ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតគ្រោងបើកការដ្ឋាន នៅពាក់កណ្តាលឆ្នាំក្រោយ
ភ្នំពេញ៖ ផ្លូវល្បឿនលឿនថ្មីមួយខ្សែទៀតពីភ្នំពេញ-ក្រុងបាវិត ខេត្តស្វាយរៀង ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម គ្រោងនឹងបើកការដ្ឋានសាសង់នៅពាក់កណ្តាលឆ្នាំ២០២៣។ ផ្លូវនេះគ្រោងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដែលជាក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ដូចនេះ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញ រួមទាំង ក្រុមហ៊ុនសាងសង់ ចុះពិនិត្យលើកចុងក្រោយលើការសាងសង់ផ្លូវ ល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។
ពាក់ព័ន្ធនឹងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដូច្នេះ «យើង បានចុះអនុស្សរណៈយោគយល់គ្នា (MoU) រួចហើយ ជាមួយ ក្រុមហ៊ុន CRBC យើងនឹងត្រៀមចុះហត្ថលេខា លើកិច្ចព្រមព្រៀម នៅខែវិច្ឆិកានេះ ហើយក្រុមហ៊ុននឹងធ្វើការសិក្សាជាមួយការ ត្រៀម រៀបចំចុះកិច្ចព្រមព្រៀងសម្បទានឱ្យបានមុនដាច់ឆ្នាំនេះ ដើម្បីបាន បើកការដ្ឋាននៅឆ្នាំក្រោយ។ យើងគ្រោងនឹងបើកការដ្ឋានឱ្យបាន នៅពាក់កណ្តាលឆ្នាំ២០២៣»។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បញ្ជាក់ទៀតថា ការរៀបចំដំណើរការ បាន យ៉ាង លឿននេះ ដោយសារក្រុមហ៊ុន CRBC មាន បទពិសោធន៍ ធ្លាប់បានសាងសង់ផ្លូវល្បឿនលឿន មួយខ្សែរួចហើយ រួមទាំងមាន ទាំងសម្ភារគ្រប់គ្រាន់ និងអាចដឹងពីបញ្ហាធាតុអាកាសនៅ ក្នុង ប្រទេស កម្ពុជាបានត្រឹមត្រូវផងដែរ។
បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លូវល្បឿន លឿន ភ្នំពេញ-បាវិតនេះ ធ្លាប់មានក្រុមហ៊ុនចិនឈ្មោះ CRIG បានចុះ កិច្ចព្រមព្រៀមក្របខណ្ឌជាមួយក្រសួងម្តងរួច ហើយ ដោយតម្រូវ ឱ្យធ្វើការសិក្សាឱ្យបានចប់ក្នុងរយៈពេល១០ខែ ក្នុងនោះក្រុមហ៊ុន សិក្សាមិនចប់ក្នុងពេលកំណត់នោះឡើយ ហើយបានពន្យារ ពេលរហូតដល់បីឆ្នាំ នៅតែសិក្សាមិនបានចប់ និងត្រូវតាមលក្ខណៈ បច្ចេកទេសនោះឡើយ ទើបក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើរបាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន អំពីភាពយឺតយ៉ាវនេះ និងបានបញ្ចប់ជាមួយក្រុមហ៊ុន នោះតែម្តង។
សម្រាប់ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាសរសៃឈាមសេដ្ឋកិច្ច ដ៏សំខាន់មួយទៀតសម្រាប់កម្ពុជា៕ដោយ៖សេឌី