អ្នកនាំពាក្យ៖ សម្តេចតេជោ ហ៊ុន សែន មិនជួបអ្នកគាំទ្រទ្រង់ទ្រាយ ធំនៅអាមេរិក ដោយសារកម្មវិធីមមាញឹកពេក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាឯកឧត្តម សុខ ឥសាន បានលើកឡើងថាមូលហេតុដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាសម្រេចមិនជួបជាមួយអ្នកគាំទ្រនៅទឹកដីសហរដ្ឋអាមេរិកពេលនេះ គឺដោយសារទីមួយ កាលវិភាគរបស់ប្រមុខរាជរដ្ឋាភិបាលមានភាពមមាញឹក ហើយហេតុផលទីពីរ គឺដោយសារតែ លោកទើបតែជួបជាមួយអ្នកគាំទ្រនៅលើទឹកដីសហរដ្ឋអាមេរិកម្តងរួចទៅហើយ កាលពីអំឡុងខែឧសភា ក្នុងពេលដែលលោកធ្វើជា សហប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក។

ការបញ្ជាក់របស់ឯកឧត្តម សុខ ឥសាន យ៉ាងដូច្នេះ គឺបន្ទាប់ពី សម្តេច តេជោ ហ៊ុន សែន តាមរយៈទំព័រហ៊្វេសប៊ុក បានបញ្ជាក់ថា សម្តេចមិនអាចរៀបចំជំនួបជាមួយនឹងប្រជាពលរដ្ឋខ្មែរបានដោយសារតែពេលវេលានៅទីក្រុងញ៉ូវយកមានរយៈពេលខ្លី។ តាមរយៈ សំណេរកាលពីថ្ងៃអង្គារ ទី២០ខែកញ្ញា សម្តេចតេជោនាយករដ្ឋមន្ត្រី បាន សរសេរថា ៖«ខ្ញុំសូមផ្ញើការនឹករលឹកដល់បងប្អូនដែល រស់នៅ សហរដ្ឋអាមេរិកនិងកាណាដានិងសូមការអធ្យាស្រ័យដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបាន អាស្រ័យដោយការស្នាក់នៅ ទីក្រុងញូវយ៉កមានរយៈពេលខ្លីនិងមានកម្មវិធីច្រើន។ម្យ៉ាងទៀត យើងក៏ទើបជួបគ្នាកាលពីខែឧសភា២០២២កន្លងទៅនៅទីក្រុងវ៉ាស៊ីនតោនហើយដែរ។

បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រីគឺសម្តេចសង្ឃឹមថាប្រជាពលរដ្ឋខ្មែរដែលរស់នៅទឹកដីអាមេរិកនិងកាណាដានឹងមានការយោគយល់ចំពោះការខាកខានជំនួប។

អ្នកតាមដាននយោបាយខ្លះយល់ថាឃើញ មូលហេតុទាំងពីរដែល សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាអះអាង ពេលនេះហាក់ដូចជាមិន ពិតទាំងស្រុងនោះទេ។អ្នកវិភាគនោះថា សម្តេចតេជោទំនងជាខ្លាច ពួកប្រឆាំង។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានច្រានចោលការវិភាគបែបនេះដោយលោកចាត់ទុកថាជារឿងសំណើចដែលអ្នកវិភាគស្មានជំនួសសម្តេចតេជោនាយករដ្ឋមន្ត្រីទៅវិញ។ឯកឧត្តម សុខ ឥសាន្ត បានបញ្ជាក់ថា៖«យើងដឹង ហើយថាសម្តេចធ្លាប់មានវីរភាពដ៏ អង់អាច ក្លាហានណាស់នៅក្នុងសមរភូមិក៏ដូចជានៅក្នុងការ ប្រយុទ្ធ ដើម្បីសង្រ្គោះប្រជាពលរដ្ឋកម្ពុជាឲ្យរួចផុតពីគ្រោះប្រល័យពូជសាសន៍ ។អញ្ចឹងទេរឿងអីទៅខ្លាចស្បែកជើង។អាហ្នឹងខ្ញុំយល់ថា អ្នកវិភាគ ហ្នឹងវាគ្រាន់តែមានសតិអារម្មណ៍លម្អៀងខាងនយោបាយថាឲ្យសម្តេចខ្លាចញញើតស្បែកជើងគ្មានអីខ្លាចទេ»។

បើតាមឯកឧត្តម សុខ ឥសាន កិច្ចប្រជុំដែលសម្តេចតេជោ ហ៊ុន សែន ទៅចូលរួមលើកនេះក៏នឹងមានការធានា សុវត្ថិភាពនិង សន្តិសុខពីសហរដ្ឋអាមេរិក។

គួរជម្រាបថា ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធ ទី២១កញ្ញា បានចេញដំណើរទៅកាន់សហរដ្ឋ អាមេរិកជាលើកទី២ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧នាទីក្រុងញូវយ៉កចាប់ពីថ្ងៃ២១ដល់២៣កញ្ញា។បន្ទាប់ ពីនោះសម្ដេចនឹងបន្តដំណើរទៅទស្សនកិច្ចផ្លូវការទៅប្រទេសគុយបា រួចទៅទីក្រុងតូក្យូប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសព លោក ស៊ិនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលត្រូវគេបាញ់សម្លាប់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា៕
ដោយ៖សេក ប្រាក់

ads banner