សមាជិកមូលនិធិស៊ីក្លូ នៅរាជធានីភ្នំពេញ ៣០០នាក់ទទួលបានថវិកានិងសម្ភារៈរបស់សម្តេចតេជោហ៊ុន សែន ក្នុងឱកាសបុណ្យភ្ជុំបិណ្យ
ភ្នំពេញ៖ សមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន ៣០០នាក់ ទទួលបានថវិកា និងសម្ភារៈរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសបុណ្យភ្ជុំបិណ្យនេះ ។
ថវិកានិងសម្ភារៈទាំងនេះត្រូវបានលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនិងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា តំណាងឱ្យ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជាប្រគល់ជូនពួកគាត់នាព្រឹកថ្ងៃទី២២ កញ្ញានេះ នៅសាលារាជធានីភ្នំពេញ ។
លោក ម៉េត មាសភក្តី បានមានប្រសាសន៍ថា៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តែងក្រើនរំលឹកឱ្យឯកឧត្តម ឃួង ស្រេង យកចិត្តទុកដាក់និងមើលថែ ពីសុខទុក្ខបងប្អូន សមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ជាក់ស្តែងនៅពេលនេះ ពួកគាត់ទាំង ៣០០នាក់បានទទួលថវិកា និងសម្ភារៈរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក្នុងឱកាសបុណ្យភ្ជុំបិណ្យបន្ថែមពីលើការឧបត្ថមប្រចាំខែជូនពួកគាត់ ដែលអំណោយទាំងនេះ ក្នុងម្នាក់ៗទទួលបាន ៥ម៉ឺនរៀល(តាមកុងវីង)មី ២កេស ទឹកបរិសុទ្ធ២កេសនិងទឹកត្រី១យួរ។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបងប្អូនជាសមាជិកមូលនិធិស៊ីក្លូ ពោលគឺអោយតែមានពិធីបុណ្យជាតិធំៗ ម្តងៗ សម្តេចតែងផ្តល់អំណោយជូនពួកគាត់ជានិច្ច។ ក្រៅពីនេះ បងប្អូនអ្នកធាក់ស៊ីក្លូទាំង ៣០០នាក់ក៏ទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន ២១ម៉ឺនរៀលផងដែរ ដោយក្នុង ១ខែ ពួកគាត់អាចបើកបាន ៣ដង ក្នុង១ដង ៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនបណ្ណ័ ប. ស. ស ដើម្បីឲ្យបងប្អូនទៅព្យាបាលជំងឺដោយមិនអស់ប្រាក់ ហើយក្នុងបរិបទជម្ងឺកូវីដ-១៩ សម្តេចមិនត្រឹមតែផ្តល់វ៉ាក់សាំងជូនពួកគាត់ទេ នៅបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជែល ជូនពួកគាត់ថែមទៀត ។
គួរបញ្ជាក់ផងដែរថា មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨មករាឆ្នាំ២០១៨ គឺមានរយៈពេល ៤ឆ្នាំហើយ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអណានិគមនិយមបារាំង៕ដោយ ថេត វិចិត្រ+ ហេង សម្បត្តិ