ឯកឧត្តម វ៉ាត់ ចំរើន៖ « មហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ជាឪកាសបង្ហាញកម្ពុជា ទៅកាន់សមាជិកអូឡាំពិក ដែលមកពីគ្រប់ទ្វីបទាំងអស់ »
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC មានប្រសាសន៍ថា ការទទួលធ្វើម្ចាស់ផ្ទះ មហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារ សុខាភ្នំពេញ គឺជាឪកាសបង្ហាញកម្ពុជា ជូនសមាជិកអូឡាំពិក ដែលមកពីគ្រប់ទ្វីបទាំងអស់ បានឃើញពី សន្តិភាព និងការអភិវឌ្ឍ របស់ព្រះរាជាណាចក្រកម្ពុជា»។ នេះជាការលើកឡើងរបស់ឯកឧត្តម ក្រោយបញ្ចប់កិច្ចប្រជុំត្រៀមមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី កាលពីល្ងាចម្សិលមិញក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC ។
ឯកឧត្តម វ៉ាត់ ចំរើន បានបន្តថា «ឯកឧត្តមបណ្ឌិត ថោង ខុន បានជំរុញឲ្យគណៈកម្មការជំនាញទាំងអស់ឲ្យបានហ្មត់ចត់បំផុត ក្នុងការទទួលបដិសណ្ឋារកិច្ចជូនភ្ញៀវអន្តរជាតិ ឲ្យបានល្អបំផុត ដើម្បីឲ្យសក្តិសមនឹងកិត្តិយស សេចក្តីថ្លៃថ្នូររបស់ជាតិយើង។ ត្រៀមទទួលឥស្សរជនជាន់ខ្ពស់ អញ្ជើញចូលរួមពី ៤៥ប្រទេស ក្នុងអាស៊ី និងប្រតិភូចលនាអូឡាំពិកអន្តរជាតិ មកពីគ្រប់ទ្វីបផ្សេងៗទៀតក្នុងរង្វង់ ៤០០នាក់ ជាពិសេសអោយបានមើលឃើញពីការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេស គឺរាជធានីភ្នំពេញ ដែលបានផ្លាស់ប្តូរមុខមាត់ថ្មី»។
ការរៀបចំមហាសន្និបាតដ៏ធំ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ដូច្នេះកិច្ចប្រជុំថ្ងៃនេះ បានត្រួតពិនិត្យបន្ថែមឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យភារកិច្ចដ៏ធំនេះ ឲ្យទទួលបានជោគជ័យ។ ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា ការរៀបចំមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី នាដើមខែក្រោយនេះ ធ្វើឡើងក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងការថ្លែងសុន្ទរកថាគន្លឹះសំខាន់ៗ ក្នុងពិធីបើកមហាសន្និបាតនេះ។
«នេះជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា ដែលទទួលរៀបចំធ្វើម្ចាស់ផ្ទះ និងស្វែរកការគាំទ្របន្ថែមពីអន្តរជាតិ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ និងការធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ផងដែរ ។
ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែម កម្ពុជានឹងបង្ហាញចេញនូវវប្បធម៌ ទេសចរណ៍ កីឡា ក្នុងកម្មវិធីជប់លៀង ដែលរៀបចំឡើងដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ដើម្បីរិតចំណងសាមគ្គីភាព អបអរសាទរជាមួយនឹងបណ្តាប្រទេស និងប្រតិភូអូឡាំពិកអាស៊ី-អន្តរជាតិ ៕ ចាន់ វិចិត្រ