បញ្ជូនខ្លួនបុរសម្នាក់ ទៅតុលាការ ពាក់ព័ន្ធបទល្មើស លួងលោមឆបោកយកទូរស័ព្ទដៃ និងកងដៃពីនារី២នាក់ នៅខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស លួងលោមឆបោកយកទូរស័ព្ទដៃ និងកងដៃពីនារី ២នាក់ នៅខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី។
ជនសង្ស័យឈ្មោះ សួរ ពិសិដ្ឋ ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិ ជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកឯ ជនរងគ្រោះ ទី១-ឈ្មោះ លន់ កំសាន្ត ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាង ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន២ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ជនសង្ស័យរូបនេះ ត្រូវបានជនរងគ្រោះឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច កាលពីវេលាម៉ោង២ទាបភ្លឺថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅមុខផ្ទះសំណាក់ដំរីធំ នៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីជនសង្ស័យលួងលោមឆបោកយកទូរស័ព្ទ ដៃនិងកងដៃពីនារីរងគ្រោះ កាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចមុខហាង ដាយមិនស្តារ ក្រុមទី៥ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សម្ភារ:ដែលជនសង្ស័យយកបាន រួមមាន: ទូរស័ព្ទ ដៃម៉ាក IPHONE XS MAX ពណ៌ទឹកមាស និងកងដៃផ្លាកទីនចំនួន ០២ឈុត។ ចំពោះ មុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថារូបខ្លួនពិតជាបានធ្វេីករណីដូចខាងលើប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍ជ័យ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការ បើកការស៊ើបសួរនៅឡើយ៕ ដោយ៖ ឆៃហួត និងប៊ុនធី