លោក បៃដិន ចោទលោក ពូទីន បំពានធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយការឈ្លានពានអ៊ុយក្រែន

ញូវយ៉ក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងថ្ងៃពុធទី២១ ខែកញ្ញានេះ បានចោទប្រកាន់រុស្ស៊ីថា បានរំលោភលើសណ្តាប់ធ្នាប់អន្តរជាតិដោយឥតអៀនខ្មាស តាមរយៈការឈ្លានពានប្រទេសអ៊ុយក្រែន។

លោក បៃដិន បានស្វែងរកការស្វាគមន៍ពីមេដឹកនាំពិភពលោក នៅក្នុងសុន្ទរកថាទៅកាន់អង្គការសហប្រជាជាតិ ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានកោះហៅទាហានបម្រុងរាប់ម៉ឺននាក់ ដើម្បីទៅប្រយុទ្ធនៅអ៊ុយក្រែន ហើយនេះជាជំហានដែលមហាអំណាចលោកខាងលិចបង្ហាញពីភាពអស់សង្ឃឹមជាខ្លាំង។

លោក បៃដិន បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិយ៉ាងដូច្នេះថា រុស្ស៊ីបានបំពានគោលការណ៍ស្នូលនៃធម្មនុញ្ញអង្គការសហប្រជាជាតិដោយឥតអៀនខ្មាស។ លោកថា សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានឈ្លានពានអ្នកជិតខាងរបស់ខ្លួន (អ៊ុយក្រែន) ហើយប៉ុនប៉ងលុបបំបាត់រដ្ឋអធិបតេយ្យចេញពីផែនទី។

លោក បៃដិន ក៏បានប្រកាសផងដែរថា នឹងផ្តល់កញ្ចប់ថវិការ ២.៩ពាន់លានដុល្លារផ្សេងទៀតសម្រាប់មូលនិធិមួយ ក្នុងគោលបំណងដោះស្រាយបញ្ហាអសន្តិសុខស្បៀងពិភពលោក ដែលកាន់តែអាក្រក់ទៅៗ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិដ៏សំខាន់របស់ពិភពលោក។

ប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា សហរដ្ឋអាមេរិកនឹងគាំទ្រកៅអីអចិន្ត្រៃយ៍សម្រាប់ទ្វីបអាហ្រ្វិក និងអាមេរិកឡាទីន បន្ថែមពីលើការគាំទ្រពីមុនរបស់ខ្លួន ដើម្បីរួមបញ្ចូលប្រទេសជប៉ុន និងឥណ្ឌា។ លោកក៏បានសន្យាដែរថា សហរដ្ឋអាមេរិកនឹងបដិសេធពីការប្រើប្រាស់សិទ្ធិវេតូ លើកលែងតែក្នុងស្ថានភាពដ៏កម្រ និងវិសាមញ្ញ ដើម្បីធានាថា ក្រុមប្រឹក្សានេះនៅតែអាចជឿទុកចិត្តបាន និងមានប្រសិទ្ធភាព៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner