ប្រាក់ឈ្នួលកម្មករ និយោជិត ឆ្នាំ ២០២៣ ត្រូវបានតម្លើងចំនួន ៦ដុល្លារពី ១៩៤ដល់ ២០០ដុល្លារសហរដ្ឋអាម៉េរិក

ភ្នំពេញ៖នៅឆ្នាំ ២០២៣ខាងមុខនេះ ប្រាក់ឈ្នួលកម្មករនិយោជិតនឹងត្រូវបានតម្លើងពី ១៩៤ដុល្លារឱ្យទៅជា២០០ដុល្លារដែលត្រូវបានគេរំពឹងថានឹងជួយសម្រាលផលលំបាកមួយកម្រិតទៀតរបស់កម្មករនិយោជិតរបស់កម្ពុជា។

ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះទីបំផុតភាគីពាក់ព័ន្ធ ក្នុងនេះរួមមានសហជីព និយោជក ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈបានសម្រេចរួមយកតួលេខ ១៩៨ដុល្លារ និងបូករួមប្រាក់ឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន ចំនួន ២ដុល្លារទៀត ហេតុនេះប្រាក់ឈ្នួលគោលរបស់កម្មករនិយោជិតឆ្នាំ ២០២៣ខាងមុខត្រូវបានតម្លើងដល់ ២០០ដុល្លារ ។

ក្រោយបញ្ចប់កិច្ចប្រជុំនេះ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា ប្រាក់ឈ្នួលរបស់កម្មករនិយោជិតនាឆ្នាំ ២០២៣ខាងមុខបានទទួលបន្ថែមចំនួន ៦ដុល្លារពោលគឺត្រូវបានតម្លើងពី ១៩៤ទៅ ២០០ដុល្លារអាម៉េរិក ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា”ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានសម្រេចយកតួលេខ១៩៨ដុល្លារសម្រាប់ជាប្រាក់ឈ្នួលឆ្នាំ ២០២៣។ជាមួយគ្នានេះសម្តេចតេជោហ៊ុនសែនបានសម្រេចបន្ថែមដល់កម្មករនិយោជិត ២ដុល្លារបន្ថែមទៀត ហេតុនេះសម្រាប់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ឆ្នាំ ២០២៣ដុល្លារអាម៉េរិក”។

ឯកឧត្តមបញ្ជាក់បន្ថែមថាលទ្ធផលការបោះឆ្នោតកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី២ឆ្នាំទី២ ដែលបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២តួលេខ ១៩៨ ចំនួន ៤៦សម្លេង និងតួលេខ២១៣ មានចំនួន ៥សម្លេង នេះបង្ហាញថាសម្លេងភាគច្រើនបានគាំទ្រ ១៩៨ច្រើនលើសលុប ។

ជាមួយការកំណត់ប្រាក់ឈ្នួលកម្មករឆ្នាំ ២០២៣នេះដែរ ត្រូវបាន ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថានឹងជួយសម្រាលបន្ទុកផលលំបាកដល់កម្មករ ហើយវាក៏បង្ហា្ពពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាពិសេសសម្តេចតេជោហ៊ុនសែនចំពោះប្រជាពលរដ្ឋពិសេសកម្មករនិយោជិតផងដែរ។

គួរបញ្ជាក់ថាប្រាក់ឈ្មួលគោលរបស់កម្មករនិយោជិតក្នុងឆ្នាំ២០២២នេះទទួលបាន ១៩៤ដុល្លារក្នុង១ខែ ដោយក្នុងនេះមិនគិតប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតនោះទេ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner