នាយករដ្ឋមន្រ្តីអេស្ប៉ាញចោទលោក ពូទីន ថា កំពុងធ្វើសង្គ្រាមជាមួយប្រទេសសមាជិកអឺរ៉ុបទាំងអស់

ញូយ៉ក៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បាននិយាយក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Politico ក្នុងថ្ងៃអង្គារទី២០ ខែកញ្ញាថា រុស្ស៊ីមិនត្រឹមតែប្រយុទ្ធនៅអ៊ុយក្រែននោះទេ តែថែមទាំងសហភាពអឺរ៉ុបទាំងមូលផងដែរ លោកថា ប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនកំពុងតែបរាជ័យ ហើយបានត្រឹមតែធ្វើឲ្យអឺរ៉ុបកាន់តែខ្លាំងក្លាប៉ុណ្ណោះ។

ថ្លែងមុនពេលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូយ៉ក លោក Sanchez បានបញ្ជាក់យ៉ាងដូច្នេះថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កំពុងប្រើប្រាស់ថាមពលជាឧបករណ៍សង្គ្រាម ពីព្រោះគាត់ត្រូវបានគំរាមកំហែងដោយការកំណត់តម្លៃរបស់សហភាពអឺរ៉ុប។

លោក Sanchez បន្ថែមថា ទោះបីជាមានវិបត្តិថាមពលដែលកំពុងបន្តជាប់គាំងនៅក្នុងសហភាពអឺរ៉ុប បន្ទាប់ពីលោកខាងលិចបានដាក់ទណ្ឌកម្មលើរុស្ស៊ីក៏ដោយ ក៏រដ្ឋសហភាពអឺរ៉ុបនៅតែស្អិតរមួតជាមួយគ្នាខ្លាំងឡើង។

បើតាមនាយករដ្ឋមន្ត្រីអេស្ប៉ាញរូបនេះ វិបត្តិជាបន្តបន្ទាប់ដែលចាប់ផ្តើមពីឆ្នាំ ២០០៨មក បានបង្រៀនប្លុកនេះឱ្យចេះគ្រប់គ្រងបំណុល, សម្របសម្រួលការវិនិយោគលើវិស័យការពារជាតិ និងផ្តាច់ខ្លួនចេញពីការពឹងផ្អែកលើថាមពលរបស់រុស្ស៊ី។

លោកថា ប្រព័ន្ធថាមពលរបស់អឺរ៉ុប ឥឡូវនេះ គឺជាទីផ្សារដែលមិនដំណើរការ ប៉ុន្តែបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការប្រកាន់ខ្ជាប់នូវគោលនយោបាយថាមពលស្អាត។ បន្ថែមលើនេះ លោក Sanchez បានជំរុញឱ្យមេដឹកនាំអឹរ៉ុបដទៃទៀត ប្រកាន់យកគោលនយោបាយច្នៃប្រឌិតថ្មី ដែលមិននឹកស្មានដល់កាលពីពីរបីឆ្នាំមុន ដែលវាចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិថាមពលនេះ។

ការអត្ថាធិប្បាយរបស់លោក Sanchez កើតឡើងនៅពេលដែលប្រទេសក្នុងតំបន់ចាយប្រាក់អឺរ៉ូ បច្ចុប្បន្នកំពុងប្រឈមមុខនឹងឱកាសរហូតដល់ ៨០%នៃវិបត្តិសេដ្ឋកិច្ចនៅឆ្នាំក្រោយ ដោយសារតែការកើនឡើងតម្លៃថាមពល រួមទាំងការផ្គត់ផ្គង់ថាមពលមានកម្រិត។ នេះបើតាមរបាយការណ៍នាពេលថ្មីៗនេះដោយសារព័ត៌មាន Bloomberg៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner