វិភាគ៖ ហេតុអ្វីស្ត្រី និងប្រជាជនកាន់សាសនាអ៊ីស្លាម រកចំណូលបានតិចនៅក្នុងប្រទេសឥណ្ឌា?

ឥណ្ឌា៖ស្ត្រីឥណ្ឌា ប្រឈមនឹងការរើសអើងនៅក្នុងទីផ្សារការងារ និងទទួលបានប្រាក់ចំណូលតិចជាងបុរស ទោះបីជាពួកគេមាន លក្ខណៈសម្បត្តិ និងបទពិសោធន៍ដូចគ្នាក៏ដោយ។ នេះ បើតាម របាយការណ៍ថ្មីមួយរបស់អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ អុកស្វាម (Oxfam)។

របាយការណ៍ស្តីពីការរើសអើងរបស់អង្គការអុកស្វាមឥណ្ឌាឆ្នាំ ២០២២ បានស្តីបន្ទោសកត្តារើសអើងក្នុងសង្គម និងក្នុងចំណោម និយោជក ថាជាហេតុផលរុញច្រានឲ្យស្ត្រីឥណ្ឌាទទួលបាន ប្រាក់ ឈ្នួលទាប និងថាការរើសអើងយេនឌ័រ គឺជាហេតុផល ៩៨ភាគរយ នៃគម្លាតការងាររវាងបុរស និងស្ត្រីនៅឥណ្ឌា។

របាយការណ៍ បានរកឃើញថាសហគមន៍មួយចំនួនទៀត ក៏ទទួលរង ការរើសអើងក្នុងទីផ្សារការងារដែរ។ សហគមន៍ទាំងនោះ រួមបញ្ចូល អ្នកដែលមានវណ្ណៈទាប ក្រុមកុលសម្ព័ន្ធ និងសមាជិកនៃសហគមន៍ អ្នកកាន់សាសនាអ៊ីស្លាម។

នាយកប្រតិបត្តិអង្គការអុកស្វាមឥណ្ឌាលោក អាម៊ីតា បេហា (Amitabh Behar) មានប្រសាសន៍ថា ការរើសអើងនៅក្នុង ទីផ្សារ ការងារ គឺជាពេលដែលមនុស្សមានសមត្ថភាពដូចគ្នា តែត្រូវបានគេ ចាត់ទុកថាខុសគ្នាដោយសារអត្តសញ្ញាណ ឬប្រវត្តិដើមទងរបស់ ពួកគេ។ «វិសមភាពសម្រាប់ស្ត្រី និង វណ្ណៈសង្គមផ្សេងទៀត មិនមែន ព្រោះតែការទទួលបានការអប់រំ ឬបទពិសោធន៍ការងារមិនល្អនោះទេ ប៉ុន្តែដោយសារតែការរើសអើង»។

អ្នកស្រាវជ្រាវរបស់អុកស្វាម បានពិនិត្យមើលទិន្នន័យរបស់ រដ្ឋាភិបាល ស្តីពីការងារ ប្រាក់ឈ្នួល សុខភាព និងការទទួលបាន ឥណទានកសិកម្មក្នុងចំណោមក្រុមមនុស្សផ្សេងៗក្នុងសង្គមចាប់ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០២០ ហើយបានប្រើគំរូស្ថិតិដើម្បីកំណត់ កម្រិតនៃការរើសអើង។

អ្នកជំនាញបានរកឃើញថា ជារៀងរាល់ខែជាមធ្យម បុរសឥណ្ឌារក ចំណូល បាន ៤ ០០០ រូពី (៥០ដុល្លារ) ច្រើនជាងស្ត្រី ប្រជាជន មិនមែន ជាអ្នកកាន់សាសនាអ៊ីស្លាមរកបាន ៧ ០០០រូពី (៨៧,៥ដុល្លារ) ច្រើនជាងអ្នកកាន់សាសនាអ៊ីស្លាមនិង ក្រុមអ្នក ដែលកើតចេញពីត្រកូលវណ្ណៈទាប ចំណែកពួកកុលសម្ព័ន្ធវិញ រកចំណូលបានតិចជាងអ្នកផ្សេងទៀត ៥ ០០០ រូពី (៦២,៥ដុល្លារ)។

គួរជ្រាបថា ស្ត្រីឥណ្ឌាជារឿយៗត្រូវរងការរើសអើង ហើយទោះបីជា ពួកគេ មានលក្ខណៈសម្បត្តិ និងចំណេះដឹងគ្រប់គ្រាន់ក៏ដោយ ក៏ សង្គមឥណ្ឌាមិនឲ្យតម្លៃពួកគេដូចហ្នឹងបុរសដែរ។

នៅក្នុងប្រទេសឥណ្ឌា មានទារិការាប់រយពាន់នាក់ត្រូវបាន រំលូតជារៀងរាល់ឆ្នាំ។ ចំណែកក្មេងស្រីដែលចាប់កំណើតវិញ ចាប់តាំងពីពេលកើតមក ពួកគេភាគច្រើនតែងប្រឈមទៅ នឹងការរើសអើង មិនឲ្យតម្លៃ រងអំពើហិង្សា និងការមិនយកចិត្ត ទុកដាក់ដែលអាចបន្តពេញមួយជីវិតរបស់ពួកគេទៀតផង។

ឥណ្ឌា ក៏ល្បីឈ្មោះដែរថាមានវិសមភាពយេនឌ័រនៅក្នុង កម្លាំងពលកម្ម ដោយមានស្ត្រីតិចជាងមុននៅក្នុងកម្លាំងការងារ ជាទូទៅ។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងឆ្នាំ ២០២១-២០២២ មានស្ត្រីត្រឹមតែ ២៥,១ភាគរយ នៃកម្លាំង ពលកម្ម។ អត្រានេះ មិនត្រឹមតែទាបជាងប្រទេសជាច្រើនដូចជា ប្រេស៊ីល រុស្ស៊ី ចិន និងអាហ្វ្រិកខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែវាមានការ ធ្លាក់ចុះយ៉ាងខ្លាំង បើធៀបនឹងអត្រានៅក្នុងប្រទេសឥណ្ឌា ខ្លួនឯង ផ្ទាល់ ដែលកាលពីក្នុងឆ្នាំ ២០០៤-២០០៥ មានស្ត្រី ៤២,៧ភាគរយ នៃកម្លាំងពលកម្មសរុប។

ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ជំងឺរាតត្បាត អាចជាហេតុផល បង្កើនល្បឿនក្នុងការផាត់ស្ត្រីឥណ្ឌាចេញពីការងារ។ ជាក់ស្តែងក្នុង អំឡុងពេលបិទខ្ទប់មុខតំណែងការងារនៅក្នុងប្រទេសឥណ្ឌាត្រូវ បាន កាត់បន្ថយ ហើយស្ត្រីត្រូវបានគេរុញច្រានចេញពីទី ផ្សារ ការងារ ៕
ដោយ៖លី លីយ៉ា
ប្រភព៖

  1. India Discrimination Report: Women in India earn less and get fewer jobs
  2. Oxfam discrimination report: Why women and Muslims earn less in India
ads banner