ធនាគារអភិវឌ្ឍន៍អាស៊ី បន្ទាបកំណើនសេដ្ឋកិច្ចរបស់អាស៊ី ខណៈសេដ្ឋកិច្ចចិនកំពុងជួបបញ្ហា

អន្តរជាតិ៖ នៅថ្ងៃពុធ ថ្ងៃទី២១ ខែកញ្ញា ធនាគារអភិវឌ្ឍន៍អាស៊ី (អេឌីប៊ី,ADB) បានព្យាករណ៍ជាថ្មី ដោយបន្ថយកំណើន សេដ្ឋកិច្ច របស់អាស៊ីសម្រាប់ឆ្នាំ២០២២។ ថមថយកំណើនសេដ្ឋកិច្ច ដោយសារ ការបិទខ្ទប់កូវីដ-១៩ នៅក្នុងប្រទេសចិន ជម្លោះ នៅ អ៊ុយក្រែន និងការប្រយុទ្ធប្រឆាំងនឹងកំណើនអតិផរណា នៅក្នុង តំបន់។

នៅក្រោយការបន្ធូរបន្ថយលើការរឹតត្បិតកូវីដ-១៩បានជំរុញឲ្យមានចរន្តសេដ្ឋកិច្ចនិងបង្កើនការវិនិយោគក្នុងតំបន់ឡើងវិញ។ ប៉ុន្តែអេឌីប៊ី ដែលមានមូលដ្ឋាននៅហ្វីលីពីន បានព្រមានជាថ្មីទៀតអំពី ដំណើរ ប្រឈមជាសកលនៅក្រោយវិបត្តិកូវីដ១៩ដែលក្នុងនោះរួមមានការឡើងថ្លៃម្ហូបអាហារនិងប្រេងឥន្ធនៈខណៈធនាគារកណ្តាលតាមប្រទេសបានដំឡើងអត្រាការប្រាក់។

ការណ៍នេះបានជំរុញឲ្យអេឌីប៊ីព្យាករបន្ថយកំណើនសេដ្ឋកិច្ចឆ្នាំ២០២២ សម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី។ ការព្យាករណ៍ដែល សំដៅលើប្រទេសសមាជិកចំនួន៤៦ ចាប់ពីកោះ Cook ក្នុងសមុទ្រ ប៉ាស៊ីហ្វិក រហូតដល់ប្រទេសកាហ្សាក់ស្ថាននៅអាស៊ីកណ្តាល អាច នឹង មានកំណើនត្រឹមតែ ៤.៣ភាគរយ។

កាលពីខែមេសាកន្លងទៅនេះ ធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករណ៍ ថា អាស៊ីមានកំណើន ៥.២ភាគរយខណៈឆ្នាំ២០២១កន្លងទៅ ប្រទេស ក្នុងតំបន់នេះ មានកំណើនរួម ៧ភាគរយ។

ប្រធានសេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី លោក Albert Park បានព្រមានថា “ហានិភ័យមើលទៅធំធេង” សម្រាប់តំបន់ទាំងមូល ហើយលោកក៏បានជំរុញឱ្យរដ្ឋាភិបាលតាមប្រទេសទាំងនោះមាន”ការប្រុងប្រយ័ត្ន”។
លោកParkបាននិយាយថា”ការធ្លាក់ចុះគួរឲ្យកត់សម្គាល់នៃសេដ្ឋកិច្ចពិភពលោកនឹងធ្វើឱ្យខូចយ៉ាងខ្លាំងដល់តម្រូវការសម្រាប់ការនាំចេញក្នុងតំបន់។”

លោកបញ្ជាក់ថា ការរឹតបន្តឹងលើរូបិយវត្ថុខ្លាំងពីបណ្តាប្រទេសដែល មាន សេដ្ឋកិច្ចជឿនលឿន អាចនាំឱ្យមានអស្ថិរភាពហិរញ្ញវត្ថុ ខណៈ កំណើនសេដ្ឋកិច្ចចិន កំពុងតែប្រឈមនឹងបញ្ហាបិទខ្ទប់ និងភាពអន់ ថយនៃវិស័យអចលនទ្រព្យ។

ការព្យាករណ៍កំណើនរបស់ប្រទេសចិនសម្រាប់ឆ្នាំ២០២២ ត្រូវ បានកាត់បន្ថយមកត្រឹម ៣.៣ភាគរយ ពោលគឺបានបន្ថយពី ៥ភាគរយខណៈដែលទីក្រុងប៉េកាំងបន្តយុទ្ធសាស្រ្តកូវីដសូន្យ។ការបិទខ្ទប់នេះ ជាយុទ្ធសាស្ត្រដែលបានបំផ្លិចបំផ្លាញសេដ្ឋកិច្ចដ៏ ធំលំដាប់ទី២របស់ពិភពលោក។

ដោយមិនរាប់បញ្ចូលប្រទេសចិន ប្រទេសកំពុងអភិវឌ្ឍក្នុងតំបន់ អាស៊ីនឹង មានកំណើនសេដ្ឋកិច្ច ៥,៣ភាគរយ។

អេឌីប៊ីបានកត់សម្គាល់ថា៖«ជាលើកដំបូងក្នុងរយៈពេលជាងបីទសវត្សរ៍ដែលតំបន់អាស៊ីកំពុងអភិវឌ្ឍរីកចម្រើនលឿនជាងប្រទេសចិន»។

ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានបង្កើនការព្យាករណ៍កំណើនអតិផរណាក្នុងតំបន់មក ៤.៥ភាគរយ កើនឡើងពី ៣.៧ភាគរយដោយសារតែ ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននិងផលប៉ះពាល់លើខ្សែសង្វាក់ផ្គត់ផ្គង់ធ្វើឲ្យតម្លៃអាហារ និងថាមពលកើនឡើង៕ ដោយ៖ CPA/យ៉ាន អាន

ads banner