នាវាចម្បាំងអាមេរិក និងកាណាដា ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាថ្មី ចំពេលមានភាពតានតឹងជាមួយចិន
តៃវ៉ាន់៖ កងទ័ពជើងទឹកអាមេរិក និងកាណាដា បានអះអាងថា នាវា ចម្បាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងនាវាចម្បាំង កាណាដា បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃអង្គារ ថ្ងៃទី ២០ ខែកញ្ញា។សកម្មភាពនេះ ចំពេលដែលភាពតានតឹងផ្នែក យោធា រវាងក្រុងប៉េកាំង និងតៃប៉ិ នៅតែបន្តកើនឡើង។
សេចក្តីថ្លែងការណ៍របស់កងទ័ពជើងអាមេរិក និយាយថា នាវា លំដាប់ Arleigh Burke របស់អាមេរិក USS Higgins (DDG 76) និងនាវាចម្បាំងលំដាប់ Halifax របស់កាណាដា HMCS Vancouver បានធ្វើការឆ្លងកាត់តាមច្រករបៀងក្នុង ច្រកសមុទ្រ តៃវ៉ាន់ លើផ្លូវទឹកអន្តរជាតិ។
សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា៖«កិច្ចសហប្រតិបត្តិការបែបនេះ តំណាងឱ្យចំណុចស្នូលនៃវិធីសាស្រ្តរបស់យើង ឆ្ពោះទៅកាន់តំបន់ ដែលមានសុវត្ថិភាព និងវិបុលភាព»។
ចំណែកឯរដ្ឋមន្ត្រីការពារជាតិកាណាដា លោកស្រី Anita Anand បាននិយាយថា ប្រទេសរបស់លោកស្រី ក្នុងនាមជាប្រជាជាតិ ប៉ាស៊ីហ្វិកមួយ មានការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការ លើក កម្ពស់ស្ថិរភាព និងវិបុលភាពសកលនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
យ៉ាងណាមិញ ចិនបានថ្កោលទោសបេសកកម្មនេះ ដោយនិយាយ ថា កងកម្លាំងរបស់ខ្លួនបានធ្វើការប្រមាននាវាទាំងនោះ។ បញ្ជាការកងទ័ពភាគខាងកើតចិន បានថ្លែងក្នុងសេចក្ដី ថ្លែងការណ៍ ថា កងកម្លាំងរបស់ខ្លួន តែងតែមានការប្រុងប្រយ័ត្នខ្ពស់ ប្រឆាំងយ៉ាង ម៉ឺងម៉ាត់នឹងការគំរាមកំហែង និងការញុះញង់ទាំងអស់ ហើយនិង ការពារយ៉ាងម៉ឺងម៉ាត់ នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹក ដីរបស់ខ្លួន។
ទោះបីយ៉ាងនេះក្ដី ក្រសួងការពារជាតិតៃវ៉ាន់អះអាងថា នាវាចម្បាំង របស់អាមេរិកបានធ្វើដំណើរតាមផ្លុវទឹកក្នុងស្ថានភាពធម្មតា។
គួរបញ្ជាក់ថា ការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់លើកនេះ គឹជាការឆ្លង កាត់លើកទី២សម្រាប់អាមេរិក ក្នុងរយៈពេលមួយ ខែចុងក្រោយនេះ បន្ទាប់ពីមានភាពតានតឹងក្នុងតំបន់ ដែលបង្កឡើងដោយដំណើរ ទស្សនកិច្ចទៅកោះតៃវ៉ាន់ របស់ប្រធានសភាអាមេរិកលោកស្រី ណាន់ស៊ី ប៉េឡូស៊ី កាលពីដើមខែសីហា។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាវាចម្បាំងអាមេរិក និង សម្ព័ន្ធមិត្តដូចជា អង់គ្លេស និងកាណាដា បានធ្វើដំណើរ តាម ច្រកសមុទ្រតៃវ៉ាន់ជាទម្លាប់ ដែលធ្វើឱ្យមានការខឹងសម្បាពីចិន ដែលទាមទារថាកោះតៃវ៉ាន់ ជាផ្នែកមួយនៃអធិបតេយ្យភាព របស់ ខ្លួន៕ដោយ៖ ហួន ឌីណា