អ្នកវិភាគចៅចាក់ស្មុក៖ យុវជនក្រុមប្រឆាំងមួយចំនួន កំពុងត្រូវបានប្រើប្រាស់ដើម្បីបិទបាំងភាពកំសាកញីរបស់ទណ្ឌិត សម រង្ស៊ី
ភ្នំពេញ៖ នៅប៉ុន្មានថ្ងៃនេះ ទណ្ឌិត សម រង្ស៊ី បានខិតខំយ៉ាងខ្លាំងក្នុងការប្រើប្រាស់យុវជនមួយចំនួនដែលជឿទាំងងងឹតងងុលតាមការបោកប្រាស់ និងញុះញង់របស់ខ្លួនដើម្បីវាយប្រហារលើមកលើសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីអនាគតរបស់គណបក្សប្រជាជនកម្ពុជា និងនិយាយជារួមវាយប្រហារលើត្រកូល ហ៊ុន។
នេះគ្រាន់តែល្បិចដ៏ចាស់គំរឹលរបស់អ្នកនយោបាយអង្ករកំប៉ុង សម រង្ស៊ី ក្នុងការបង្វែរការថ្កោលទោសរបស់ពលរដ្ឋខ្មែរពីទង្វើក្បត់ជាតិរបស់ខ្លួនចុះកិច្ចព្រមព្រៀងកាត់ទឹកដីឱ្យ កុក ស មេចលនាម៉ុងតាញ៉ា បំបាត់ភាពអាម៉ាស់ដែលមិនអាចតស៊ូក្តីបានដោយសារតែ ខ្វះមូលដ្ឋានភស្តុតាងត្រឹមត្រូវពិតប្រាកដចំពោះបទបរិហារកេរ្តិ៍ដែលជាបណ្តឹងរបស់សម្តេចតេជោ និងឯកឧត្តម ឌី វិជ្ជា ប្រឆាំងខ្លួននៅតុលាការបារាំង និងលើសពីនេះគឺដើម្បីបិទបាំងបរាជ័យដ៏អាម៉ាស់នៃជីវិតនយោបាយរបស់ខ្លួនដែលធ្វើនយោបាយតាំងពីមានបក្ខរហូតអស់បក្ស ក្លាយជាជនក្បត់ជាតិនិងជាសត្រូវរបស់ប្រជាជន បិទបាំងភាពអាម៉ាស់ ដែលគណបក្សដែលខ្លួននៅពីក្រោយគ្មានបេក្ខជនបន្តវេនពិតប្រាកដព្រោះសម រង្ស៊ី បានក្រាញននៀលនឹងតំណែង នេះមិនផ្តល់ឱកាសដល់យុវជនពិតប្រាកដ ហើយធ្ងន់ជាងនេះ គឺដើម្បីគេចពីភាពអាម៉ាស់ដែលអ្នកនយោបាយជើងចាស់ចាញ់ចាស់វស្សារួបនេះចាញ់ឯកឧត្តម ហ៊ុន ម៉ាណែត អ្នកនយោបាយជាន់ថ្មីរបស់គណបក្សប្រជាជនលើការតស៊ូមតិពាក់ព័ន្ធនឹងសញ្ញាបត្រ។
ក្នុងសេណារីយ៉ូដូចកូនក្មេងបៀមដៃ ដើម្បីបិទបាំងនឹងភាពអាម៉ាស់របស់ខ្លួននេះ សម រង្ស៊ី បានហៅសកម្មជនខ្លួនមួយចំនួនដែលរត់ចោលស្រុកដោយសារតែមានដីកាចាប់ខ្លួន មកឈរអមខ្លួនថតសម្តែងដើម្បីបញ្ចេញសារផ្សេងៗ ដែលពលរដ្ឋខ្មែរមើលទៅ ទណ្ឌិត សម រង្ស៊ី ពិតជាអស់លក្ខណ៍យ៉ាងពិតប្រាកដ និងគ្មានតម្លៃនយោបាយអ្វីទៀតទេសម្រាប់ជាតិខ្មែរ គឺនៅសល់តែតម្លៃតែមួយគត់គឺការអនុវត្តទោសទណ្ឌដែលខ្លួនបានទទួលពីទង្វើក្បត់ជាតិ និងការញុះញង់របស់ខ្លួន ដែលការញុះញង់និងសម្តីផ្អែម ដែលបង្កប់ដោយពិសពុលជាជំនាញរបស់ជនក្បត់ជាតិតពូជ សម រង្ស៊ី។
សម រង្ស៊ី ដែលត្រូវបានអ្នកជំនាញបរទេសចាត់ទុកថាជាមនុស្សដែលគ្រោះថ្នាក់បំផុតជាសត្វពស់ក្បាលពីរ ដោយសារតែអណ្តាតដ៏ពិសពុល សម រង្ស៊ី បានញុះញង់ឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ បំបែកបំបាក់ជាតិ និងបង្កើតឱ្យមានសង្គ្រាមពាក្យសម្តី ហិង្សានិយម ការប្រមាថ ហើយសម រង្ស៊ី ក៏ជាមនុស្សពិសពុលដែលពូកែប្រើសម្តីផ្អែមក្នុងការនិយាយពីសិទ្ធិមនុស្ស ប្រជាធិបតេយ្យជាមួយបរទេសដើម្បីបំផ្លាញខ្មែរដែរ។ សម រង្ស៊ី បានប្រើមនុស្សមួយចំនួនដែលស៊ីជោរ និងជនឆ្លៀតឱកាសនិយមដើម្បីជេរប្រមាថលើថ្នាក់ដឹកនាំប្រទេស ពេលខ្លះរហូតដល់ប្រមាថព្រះចេស្តាព្រះមហាក្សត្រជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់របស់ប្រជាពលរដ្ឋខ្មែរ និង ចុងក្រោយនេះបានបង្កើនការវាយប្រហារមកលើត្រកូល ហ៊ុន ជាពិសេសតម្រង់មកលើ ឯកឧត្តម ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីអនាគតរបស់គណបក្សប្រជាជនកម្ពុជា ព្រោះក្រុមប្រឆាំង បានដឹងខ្លួនជាមុនថាពួកគេនឹងមិនអាចយកឈ្នះការប្រកួតគ្រប់សមរភូមិដោយត្រូវប្រឈមជាមួយឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាបេក្ខជននាយករដ្ឋមន្ត្រីដ៏ខ្លាំង របស់គណបក្សប្រជាជនកម្ពុជានាអនាគត។
គ្រប់ពូជមេដឹកនាំកម្ពុជាដែលពោរពេញដោយសមត្ថភាព ទេពកោសល្យ សីលធម៌ គុណធម៌នេះបាននិងកំពុងតែទទួលបាននូវការគាំទ្រកាន់តែខ្លាំងពីប្រជាពលរដ្ឋខ្មែរ និងជា ក្តីសង្ឃឹមរបស់ជាតិនិងប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនកាន់តែខ្លាំងថែមទៀត និងរក្សា បាននូវសុខសន្តិភាព ស្ថិរភាពជាតិ និងការពារបាននូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីបានល្អប្រសើរ។
ចុងក្រោយនេះ សម រង្ស៊ី បានប្រើប្រាស់ជនត្រូវចោទម្នាក់ដែលជាអតីតពលករឈ្មោះ ផន ផាន់ណា ដើម្បីចេញមកវាយប្រហារលើឯកឧត្តម ហ៊ុន ម៉ាណែត ប៉ុន្តែ សម រង្ស៊ី បានជ្រើសរើសមនុស្សខុសដើម្បីចេញវាយប្រហារ និងជាការប្រើយុទ្ធសាស្ត្រខុសក្បួន។ តាមពិតបុគ្គល ផន ផាន់ណា នេះ គឺគ្រាន់តែជាមនុស្សចោលម្សៀត និងជាមនុស្សឱកាសនិយមប៉ុណ្ណោះ និងជាមនុស្សសំឡឹងតែផលប្រយោជន៍។ តាមព័ត៌មានច្បាស់ការណ៍ បុគ្គលឈ្មោះ ផន ផាន់ណានេះ ខិតខំប្រឹងប្រែងជេរប្រមាថគណបក្សប្រជាជនកម្ពុជាដើម្បីតោងកាលីបល្បី និងបានសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ធ្វើលិខិតសុំអភ័យទោសដែលបានឈ្លក់វង្វេងនឹងមនោគមវិជ្ជាបោកប្រាស់របស់ក្រុមប្រឆាំង ប៉ុន្តែជននេះបានបែរក្បាលទៅបន្តអាជីពចាស់ខ្លួនវិញគឺស៊ីឈ្នួលជេរឱ្យក្រុមសម រង្ស៊ី ក្រោយពីបរាជ័យមិនបានដូចក្តី ប្រាថ្នាទាមទារតួនាទី លុយ ផ្ទះ ឡានពីគណបក្សកាន់អំណាចបាន។ តែធនធានមនុស្សរបៀប ផន ផាន់ណានេះ គឺ គណបក្សប្រជាជនកម្ពុជាមិនត្រូវនោះទេ ព្រោះជាគោលការណ៍គណបក្សប្រជាជនកម្ពុជាមិនត្រូវការធនធានមនុស្ស ដែលមើលឃើញតែផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។ ធនធានរបៀបនេះ កុំថាឡើយមានសមត្ថភាពឈរឈ្មោះ ជាបេក្ខភាពនាយករដ្ឋមន្ត្រីដូចដែលខ្លួនអួតអាងតាមការបង្គាប់បញ្ជារបស់ទណ្ឌិត សម រង្ស៊ី ឱ្យនិយាយ សូម្បីតែគ្រប់គ្រងនិងជួយខ្លួនឯងឱ្យជោគជ័យសិន ក៏មិនកើតដែរ។ នេះគឺជាការប្រើមនុស្សខុស និងយុទ្ធសាស្ត្រខុសដែលធ្វើឱ្យ ពលរដ្ឋខ្មែរមើលឃើញនូវល្បិចកលលើគោករបស់ទណ្ឌិត សម រង្ស៊ី។
ដូច្នេះអ្វីដែលជាយុទ្ធសាស្ត្រដែលទណ្ឌិត សម រង្ស៊ី ដែលប្រើយុវជនមកប្រកាសពីសិទ្ធិរបស់ខ្លួន និងបង្កើន ការវាយប្រហារមកលើត្រកូលហ៊ុនជាពិសេសគឺការបើកសមរភូមិវាយលើលោក ហ៊ុន ម៉ាណែត គឺជាយុទ្ធសាស្ត្រចាញ់ចាញ់ ហើយក្រុមប្រឆាំងហាក់បានទទួលយកការបរាជ័យមុនការប្រកួត ឬថាជាការចុះចាញ់មុនការប្រកួត ទាំងសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ទាំងសម្រាប់ការបោះឆ្នោតជាបន្តបន្ទាប់ខាងមុខ។ ក្រុមប្រឆាំងពុំមានឡើយនូវក្តីសង្ឃឹម សូម្បីតែបន្តិច សម្រាប់ឈ្នះការបោះឆ្នោតនាពេលខាងមុខ ដើម្បីឡើងធ្វើជានាយករដ្ឋមន្ត្រី។ និយាយម្យ៉ាងទៀត អ្វីដែលបានលើកឡើងខាងលើ គឺបង្ហាញច្បាស់នូវការពិតនយោបាយមួយ ហើយវាស្ថិតក្នុងការគិតរួចទៅហើយរបស់ក្រុមប្រឆាំង គឺ ការបាត់បង់អស់រលីងនូវក្តីសង្ឃឹម ហើយទទួលយករួចទៅហើយនូវបរាជ័យរបស់ខ្លួនសម្រាប់ការប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ ជាពិសេស គឺការទទួលស្គាល់ចាប់ពីពេលនេះទៅថា ឯកឧត្តម ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីនាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា, របស់ប្រជាជនកម្ពុជា និងរបស់ព្រះរាជាណាចក្រកម្ពុជា។
ក្រុមប្រឆាំងពិតជាគ្មានសង្ឃឹមថានឹងឈ្នះការបោះឆ្នោតឡើយ ហើយក៏មិនអាចដណ្តើមប្រជាប្រិយភាពពីគណបក្សប្រជាជនកម្ពុជាពីសម្តេចតេជោ ហ៊ុន សែន និងពីឯកឧត្តម ហ៊ុន ម៉ាណែតឡើយ។ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវបានគណបក្សប្រជាជនកម្ពុជាផ្តល់សេចក្តីទុកចិត្តសម្រាប់ជាបេក្ខជននាយករដ្ឋមន្ត្រីនាអនាគត ហើយដែលកំពុងទទួលបានការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុងប្រទេសនិងក្រៅប្រទេស។ ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ាណែត មានភាពសកម្មលើផ្នែកកិច្ចការការទូតជាមួយបណ្តាប្រទេសជាមិត្តទាំងអស់។ ចំណុចទាំងនេះ ដែលធ្វើឱ្យក្រុមប្រឆាំងបាត់បង់ជំនឿលើខ្លួនឯង និងគ្មានក្តីសង្ឃឹមអ្វីបន្តិចឡើយ។
ក្រុមប្រឆាំងមិនត្រឹមតែចុះចាញ់មុនការប្រកួតក្នុងការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខនេះ ប៉ុណ្ណោះទេ ប៉ុន្តែ បានមើលឃើញយ៉ាងច្បាស់ថា ឯកឧត្តម ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីម្នាក់ដ៏ខ្លាំងនាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា ហើយសម្រាប់រយៈពេលវែង ក្រុមប្រឆាំងនឹងកាន់តែអស់សង្ឃឹមក្នុងការផ្តួលគណបក្សប្រជាជនកម្ពុជា ខណៈដែលក្រុមប្រឆាំង មិនទាន់នឹងបាននឹកគិតឃើញអំពីផែនការបន្តវេននៅឡើយ ប៉ុន្តែសម្រាប់គណបក្សប្រជាជនកម្ពុជា បានរៀបចំ និងដាក់ចេញបានយ៉ាងល្អនូវផែនការនៃការបន្តវេនដឹកនាំប្រទេស ទាំងលើបទពិសោធការងារ ទាំងលើការទទួលបានភាពចាស់ទុំខាងនយោបាយ និង ការដឹកនាំប្រទេស និងទាំងលើប្រជាប្រិយភាពនយោបាយជាមួយប្រជាជនកម្ពុជា តាមរយៈការធ្វើអំពើល្អជាមួយប្រជាជន, ការបង្កើតបាននូវស្នាដៃរាប់មិនអស់ដើម្បីឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជន និងការរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈក្រោមម្លប់នៃសន្តិភាព៕
ដោយ៖ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២