នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា កម្ពុជា ទទួលបានបទពិសោធន៍ និងមេរៀនដ៏ជូរចត់ ដែលនាំឱ្យយើងយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងស្ថិរភាព

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានរំលឹកពីការឆ្លងកាត់ភ្លើងសង្គ្រាម និងសោកនាដកម្មអស់ជាងពីរទសវត្សរ៍ ដែលធ្វើឱ្យកម្ពុជា ទទួលបានបទពិសោធន៍ និងមេរៀនដ៏ជូរចត់ និងយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងស្ថិរភាព ។ នេះបើតាមសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ក្រោមមូលបទ «បញ្ចប់ការរើសអើងជាតិសាសន៍ និង កសាងសន្តិភាព» ការអបអរសារទរ «ទិវាសន្តិភាពអន្តរជាតិ» ឆ្នាំនេះ ផ្តោតលើការពង្រឹងសាមគ្គី ភាពអន្តរជាតិ ការថែរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលសុខសម្រាប់មនុស្សជាតិ ។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ បានសម្តែងអំណរសាទរ និងចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការប្រារព្ធ «ទិវាសន្តិភាពអន្តរជាតិ» ដ៏មហោឡារិកនេះ ដើម្បីរំលេច អត្ថន័យដ៏ថ្លៃថ្លានៃសន្តិភាព ក៏ដូចជាឆ្លុះបញ្ចាំងនូវឆន្ទៈដ៏មោះមុតរបស់ប្រជាជនកម្ពុជា ក្នុងការ ការពារ និងចូលរួមកសាងសន្តិភាពសកល ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា ក្រោយឆ្លងកាត់ភ្លើងសង្គ្រាម និងសោកនាដកម្មអស់ជាងពីរទសវត្សរ៍ កម្ពុជាទទួលបាន បទពិសោធន៍ និងមេរៀនដ៏ជូរចត់ ដែលនាំឱ្យយើងយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងស្ថិរភាព។ បន្ទាប់ពីទទួលបានឯករាជ្យនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ប្រជាជនកម្ពុជាបានរស់ក្នុងសុខសន្តិភាព និងការអភិវឌ្ឍ ត្រឹមតែប្រមាណ១៧ ឆ្នាំប៉ុណ្ណោះ ក៏ត្រូវហែលឆ្លងទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់ ខ្លួន បន្ទាប់ពីរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៧០ ដែលបានរុញច្រានកម្ពុជាឱ្យចូលក្នុងភ្នក់ភ្លើង សង្គ្រាមស៊ីវិល និងវាលពិឃាតក្នុងរបបប្រល័យពូជសាសន៍។ ក្រោយការផ្ដួលរំលំនៃរបបខ្មៅងងឹតនេះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជា ខំប្រឹងកសាងប្រទេសជាតិពីផេះផង់នៃសង្គ្រាម និងវិនាសកម្មក្នុងថ្លុកឈាមបណ្ដើរ ខំទប់ស្កាត់ការវិលមកវិញនូវរបបពិឃាតបណ្ដើរ។ មិនត្រឹមប៉ុណ្ណោះ ប្រជាជនកម្ពុជា ថែមទាំងត្រូវដោះស្រាយវិបត្តិសេដ្ឋកិច្ច-សង្គម ដែលបណ្តាលមកពីការដាក់ទណ្ឌកម្ម សេដ្ឋកិច្ច និងការបិទខ្ទប់ពាណិជ្ជកម្មអស់រយៈពេលជាង ១២ឆ្នាំ។

សម្ដេចបន្តថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងវត្តមានរបស់អាជ្ញាធរបណ្តោះអាសន្ន របស់អង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC) រហូតដល់ឆ្នាំ១៩៩៣ ពិតជាបានចូលរួមចំណែក ត្រួសត្រាយផ្លូវសម្រាប់ការស្វែងរកសន្តិភាពនៅកម្ពុជា តែពុំបានបញ្ចប់សង្គ្រាមជាស្ថាពរនោះទេ។ ប្រជាជនកម្ពុជា បានទទួលសន្តិភាពទាំងស្រុងនៅឆ្នាំ ១៩៩៨ តាមរយៈ «នយោបាយឈ្នះ-ឈ្នះ» ដែលខ្ញុំព្រះករុណា បានផ្តួចផ្តើម និងដាក់ចេញ។ ក្រោមម្លប់សន្តិភាព និងការបង្រួបង្រួមជាតិនេះ រាជ រដ្ឋាភិបាល និងប្រជាជនកម្ពុជា បានខិតខំស្តារ និងកសាងប្រទេសជាតិឡើងវិញ ដោយទទួលបានការ រីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈ។ ជាក់ស្ដែង កម្ពុជាបានចេញផុតពីប្រទេសមានចំណូល ទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំពុះពារសម្រេចឱ្យបានតាមចក្ខុវិស័យ អភិវឌ្ឍ ដើម្បីប្រែក្លាយខ្លួនទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស ចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

នាពេលថ្មីៗនេះ កម្ពុជាទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ ដោយសារតែការអនុវត្តគោលនយោបាយមានប្រសិទ្ធភាព ទាន់ពេលវេលា និងចំទិសដៅ ជាពិសេស «យុទ្ធនាការស្រោចវ៉ាក់សាំង» ទូទាំងប្រទេសដោយពុំគិតថ្លៃ។ មកដល់ ពេលនេះ ប្រជាពលរដ្ឋ និងប្រជាជនគ្រប់ជាតិសាសន៍ទាំងអស់ ដែលកំពុងស្នាក់នៅ និងបំពេញ ការងារក្នុងព្រះរាជាណាចក្រកម្ពុជាចំនួនជិត ៩៥% ទទួលបានការចាក់វ៉ាក់សាំងគ្រប់ដូស។

ការណ៍ នេះ បានអនុញ្ញាតឱ្យកម្ពុជាចាប់ផ្តើមស្តារសេដ្ឋកិច្ច-សង្គម និងបើកប្រទេសឡើងវិញ។ នៅក្នុងឆ្នាំ ២០២២នេះ កម្ពុជារំពឹងថានឹងមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥៤% ជាមួយនឹងអត្រាអតិផរណា ប្រមាណ ៥% ទោះបីជាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបាននិងកំពុងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច ពិភពលោក និងតំបន់ក៏ដោយ។ ដោយសារភាពជោគជ័យទាំងនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់ លេខ១ ក្នុងចំណោម ១២១ប្រទេស ដែលកំពុងស្ដារសេដ្ឋកិច្ច-សង្គមក្រោយជំងឺកូវីដ-១៩ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner