ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន ទទួលជួប ឧបការីអគ្គលេខាធិការ និងជានាយកការិយាល័យកិច្ចការច្បាប់របស់អង្គការសហប្រជាជាតិ
ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ទទួលបន្ទុកដំណើរការកាត់សេចក្តីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានទទួលជួបជាមួយឧបការី អគ្គលេខាធិការ អង្គការសហប្រជាជាតិ (អ.ស.ប.)ទទួលបន្ទុកកិច្ចការច្បាប់របស់អង្គការសហប្រជាជាតិ លោក Stephen Mathias ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងមុខងារសេសសល់ក្រោយតុលាការ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
ចាប់តាំងពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)បានបង្កើតឡើងនៅឆ្នាំ២០០៦មក បានទទួលភស្តុតាងពីជនរងគ្រោះជាង ១០.៣០០នាក់ បានចេញសេចក្តីសម្រេចជាង ១.៣៤៥ និងបានបង្កើតកំណត់ហេតុតាមផ្លូវតុលាការ និងប្រវត្តិសាស្រ្តសម្រាប់កម្ពុជាចំនួនជាងបីលានទំព័រ។ អង្គជំនុំជម្រះគ្រោងនឹងបញ្ចប់សំណុំរឿងទាំងអស់ត្រឹមបំណាច់ឆ្នាំនេះ។ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិបានឯកភាពគ្នាថា អង្គជំនុំជម្រះវិសាមញ្ញនឹងបំពេញមុខងារសេសសល់របស់ខ្លួនសម្រាប់ដំណាក់កាលដំបូងរយៈពេលបីឆ្នាំ ដោយចាប់ផ្តើមនៅក្នុងឆ្នាំ២០២៣។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងលោកឧបការីអគ្គលេខាធិការអ.ស.ប. បានស្វាគមន៍ចំពោះវឌ្ឍនភាពការងារយ៉ាងធំធេងរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ។ លើសពីនេះទៀត ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីមុខងារសេសសល់ដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.)ត្រូវបំពេញនៅពេលបញ្ចប់កិច្ចដំណើរការនីតិវិធីតាមផ្លូវតុលាការរបស់ខ្លួន។
គោលបំណងមួយក្នុងចំណោមគោលបំណងសំខាន់នានានៃមុខងារសេសសល់នោះ គឺដើម្បីថែរក្សាកេរដំណែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) រួមទាំងតាមរយៈការអនុញ្ញាតឱ្យសាធារណជនអាចចូលពិនិត្យមើលព័ត៌មាននៅក្នុងបណ្ណសាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ឱ្យបានទូលំទូលាយ និងផ្សព្វផ្សាយព័ត៌មានអំពីការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)។
“ក្នុងនាមរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ យើងសូមបន្តការគាំទ្រដល់ការងារផ្នែកតុលាការដ៏មានសារសំខាន់របស់អង្គជំនុំជម្រះវិសាមញ្ញ និងការងារសេសសល់ដែលនឹងដំណើរការនាពេលខាងមុខ”។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ថវិកាដល់អង្គជំនុំជម្រះវិសាមញ្ញ និងសូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះការគាំទ្រជាយូរអង្វែងពី អ.ស.ប. និងម្ចាស់ជំនួយរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ហើយថាការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) មិនអាចដំណើរការទៅមុខ ដោយគ្មានជំនួយពីអ.ស.ប.និងម្ចាស់ជំនួយទាំងនោះបានឡើយ។
ឯកឧត្តមបានជំរុញឱ្យបណ្តារដ្ឋជាម្ចាស់ជំនួយមេត្តាផ្តល់ការគាំទ្រ ដើម្បីឱ្យមានការផ្សព្វផ្សាយព័ត៌មានឱ្យបានកាន់តែទូលំទូលាយដល់សាធារណជនកម្ពុជា ជាពិសេសជនរងគ្រោះនៃរបបខ្មែរក្រហម និងយុវជនជំនាន់ក្រោយនៅកម្ពុជា គាំទ្រដល់ចំណេះដឹងផ្នែកប្រវត្តិសាស្រ្ត និងបញ្ចៀសមិនឲ្យអំពើព្រៃផ្សៃពីអតីតកាលកើតឡើងសាជាថ្មី។
លោកឧបការីអគ្គលេខាធិការអ.ស.ប.ទទួលបន្ទុកកិច្ចការច្បាប់បានសម្តែងនូវសេចក្តីសោមនស្សដែលបានមកទស្សនកិច្ចនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរួមគ្នារបស់រាជរដ្ឋាភិបាល អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដើម្បីធានានូវគណនេយ្យភាពចំពោះឧក្រិដ្ឋកម្មនានាដែលបានប្រព្រឹត្តនៅក្នុងអំឡុងរបបខ្មែរក្រហម ព្រមទាំងធានានូវយុត្តិធម៌សម្រាប់ជនរងគ្រោះ។ លោកឧបការីអគ្គលេខាធិការអ.ស.ប. ក៏បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិផងដែរ ក្នុងការបន្តគាំទ្រដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នៅក្នុងអំឡុងដំណាក់កាលអនុវត្តមុខងារសេសសល់ និងបានសង្កត់ធ្ងន់នូវសារសំខាន់នៃការថែរក្សាកេរដំណែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) សម្រាប់ប្រជាជនកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ និងលោកឧបការីអគ្គលេខាធិការអ.ស.ប. នឹងចូលរួមស្តាប់ការប្រកាសសាលដីកាស្ថាពរនៅក្នុងសំណុំរឿងចុងក្រោយនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ប្រឆាំងនឹងអតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ខៀវ សំផន ដែលនឹងកំណត់ពេលដំណើរការនៅថ្ងៃស្អែក (ថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២)។ បន្ទាប់មក ភាគីទាំងពីរនឹងធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់ខ្លួននៅបរិវេណអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ៕ ង៉ាន់ ទិត្យ