សត្វត្មាតមិនមែនតំណាងភាវៈអាក្រក់ដូចការយល់ឃើញនោះទេ ផ្ទុយទៅវិញវាជាសត្វជួយសម្អាតបរិស្ថាន និងជាសត្វកំពុងស្ថិតនៅក្នុងប្រភេទដ៏កម្រក្នុងលោក

ខេត្តរតន៖ គិរី៖ នៅក្នុងជំនឿ និងការយល់ឃើញរបស់ពលរដ្ឋកម្ពុជាក៏ដូចជា ជនបរទេស មួយចំនួនតែងយល់ថា សត្វត្មាតគឺជាសត្តតំណាងជាភាវៈអាក្រក់ ដែលគួរឲ្យខ្លាច និងមិនគួរនៅក្បែរដោយសារវាជាសត្វស៊ីសាកសពសត្វដែលស្អុយរលួយ និងក្លិនអសោច ។ ទោះបីយ៉ាងណាក្រុមអ្នកជំនាញបានអះអាងផ្ទុយពីនេះដោយបានចាត់ទុកថា វាជាសត្វជួយសម្អាតបរិស្ថាន និងការរស់នៅស្អាតបាតទៅវិញ។

កញ្ញា នី ណៃគី អ្នកសម្របសម្រួលក្រុមអ្នកអភិរក្សសត្វត្មាត របស់អង្គការជីវិត និងធម្មជាតិកម្ពុជាបានឱ្យដឹងជុំវិញបញ្ហានេះក្នុងយុទ្ធនាការអន្ទាក់សូន្យដែលបានរៀបចំឡើងនា ខេត្តរតនៈគិរីកាលពីថ្មីៗមកនេះថា សត្វត្មាត ត្រូវបានគេចាត់ទុកថា មានតួនាទីសំខាន់ ក្នុងការជួយថែរក្សាបរិស្ថានធម្មជាតិ ឱ្យបានស្អាត តាមរយៈការស៊ីសាកសពសត្វ។ ហេតុនេះពេលដែលមានសាកសពសត្វស្អុយរលួយនៅក្នុងព្រៃ ក្បែរភូមិ ឬក្បែរសហគមន៍ សត្វត្មាតនឹងទៅស៊ីសាកសពសត្វទាំងនោះ ដោយបានជួយសម្អាតបរិស្ថាន បំបាត់ក្លិនស្អុយ និងបង្ការមិនឱ្យមានរោគឆ្លងដល់មនុស្ស និងសត្វជាដើម។

អ្នកសម្របសម្រួលក្រុមអ្នកអភិរក្សសត្វត្មាត របស់អង្គការជីវិត និងធម្មជាតិកម្ពុជារូបនេះបានឱ្យដឹងដែរថា៖ កម្ពុជា បានចាប់ផ្តើមអភិរក្សសត្វជិតផុតពូជនេះតាំងពីឆ្នាំ២០០៤ ដើម្បីឱ្យបានគង់វង្សដល់កូនចៅជំនាន់ក្រោយបន្តទៀត។ការអភិរក្សសត្វត្មាតដែលជាសត្វដ៏កម្រនេះគឺមានសារៈសំខាន់បំផុតពីព្រោះថា វាជាសត្វស្ថិតនៅក្នុងប្រភេទពិបាកបន្តពូជ ។ ជាមួយគ្នាសត្វត្មាតបង្កកំណើតបានតែម្តងគត់ក្នុង១ឆ្នាំ ហើយត្មាតញី ១ក្បាល គឺអាចបង្កើតកូនត្មាតបានតែ១ក្បាលប៉ុណ្ណោះ ហេតុនេះបើសិនមានការរំខានណាមួយនោះវានឹងមិនអាចបង្កកំណើតឱ្យកូនត្មាតរយៈពេល១ឆ្នាំ។

កញ្ញា នី ណៃគី បានឱ្យដឹងបន្ថែមថា សត្វត្មាតវាជាប្រភេទសត្វស្លាប ដែលមានសារៈប្រយោជន៍ ដល់ប្រព័ន្ធអេកូឡូស៊ី ។ គេឃើញវត្តមានរបស់សត្វកម្រនេះ គឺមាននៅខេត្តព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និងក្រចេះ។ សត្វត្មាតវាអាចហោះហើរ និងសំកាំងខ្លួនទីដ៏ខ្ពស់ដែលមានរយៈកម្ពស់ដល់ទៅ ៦គីឡូម៉ែត្រ ហើយអាចប្រើល្បឿនហោះហើរក្នុងល្បឿន ១០០គីឡូម៉ែត្រក្នុងមួយម៉ោងទៀតផង។

ទាក់ទិនក្នុងសត្វត្មាតនេះដែរត្រូវបានកញ្ញា នី ណៃគី បញ្ជាក់បន្ថែមថា បញ្ហាប្រឈមរបស់សត្វត្មាតនាពេលបច្ចុប្បន្នគឺការប្រើថ្នាំពុល ការបរបាញ់និងអន្ទាក់ ។

គួរបញ្ជាក់ថាបើតាមលទ្ធផលជំរឿនសត្វត្មាតលើកទី៣ សម្រាប់ឆ្នាំ២០២២ នេះបានបង្ហាញថា ចំនួនសត្វត្មាតមានចំនួន ១២៨ក្បាល គឺច្រើនជាងចំនួនសត្វត្មាតដែលក្រុមអ្នកអភិរក្សបានរកឃើញកាលពីឆ្នាំ២០២១ ចំនួន ៧ក្បាល។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានធ្លាប់បានឱ្យដឹងថា លទ្ធផលជំរឿនសត្វត្មាតដែលបានធ្វើឡើងកាលពីអំឡុងពាក់កណ្តាលខែមិថុនាកន្លងមក នៅក្នុងដែនជម្រកសត្វព្រៃក្នុងខេត្តចំនួន ៤ រកឃើញសត្វត្មាតសរុបចំនួន ១២៨ក្បាល ។ ក្នុងនេះ សត្វត្មាតនៅខេត្តក្រចេះមានចំនួន ២៤ក្បាល នៅខេត្តស្ទឹងត្រែងមានចំនួន ៨០ក្បាល ខេត្តព្រះវិហារមានចំនួន ១៥ក្បាល និងខេត្តមណ្ឌលគិរី មានចំនួន ៩ក្បាល។

ក្រុមអ្នកអភិរក្សគ្រោងនឹងធ្វើជំរឿនសត្វត្មាត ចំនួនពីរលើកទៀត ដើម្បីទទួលបានព័ត៌មានច្បាស់លាស់ពីការកើនឡើងនៃចំនួនសត្វត្មាត។សម្រាប់ ជំរឿនលើកទី ៤ និងលើកទី៥ សម្រាប់ឆ្នាំ២០២២នេះ នឹងធ្វើឡើងនៅខែកញ្ញា និងខែធ្នូឆ្នាំ២០២២នេះ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner