សិក្ខាសាលាជាន់ខ្ពស់ឆ្លុះបញ្ចាំងអំពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍បែបពហុវិស័យនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹង ជំងឺអេដស៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាជាន់ខ្ពស់ឆ្លុះបញ្ចាំងអំពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍បែបពហុវិស័យនៅកម្ពុជា។ សិក្ខសាលានេះ ធ្វើឡើងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពី តំណាង អភិបាលរាជធានីភ្នំពេញ នាយិកា អង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា មន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញប្បទានសុខាភិបាល និងជំងឺអេដស៍ នៃគម្រោង LHSS/USAID តំណាងក្រសួង ស្ថាប័ន និងដៃគូជាតិ អន្តរជាតិពាក់ព័ន្ធ ចំនួនប្រមាណ៦០រូប។
ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវគោលដៅ៩៥-៩៥-៩៥ និងធានាថា ការឆ្លងថ្មីនៃមេរោគអេដស៍មានចំនួនតិចជាង៣០០ករណីក្នុងមួយឆ្នាំៗនៅឆ្នាំ២០២៥។ ការឆ្លើយតបរបស់ប្រទេស កម្ពុជា ចំពោះការរាលដាលនៃមេរោគអេដស៍ត្រូវបានចាត់ទុកថា ជារឿងជោគជ័យមួយនៅក្នុងតំបន់ និងក្នុងពិភពលោក។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា នៅប្រទេសកម្ពុជា ៨៤% នៃអ្នកផ្ទុកមេរោគអេដស៍ទាំងអស់បានដឹងពីស្ថានភាពរបស់ខ្លួន។ ក្នុងចំណោមដែលដឹងថា ខ្លួនមានផ្ទុកមេរោគអេដស៍៩៩% បានធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាល និង៩៧% ភាគរយនៃអ្នកផ្ទុកមេរោគអេដស៍ ដែលបានទទួលការព្យាបាលមានអត្រាមេរោគដែលត្រូវបានបង្ក្រាប។ ឯកឧត្តម បានបន្ថែមផងដែរថា នេះមានន័យថា ការរាលដាលមេរោគអេដស៍បាននិងកំពុងបន្តពីចំណោមប្រជាជនចំនួន១១,000នាក់ (ក្នុងនោះមានប្រជាជនគន្លឹះ និងដៃគូរបស់គាត់) ដែលមិនទាន់បានធ្វើតេស្ត និងព្យាបាលនៅក្នុងប្រព័ន្ធថែទាំសុខភាព។
ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ក៏បានលើកឡើងផងដែរថា សំណួរថ្ងៃនេះ ផ្តោតលើការពង្រឹងយន្តការសម្របសម្រួលសម្រាប់អនុវត្តអាទិភាពសំខាន់ៗ នៃអនុសាសន៍ការត្រួតពិនិត្យពាក់កណ្តាលអាណត្តិពីផែនការយុទ្ធសាស្រ្តជាតិលើកទី៥ សម្រាប់ការឆ្លើយតបទូលំទូលាយ និងពហុវិស័យចំពោះមេរោគអេដស៍ និងជំងឺអេដស៍។ ទាំងនេះគឺបានន័យថា យើងរំពឹងស្វែងយល់ពីសិក្ខាសាលា និងរកឱ្យឃើញនូវរបៀបពង្រឹងប្រព័ន្ធប្រទេស ដើម្បីឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផលនិងនិរន្តរភាព តាមរយៈយន្តការដែលមានអាយុ៣១ឆ្នាំហើយ ។ យន្តការនេះមានការចូលរួមយ៉ាងសកម្មពីតំណាងក្រសួង ស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល តំណាងប្រជាជនគន្លឹះសំខាន់ៗ និងអ្នកផ្ទុកមេរោគ អេដស៍។ រហូតមកដល់ពេលនេះ មានយន្តការជាច្រើនដើម្បីសម្របសម្រួលការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅក្នុងប្រទសកម្ពុជា៕ ដោយ ៖ ង៉ាន់ ទិត្យ