ជនសង្ស័យ ០៣នាក់ ត្រូវសមត្ថកិច្ចបញ្ជូនខ្លួន ទៅកាន់តុលាការ ពីបទបង្ខាំងមនុស្សដោយខុសច្បាប់ និងប្រើប្រាស់រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ បានបញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសបង្ខាំងមនុស្ស ដោយខុសច្បាប់ប្រើទារុណកម្មជំរិតទារប្រាក់ និងប្រើប្រាស់រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចសណ្ឋាគារឡាក់គីស្តារ ដើម្បីប្រគល់ឱ្យតំណាងអយ្យការ បើកការស៊ើបសួរបន្តនីតិវិធី។
សូមបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនបាន ជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធបង្ខាំងមនុស្ស ដោយខុសច្បាប់ប្រើទារុណកម្ម ជំរិតទារប្រាក់ និងប្រើប្រាស់រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចសណ្ឋាគារឡាក់គីស្តារ បន្ទប់លេខ៤៤១ ផ្លូវលេខ៣៦៦ ក្រុម១០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ NGUYEN THI THIEN HOA ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិរៀតណាម ទីលំនៅបច្ចុប្បន្នប្រទេសវៀតណាម។ ចំណែក ជនសង្ស័យឃាត់ខ្លួនចំនួន០៣នាក់៖ ១-ឈ្មោះ NGUYEN VANTHIE ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិរៀតណាម ទីលំនៅប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់កើតហេតុ។ ២-ឈ្មោះ LOU VAN CONG ភេទប្រុស អាយុ
៤១ឆ្នាំ ជនជាតិរៀតណាម ទីលំនៅប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់កើតហេតុ។ ៣-ឈ្មោះ NGUYEN CAM GIANG ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិរៀតណាម ទីលំនៅប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់កើតហេតុ។ ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចជំនាញ បានដកហូតវត្ថុតាងបានដូចជា ទូរស័ព្ទចំនួន ៣គ្រឿង, ម្សៅក្រាមពណ៌សថ្លា ០១កញ្ចប់តូច, ខ្សែក្រវ៉ាត់ស្បែក ពណ៌ខ្មៅ ក្បាលដែក ចំនួន០១ (មធ្យោបាយធ្វើទារុណកម្ម)។
បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនខ្លួនទៅកាន់តុលាការ កំពុងតែស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕ ដោយ៖ ឆៃហួត និងប៊ុនធី