ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ កម្ពុជាខ្ចីលុយចិនមិនមែន យកមកទិញឡានជិះ តែយកមកសាងសង់ផ្លូវ ភ្លើង ហេដ្ឋារចនាសម្ព័ន្ធ
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃពុធ ទី២១កញ្ញា ឆ្នាំ ២០២២ បានថ្លែងថា កម្ពុជាខ្ចីលុយចិន មិនដែលខ្ជះខ្ជាយនោះទេ។ ការថ្លែង យ៉ាងដូច្នេះគឺ អំឡុងពេលដែលលោកបានទៅពិនិត្យការដ្ឋានសាង សង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាគម្រោងវិនិយោគ របស់ក្រុមហ៊ុនចិន។
ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ៖ «កម្ពុជាអត់មានខ្ចីលុយមកខ្ជះខ្ជាយ មកចាយទិញឡានជិះនោះទេ ។កម្ពុជាខ្ចីលុយមកសាងសង់ផ្លូវ ភ្លើង ប្រឡាយទឹក សាលារៀន។ ល។
ការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងសាធារណការយ៉ាងដូច្នេះ ក៏ ជាឆ្លើយតបទៅនឹងក្តីបារម្ភជាហូរហែ ដែលគិតថា កម្ពុជាកំពុង ផុងខ្លួនទៅក្នុងបំណុលរបស់ចិន ខណៈដែលផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក៏ជាផ្នែកនៃការតភា្ជប់គម្រោងផ្លូវមួយខ្សែ ក្រវាត់មួយរបស់ចិនផងនោះ។
ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ដោយសារគេថាប្រទេស មួយ ចំនួនប្រើប្រាស់ប្រាក់កម្ចី ធ្វើឲ្យប្រទេសនឹងជាប់គាំង Debt-trap (បំណុល) ការទប់ជាប់ខ្ចីលុយគេ អស់លុយសងគេណាស់មិនកើត ប្រទេសហ្នឹងធ្លាក់ជាក្រីក្រវិញ»។ លោកបន្ថែមថា ៖ «ខ្ញុំសូមជម្រាបថា មុននឹងកម្ពុជាខ្ចីថវិកាមកធ្វើអ្វីមួយ គឺកម្ពុជាគិតគូរពីផលចំណេញ លើការខ្ចីហ្នឹង។ បើធ្វើផ្លូវថ្នល់ (នេះរបស់ឯកជនទេណា របស់គេទេ អត់មានទាក់ទងយើងទេពីរពាន់លានយើងអត់មានខ្ចីគេមួយសេនទេ) ប៉ុន្តែធ្វើផ្លូវមួយចំនួន ផ្លូវ៣១ ផ្លូវ៤១ ផ្លូវ៣៣ ផ្លូវលេខ៦,ផ្លូវលេខ៣ យើងខ្ចីគេ។ប៉ុន្តែយើងត្រូវពិនិត្យថាការខ្ចីហ្នឹងវាចំណេញខាង សេដ្ឋកិច្ច យ៉ាងតិច១២ភាគរយឬអត់? បើចំណេញតិចជាង១២ ភាគរយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមិនអនុញ្ញាតឲ្យយើងខ្ចី។
ក្នុងគម្រោងផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន មានប្រទេសមួយចំនួន បានផុងខ្លួនទៅក្នុងបំណុលចិន ដោយដកខ្លួនមិនរួច ។តួយ៉ាងដូចជា ប្រទេសស្រីលង្កាជាច្រើន។ តែយ៉ាងណាឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា កម្ពុជាមិនដូចប្រទេសស្រីលង្កា ឬប្រទេសមួយ ចំនួន ដែលធ្លាក់ទៅក្នុងបំណុលវ័ណ្ឌករបស់ចិននោះឡើយ។ ពោល គឺក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគិតគូរយ៉ាងច្បាស់ ទៅលើ បំណុលដែលកម្ពុជាជំពាក់បរទេស។
ទាក់ទងនឹងគម្រោងផ្លូវមួយ ខ្សែក្រវាត់មួយរបស់ចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ធ្លាប់បានម្តងរួចមកហើយថា កម្ពុជាមិនធ្លាក់ទៅក្នងអន្ទាក់បំណុលប្រទេសណាមួយឡើយ។
សម្តេចតេជោបានថ្លែងនៅក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្តីពី អនាគតរបស់អាស៊ី នៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០២២ ដោយធានា ថា រាល់កម្ចីដែលកម្ពុជាខ្ចីបរទេស គឺកម្ពុជាមានភាពប្រុងប្រយ័ត្ន ជាទីបំផុត។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានគូសបញ្ជាក់ថា បំណុលដែលកម្ពុជាជំពាក់បរទេសនាពេល បច្ចុប្បន្ននៅតិចជាង៣០ភាគរយប៉ុណ្ណោះ ខណៈដែលជា គោលការណ៍ ពីធនាគារពិភពលោក គឺប្រទេសទាំងអស់អាចខ្ចី បុលបរទេសបាន៤០ភាគរយលើចំណូលសរុបនៃប្រទេសនោះ។
តាមឯកឧត្តម ស៊ុន ចាន់ថុល បំណុលដែលកម្ពុជាជំពាក់នៅក្រោម ៣០ភាគរយនេះ មានន័យថា កម្ពុជាអាចខ្ចីបរទេសបន្តទៀត ដើម្បី កសាងប្រទេសឲ្យសេដ្ឋកិច្ចរីកចម្រើន ឲ្យកម្ពុជាក្លាយជាប្រទេស មានចំណូលខ្ពស់នៅឆ្នាំ២០៥០៕
ដោយ៖សេក ប្រាក់