លោក ស្រ៊ុន លាង ៖ កីឡាជាតិ លើកទី៣ គឺផ្នែកមួយនៃផែនការយុទ្ធសាស្រ្ត របស់សហព័ន្ធកីឡាទូក ដុសខាតសមត្ថភាពអត្តពលិក និងមន្រ្តីបច្ចេកទេស ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣
ភ្នំពេញ៖ លោក ស្រ៊ុន លាង អគ្គលេខាធិការរងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអោយដឹងថា ព្រឹត្តការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២នេះ គឺផ្នែកមួយនៃផែនការយុទ្ធសាស្រ្ត របស់សហព័ន្ធកីឡាទូក ដុសខាតសមត្ថភាពអត្តពលិក និងមន្រ្តីបច្ចេកទេស ដើម្បីត្រៀមព្រឹត្តការណ៍កីឡាអាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ការបញ្ជាក់អោយដឹងនេះធ្វើឡើងក្រោយបញ្ចប់ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ និងរ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ“ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៩ ឆ្នាំ២០២២” នៅខេត្តកំពត កាលពីពេលថ្មីៗកន្លងទៅ ។
លោក ស្រ៊ុន លាង បញ្ជាក់ថា កីឡាជាតិ លើទី៣ គឺជាផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធកីឡាទូក ពីព្រោះមានកាប្រកួតច្រើន មានក្រុមកីឡាទូកច្រើនមកពីបណ្តារាជធានី ខេត្ត-ក្រុង និងក្រសួងស្ថាប័នចូលរួម ការបង្កើនសិទ្ធផលជូនអត្តពលិកក៏កាន់តែល្អប្រសើរ ជាពិសេសសម្រាប់កីឡាករថ្មី ដែលមិនធ្លាប់បានចូលរួមប្រកួតជាលក្ខណអន្តរជាតិ នឹងទទួលបានបទពិសោធន៍ បច្ចេកទេសថ្មី អាចពង្រឹងស្មារតី និងបន្សំខ្លួនពីការប្រកួតនេះ ។
លោក បន្តថា មន្រ្តីបច្ចេកទេសសហព័ន្ធ ក៏ដូចគ្នាគឺអាចពង្រឹងសមត្ថភាព ពីការកាត់សេចក្តីការប្រកួតផ្ទាល់ បន្ទាប់ពីឆ្លងវគ្គបណ្តុះបណ្តាលចំនួន៥លើករួចមកហើយ និងធ្លាប់បានការត់សេចក្តីពីការប្រកួតកម្រិតជាតិ ដូចជា ជើងឯកថ្នាក់ជាតិ យកមកអនុវត្តបន្ថែម ទាំងទ្រឹស្តី ការអនុវត្តផ្ទាល់ បូករួមទាំងការកាត់សេចក្តីការប្រកួតផ្ទាល់ផងដែរ។ លោកអគ្គលេខាធិការរង បន្ថែមថា ក្រៅបីបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស និងដុសខាត់សមត្ថភាពអត្តពលិក សហព័ន្ធក៏យកកីឡាជាតិលើកទី៣នេះ ដើម្បីស្វែងរកកីឡាករឆ្នើមៗដែលមានគុណផលល្អបន្ថែម ពីបណ្តារាជធានី ខេត្ត ក្រុង មកធ្វើការហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ ដើម្បីបំពេញបន្ថែមចំនុចខ្សោយ ពង្រឹងចំនុចខ្លាំង ជាពិសេសផ្លាស់ប្តូរសមាសភាពដែលមិនមានសិទ្ធផលកើនឡើង ត្រៀមប្រកួតប្រជែងដណ្តើមមេដាយអោយពីព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្រ្តលើកដំបូងអោយទទួលបានជោគជ័យ នាំកិត្តិយសជូនជាតិ ។
សូមបញ្ជាក់ថា ការប្រកួតកីឡាជាតិ ឬ National Games លើកទី៣ នឹងត្រូវរៀបចំធ្វើឡើង នាចុងខែវិច្ឆិកាខាងមុខ សម្រាប់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា មានសមាគមកីឡាទូករាជធានីខេត្ត-ក្រុងចំនួន១១ចូលរួម ប្រកួតលើវិញ្ញាសា៥០០ម៉ែត្រផ្នែកបុរស ។ ក្នុងនោះសហព័ន្ធបានត្រៀមមន្រ្តីបច្ចេកទេសសរុប៦០នាក់ ចូលរួមកាត់សេចក្តីការប្រកួតផ្ទាល់៕ ចាន់ វិចិត្រ