រុស្ស៊ីចង់កាត់យកទឹកដីអ៊ុយក្រែន តាមរយៈធ្វើប្រជាមតិ ខណៈអ៊ុយក្រែន និងសម្ព័ន្ធមិត្ត ថ្កោលទោសយ៉ាងដាច់អហង្ការ
អ៊ុយក្រែន៖សាធារណរដ្ឋប្រជាមានិតដុនណិតស្ក៍ (DPR) និង សាធារណរដ្ឋប្រជាមានិតលូហានស្ក៍ (LPR) បានប្រកាសកាល ពីថ្ងៃអង្គារ ទី ២០ ខែកញ្ញាឆ្នាំ២០២២ ថា ពួកគេចង់ធ្វើប្រជាមតិ ដើម្បីបំបែកចេញពីអ៊ុយក្រែន និងក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី ២៣ ដល់ ២៧ ខែកញ្ញា ពោលគឺចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃ អង្គារ សប្ដាហ៍ក្រោយ។
ផែនការនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រទេសរុស្ស៊ីដែលទទួលស្គាល់ឯករាជ្យភាពរបស់សាធារណរដ្ឋផ្ដាច់ខ្លួនទាំងពីរ មុនចាប់ផ្ដើមប្រតិបត្តិការឈ្លានពាន លើអ៊ុយក្រែនដែលជា ប្រទេស មានអធិបតេយ្យ ភាពផ្ទាល់ខ្លួន។ ប៉ុន្តែតំបន់ខឺសុន (Kherson) និងហ្សាប៉ូរីចា ដែលរុស្ស៊ីមិនទាន់ទទួលស្គាល់ឯករាជ្យនោះ ក៏គ្រោង នឹងធ្វើដូច្នេះនៅថ្ងៃជាមួយគ្នាផងដែរ។
ផែនការដដែលក៏ទទួលរងនូវការថ្កោលទោសយ៉ាងដាច់អហង្ការពីប្រទេសអ៊ុយក្រែន និងលោកខាងលិច ដែលអះអាងថា ការធ្វើប្រជាមតិ ខុសច្បាប់ ដែលជ្រោមជ្រែងដោយអាជ្ញាធររុស្ស៊ី នឹងក្លាយជាការ បង្ខិតបង្ខំ លើទឹកដីដែលប្រជាជនអ៊ុយក្រែនរាប់លាននាក់ បង្ខំខ្លួន រត់ភៀសចេញ ដោយសារសង្រ្គាមឈ្លានពាន។
អភិបាលតំបន់ខឺសុន លោក Vladimir Saldo ដែលរុស្ស៊ីលើ កបន្តុប បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញ ផ្សាយនៅ ថ្ងៃអង្គារថា៖ «ខ្ញុំប្រាកដថា ការបញ្ចូលតំបន់ខឺសុនទៅជា ផ្នែកមួយ របស់ រុស្ស៊ី នឹងធានាបាននូវយុត្តិធម៌ប្រវត្តិសាស្ត្ររបស់យើង»។
លោកបន្ថែមថា៖ «វាគឺជាការសម្រេចចិត្តចាំបាច់ ដើម្បីប្រឈម មុខភេរវកម្មរបស់កងកម្លាំងអ៊ុយក្រែន និងការផ្គត់ផ្គង់ សព្វាវុធ របស់ណាតូ ដើម្បីសម្លាប់ជនស៊ីវិលនៅលើទឹកដីរបស់យើង»។
រុស្ស៊ីគាំទ្រផែនការនេះ បើទោះបីជាខ្លួនមិនបានគ្រប់គ្រងតំបន់ ណា មួយពេញទីក្ដី ហើយសម្រាប់តំបន់ដុនណិតស្ក៍ រុស្ស៊ីគ្រប់គ្រងតែ ប្រហែល ៦០ ភាគរយប៉ុណ្ណេះ។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការ បរទេសរុស្ស៊ីលោក Sergei Lavrov បានអះអាងបន្ទាប់ពីការធ្វើ ប្រជា មតិត្រូវបានប្រកាសឡើងថា៖ «ចាប់ពីប្រតិបត្តិការយោធា ចាប់ផ្ដើម យើងបាននិយាយថា ប្រជាជននៃទឹកដីរៀងៗខ្លួន គួរតែសម្រេចជោគវាសនារបស់ពួកគេហើយស្ថានភាពបច្ចុប្បន្នទាំងមូលបានបញ្ជាក់ថាពួកគេចង់ក្លាយជាម្ចាស់ការលើជោគវាសនារបស់ខ្លួនឯង»។
ស្រដៀងនឹងគ្នានេះ លោក Dmmry Medvedev អតីត ប្រធានាធិបតី រុស្ស៊ី ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សា សន្តិសុខ រុស្ស៊ី បានគាំទ្រការផែនការនេះ ដូចគ្នា ដោយលោកគូស បញ្ជាក់ថា វានឹងផ្លាស់ប្តូរផ្លូវនៃប្រវត្តិសាស្ត្ររុស្ស៊ីនិងអនុញ្ញាតឱ្យរុស្ស៊ីមានជម្រើសបន្ថែមទៀតសម្រាប់ការពារទឹកដីរុស្ស៊ី។ លោកនិយាយថា៖ «ការ រំលោភ លើទឹកដីរបស់រុស្ស៊ី គឺជាបទឧក្រិដ្ឋដែលអនុញ្ញាតឱ្យ រុស្ស៊ី ប្រើកម្លាំងការពារខ្លួន។ នេះជាមូលហេតុដែលការធ្វើប្រជាមតិ ទាំងនេះ ធ្វើឱ្យអ៊ុយក្រែន និងលោកខាងលិចខ្លាច»។
ជំហានរបស់រុស្ស៊ីនៅពេលនេះ ធ្វើឡើងបន្ទាប់ពីកងទ័ពឈ្លាន ពានរបស់ខ្លួន បាក់ទ័ព និងបាត់បង់ការគ្រប់គ្រងលើទឹកដីនៅ ភាគខាងកើតអ៊ុយក្រែន ដែលខ្លួនដណ្ដើមបាន។ ប្រសិន បើផែនការនេះ សម្រេចទៅមុខ នោះភាពតានតឹងនៃសង្រ្គាមនឹង កើនកាន់តែខ្លាំងឡើងៗ និងអាចមានលទ្ធភាពដែលរុស្ស៊ី ត្រូវ ប្រឈមមុខយោធាជាមួយលោកខាងលិច ជាពិសេសណាតូ។
ជុំវិញបញ្ហានេះ អ៊ុយក្រែនបានលើកឡើងថា ការយកការធ្វើប្រជាមតិ មកគំរាមកំហែងអ៊ុយក្រែន គឺជា «ភាពល្ងីល្ងើ» ហើយជាសញ្ញាថា ប្រទេសរុស្ស៊ីកំពុងភ័យខ្លាច។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក ឌ្មីត្រូ គូឡេបា និយាយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន នៅពេលចាប់ផ្តើមនៃកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield នៅថ្ងៃអង្គារថា៖ «ជនជាតិរុស្ស៊ីអាចធ្វើអ្វីដែល ពួកគេចង់បាន ប៉ុន្តែវានឹងគ្មានអ្វីប្រែប្រួលទេ»។
ក្នុងន័យថា ទឹកដីរបស់អ៊ុយក្រែននៅតែជារបស់អ៊ុយក្រែន លោក គូឡេបា បានសរសេរបន្ថែមនៅបណ្ដាញសង្គមធ្វីតធឺរបន្ថែមថា៖ «រុស្ស៊ីគឺជាអ្នកឈ្លានពានដោយខុសច្បាប់ ដោយកាន់កាប់ផ្នែកខ្លះ នៃទឹកដីអ៊ុយក្រែន។ អ៊ុយក្រែនមានសិទ្ធិគ្រប់យ៉ាងក្នុងការ រំដោះទឹក ដីរបស់ខ្លួន»។
កន្លងមក អ៊ុយក្រែនអះអាងថា ខ្លួននឹងមិនឈប់ប្រយុទ្ធទេ ទាល់តែ រុស្ស៊ីដកទ័ពឈ្លានពានចេញពីទឹកដីរបស់ខ្លួន ហើយទទូចថា ខ្លួននឹង មិនទទួលយកការគ្រប់គ្រងរបស់រុស្ស៊ីលើទឹកដីរបស់ខ្លួនឡើយ ទាំងបន្តអំពាវនាវឱ្យលោកខាងលិចបន្តផ្គត់ផ្គង់សព្វាវុធ។
គួរបញ្ជាក់ថា ប្រសិនបើការធ្វើប្រជាមតិ លើទឹកដីអ៊ុយក្រែន នឹងប្រព្រឹត្តទៅតាមផែនការ វានឹងអាចឱ្យរុស្ស៊ីកាត់យកទឹក ដី អ៊ុយក្រែនជាផ្លូវការបន្ថែមទៀត ដូចដែលខ្លួនបានធ្វើចំពោះតំបន់ គ្រីមៀក្នុងពីឆ្នាំ ២០១៤ ដែលអ៊ុយក្រែនផ្ទាល់ និងលោកខាងលិច បានច្រានចោល ដោយចោទប្រកាន់ថាជាប្រជាមតិខុសច្បាប់ គ្មានតម្លាភាព និងបង្ខិតបង្ខំ។
យ៉ាងណាក៏ដោយ អ្នកវិភាគមើលឃើញថា ការធ្វើប្រជាមតិលើកនេះ នឹងបង្កើនហានិភ័យនៃការប្រឈមមុខយោធាដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងសម្ព័ន្ធយោធារបស់ណាតូ ក្នុងសេណារីយ៉ូដែលលោក ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ធ្លាប់បានព្រមានថា ជាផ្លូវឆ្ពោះទៅសង្រ្គាមលោកលើកទី៣។
សាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យអ៊ឺរ៉ុប នៅឯ ទីក្រុង St. Petersburg លោក Grigorii Golosov បានមានប្រសាសន៍ប្រាប់កាសែតញូវយ៉កថែមស៍ថា ការធ្វើ ប្រជាមតិរបស់រុស្ស៊ី អាចជាការបើកផ្លូវឱ្យរុស្ស៊ីបង្កើន ភាពតានតឹង ផ្នែកយោធារបស់ខ្លួននៅអ៊ុយក្រែន និងជាការខិតខំមួយរបស់រុស្ស៊ី ក្នុងការបន្លាចរដ្ឋាភិបាលលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (ប្រធានាធិបតីអ៊ុយក្រែន) និងសម្ព័ន្ធមិត្តលោកខាងលិច។ លោក Golosov បន្ថែមថា វាជាយន្តការសម្រាប់មេដឹកនាំផ្ដាច់ការ ដូចជា លោក ពូទីន បង្កើនភាពតានតឹង ដើម្បីបង្ខំឱ្យអ៊ុយក្រែនចូល តុចរចា។
ប៉ុន្តែលើសពីនេះ អ្នកវិភាគអ៊ុយក្រែន លោក Volodymyr Fesenko ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវឯករាជ្យ Penta ដែលមានមូលដ្ឋាននៅទីក្រុង Kyiv បានថ្លែងប្រាប់សារព័ត៌មាន Euronews ថា ជំហានរបស់រុស្ស៊ីនៅពេលនេះ ឆ្លុះបញ្ចាំងពីភាព ទន់ខ្សោយរបស់វិមានក្រឹមឡាំង ដែលក្នុងការគ្រប់គ្រងលើ តំបន់ ដែល ខ្លួនកាន់កាប់ ដោយសារតែប្រតិបត្តិការវាយបកដ៏មាន ប្រសិទ្ធិភាពរបស់អ៊ុយក្រែន ក្រោមជំនួយសព្វាវុធពីសម្ព័ន្ធមិត្ត។
នាពេលនេះ រុស្ស៊ីកំពុងកាន់កាប់ទឹកដីអ៊ុយក្រែនទំហំ ៩០ ០០០ គីឡូម៉ែត្រការ៉េ ឬស្មើនឹង ១៥ ភាគរយនៃផ្ទៃដីសរុបរបស់អ៊ុយក្រែន។ ហើយខណៈដែលការធ្វើប្រជាមតិ អាចធ្វើឱ្យមានការប្រឈមមុខ យោធា ដាក់គ្នាជាមួយលោកខាងលិច សភាឌូម៉ារបស់រុស្ស៊ី កាលពី ថ្ងៃអង្គារ បានធ្វើវិសោធនកម្មច្បាប់ ដោយកម្រិតការដាក់ទោសពី ១០ ទៅ ១៥ ឆ្នាំ លើទាហានណា ដែលរត់ចេញពីជួរ ឬបដិសេធ មិនធ្វើតាមបញ្ជានៃ «ការកេណ្ឌទ័ព» «ច្បាប់អាជ្ញាសឹក» និងក្នុង អំឡុង ពេលសង្រ្គាម។ វិសោធនកម្មនេះ ធ្វើឡើងមុន ពេលដែល ការធ្វើប្រជាមតិនៅអ៊ុយក្រែនប្រកាសឡើង ដែលជំរុញឱ្យ មានការព្យាករណ៍ថា លោក ពូទីន អាចប្រកាសសង្រ្គាម នៅអ៊ុយក្រែន ហើយធ្វើការកេណ្ឌទ័ពទូទាំងប្រទេស។
