កូរ៉េខាងជើងចេញមុខអះអាងថា ខ្លួនមិនដែលផ្តល់អាវុធ ឬគ្រាប់រំសេវឱ្យរុស្ស៊ីឡើយ

ព្យុងយ៉ាង៖ កូរ៉េខាងជើងបានចេញមុខអះអាងនៅថ្ងៃព្រហស្បតិ៍ទី២២ ខែកញ្ញានេះថា ខ្លួនមិនដែលផ្តល់គ្រឿងសព្វាវុធ ឬគ្រាប់រំសេវឱ្យដល់រុស្ស៊ីឡើយ ហើយក៏មិនមានផែនការធ្វើដូច្នេះដែរ ខណៈដែលខ្លួនព្រមានសហរដ្ឋអាមេរិកឱ្យបិទមាត់ និងឈប់ផ្សព្វផ្សាយពាក្យចចាមអារ៉ាម ក្នុងបំណងបង្ខូចឈ្មោះប្រទេសកូរ៉េខាងជើង ។

ប្រតិកម្មរបស់កូរ៉េខាងជើងខាងលើនេះ កើតឡើងបន្ទាប់ពីអ្នកនាំពាក្យរងនៃក្រសួងការបរទេសអាមេរិកលោក វ៉េដាន់ ផាថែល ក្នុងខែកញ្ញានេះបាននិយាយថា រុស្ស៊ីកំពុងចរចាទិញគ្រាប់រ៉ុក្កែត និងគ្រាប់កាំភ្លើងធំរាប់លានពីកូរ៉េខាងជើង ដើម្បីប្រើនៅក្នុងប្រទេសអ៊ុយក្រែន។

មន្រ្តីអាមេរិក និងអង់គ្លេសកន្លងមក ក៏បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ដើម្បីរំលេចព័ត៌មានស្តីពីរុស្ស៊ីនាំចូលគ្រឿងសព្វាវុធអ៊ីរ៉ង់និងកូរ៉េខាងជើង ចំពេលកងកម្លាំងរុស្ស៊ីរងការខាតបង់ធំនៅក្នុងសមរភូមិផងដែរ។

ពាក់ព័ន្ធនឹងការចោទប្រកាន់នេះដែរ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA បានដកស្រង់សម្តីអគ្គនាយករង នៃអគ្គនាយកដ្ឋានគ្រឿងបរិក្ខាររបស់ក្រសួងការពារជាតិកូរ៉េខាងជើង ដែលបាននិយាយថា កាលពីពេលថ្មីៗ សហរដ្ឋអាមេរិក និងកងកម្លាំងអមិត្តផ្សេងៗ បាននិយាយអំពីការរំលោភសេចក្តីសំរេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយផ្សព្វផ្សាយពាក្យចចាមអារ៉ាម ស្តីពីការជួញដូរអាវុធរវាងកូរ៉េខាងជើង និងរុស្ស៊ី… យើងមិនដែលបាននាំចេញសព្វាវុធ ឬគ្រាប់រំសេវទៅរុស្ស៊ីកាលពីមុន ហើយយើងមិនក៏មានផែនការនាំចេញដែរ ៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner