រុក្ខជាតិក្រកោ ឬក្រកោស្បាត(Cardamom)ធ្វើជាគ្រឿងទេសនិងព្យាបាលរោគជំងឺ
ភ្នំពេញ៖ ក្រកោ ឬក្រកោស្បាត(Cardamom)ជារុក្ខជាតិច្រើនដុះតាមព្រៃភ្នំ និងព្រៃល្បោះដោយជាទូទៅអ្នករស់នៅតាមសហគមន៍បានបេះផ្លែវាសម្រាប់លក់រកចំណូលផ្គត់ផ្គង់ជីវភាពផងដែរ។
តាមរយៈទំព័រហ្វេសប៊ុកក្រសួងបរិស្ថានបានឱ្យដឹងថា ក្រកោដើមវាមានកម្ពស់ ២-៣ម ដើមរឹង និងដុះបែកគុម្ព។ ស្លឹកវែងរួមតូចនៅគល់ ហើយស្រួចចុង (elliptic-linear) ទងស្លឹកខ្លីៗមានប្រវែង ០,៥-១ស.ម។
គោលទម្រកញ្ចុំផ្កា (Floral stem) ដុះចេញពីក្តៀង ជិតគល់ដើម មិនសូវត្រង់ទៅលើទេ ច្រើនតែទ្រេតចុះក្រោមក្រាបដី ចំណែកផ្កាផ្តុំជាកញ្ចុំបែកមែកៗ (panicles) បំពងត្របកផ្កាមានប្រវែង ១៤-១៥ស.ម មានធ្មេញ៣ ស្រទាប់ផ្កា៣ពណ៌បៃតងថ្លា កេសរឈ្មោល (stamen) មាន១ពណ៌សរថ្លា ចុងប្លោកលម្អង (anther) បត់ចេញក្រៅ ។
ស្រទាប់ធំ (labellum) ពណ៌សរមានឆ្នូតៗ ពណ៌ស្វាយឬក្រហមក្រម៉ៅ។ កេរសឥផល (staminodes) មាន២ មួយៗនៅសងខាងស្រទាប់ធំៗ កេសរញីមាន៣ក្លែប (3-lobed) ផ្លែស្ងួត (capsule) រាងមូលទ្រវែង (ellipsoid) ១,៥-២,៥ x ០,៥-១,៥ស.ម មាន៣ជ្រុង ព្រោះមានកំពកវែងៗ ដូចជ្រុងនៅលើសម្បកហើយ ពណ៌បៃតងខ្ចី ហើយមានគ្រាប់ច្រើន ១៥-២០គ្រាប់។ ដុះក្នុងព្រៃស្បាត នៅតំបន់ជួរក្រវាញ ខេត្តពោធិ៍សាត់ និងផ្លែមានលក់នៅច្រើនតាមបណ្តាប្រទេស។
ការប្រើប្រាស់បាន ២បែប ជាគ្រឿងទេស និងឱសថ
_ គ្រឿងទេស គ្រាប់លាយជាមួយគ្រឿងការី ដើម្បីបង្កើតក្លិន។
_ ឱសថ ឬស និងផ្លែធ្វើថ្នាំកម្លាំង ជួយឱ្យបត់ជើងធំស្រួល ៕ ដោយ៖ម៉ាដេប៉ូ