គួរកត់សម្គាល់ថា ចាប់តាំងពីរុស្ស៊ីចាប់ផ្ដើមការឈ្លានពានមក ការធ្វើប្រជាមតិលើទឹកដីអ៊ុយក្រែន គឺជាប្រធានបទក្ដៅ វិលវល់ៗ នៅក្នុងការពិភាក្សាដេញដោលគ្នា ហើយអស់រយៈពេលជាច្រើន ខែមក នេះ មន្រ្តីនៅក្នុងតំបន់អ៊ុយក្រែន ដែលរុស្ស៊ីគ្រប់គ្រង ទាំង នៅភាគខាងត្បូង និងភាគខាងកើត បានទាមទារថា ពួកគេចង់ ធ្វើប្រជាមតិ ដើម្បីឱ្យតំបន់ទាំងនោះស្ថិតនៅក្រោមការគ្រប់គ្រង របស់រុស្ស៊ីជាផ្លូវការ ទោះបីជាវិមានក្រឹមឡាំងមិនបានបង្ហាញពីពេល វេលាច្បាស់លាស់ ឬភាពជាក់លាក់ណាមួយចំពោះផែនការនេះក្ដី។
យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគខ្លះមើលឃើញថា ការចុះចាញ់ អ៊ុយក្រែន ក្នុងសមរភូមិប្រយុទ្ធនៅភាគខាងកើតមួយរយៈ ចុង ក្រោយនេះ បង្ខំឱ្យលោក ពូទីន ពន្លឿនផែនការប្រជាមតិ ខណៈ ខ្លះទៀតលើកឡើងថា ប្រសិនបើរុស្ស៊ីអាចកាត់ទឹកដីអ៊ុយក្រែន តាមរយៈការធ្វើប្រជាមតិ នោះរុស្ស៊ីនឹងអាចប្រើលេស រួមទាំងអាវុធ នុយក្លេអ៊ែរ(តាមគោលការណ៍នុយក្លេអ៊ែររបស់រុស្ស៊ី) ដើម្បីការពារ ទឹកដី និងប្រជាជនរបស់ខ្លួនបានយ៉ាងពេញទំហឹង។
ឆ្លើយតបនឹងជំហានចុងក្រោយរបស់រុស្ស៊ីនៅពេលនេះ ប្រធានទី ប្រឹក្សាសន្តិសុខជាតិរបស់មេដឹកនាំអាមេរិក លោក Jake Sullivan លើកឡើងកាលពីថ្ងៃអង្គារថា ផែនការធ្វើប្រជាមតិគឺជារឿង អាម៉ាស់ សម្រាប់រុស្ស៊ី ហើយ «សហរដ្ឋអាមេរិកនឹងគ្មានថ្ងៃទទួលស្គាល់ ការ ទាមទាររបស់រុស្ស៊ី លើផ្នែកមួយក្នុងទឹកដីរបស់អ៊ុយក្រែនឡើយ» ។
បន្ថែមពីលើនេះ មន្ត្រីការបរទេសជាន់ខ្ពស់អាមេរិកម្នាក់ អះអាងកាល ពី ថ្ងៃអង្គារដូចគ្នាថា សហរដ្ឋអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ថា រុស្ស៊ីនឹង បង្កើនផលវិបាកសម្រាប់ខ្លួនឯង ប្រសិនបើកងទ័ពរុស្ស៊ី បង្កើន ការ គ្រប់ គ្រងលើទឹកដីដែលខ្លួនដណ្ដើមបានពីអ៊ុយក្រែន តាមរយៈការឈ្លានពាន។ មន្ត្រីដដែលបញ្ជាក់ថា សម្ព័ន្ធមិត្តរបស់ អាមេរិក និងដៃគូ នឹងត្រៀមខ្លួនចូលរួមក្នុងការបង្កើនភាព តានតឹង ណាមួយរបស់រុស្ស៊ី ប៉ុន្តែមិនបានបង្ហាញព័ត៌មានអំពីផែនការបែប ណាមួយនោះទេ។
អគ្គលេខាធិការអង្គការណាតូលោក Jens Toltenberg ដែល ថ្កោលទោសផែនការធ្វើប្រជាមតិនេះថាខុសច្បាប់អន្តរជាតិ និង បង្កើនភាពតានតឹង បានមានប្រសាសន៍ថា៖ «សហគមន៍អន្តរជាតិ ត្រូវតែថ្កោលទោសការរំលោភច្បាប់អន្ដរជាតិ ដោយឥតលាក់លៀម [របស់រុស្ស៊ី] និងបង្កើនការគាំទ្រដល់អ៊ុយក្រែន»៕
ដោយ៖ហួន ឌីណា