងន់ទៀតថា ការលើកឡើងបែបនេះមិនមែននិយាយអំពីការជ្រើសរើសជំរុំរវាងតំបន់បូព៌ា និងលោកខាងលិចនោះទេ ប៉ុន្តែជាទំនួលខុសត្រូវរបស់មនុស្សគ្រប់រូប ក្នុងការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា