ក្រវាញជាអាហារដ៏មានរស់ជាតិ និងក៏ជាឱសថព្យាបាលរោគជំងឺបានច្រើនមុខ
ភ្នំពេញ ៖ នៅប្រទេសកម្ពុជា រដូវដែលសម្បូរក្រវាញ (Siam cardamom) គឺនៅរដូវវស្សា ដោយសារតែក្រវាញជាប្រភេទរុក្ខជាតិដុះនៅលើភ្នំ និងត្រូវការសំណើមល្អ ។ ក្រវាញមិនត្រឹមតែយកធ្វើម្ហូបមានរសជាតិឆ្ងាញ់ប្លែកទេ ប៉ុន្តែថែមទាំងមានអត្ថប្រយោជន៍ដូចជាឱសថ ព្រោះពេលទទួលទានហើយ គឺដើរខ្យល់ស្រួល និងបែកញើសស្រួលខ្លួន ។
តាមពិត ក្រវាញមាន២ប្រភេទ ដែលប្រភេទទី១ ដើមរបស់វាស្រដៀងនឹងដើមពន្លៃ ឬរំដេងដែលអ្នកស្រុកដាំនៅតាមផ្ទះដែរ រីឯប្រភេទទី២ វាមានដើមខ្ពស់បែកមែកសាខាដូចដើមឈើដទៃ។ ចំពោះប្រភេទទី១ វាមានក្លិនក្រអូបប្រហើរ និងរសជាតិហឹរប្រហាតៗ អាចយកទៅធ្វើជាបន្លែ ដូចជា ឆា ឬស្ល ហើយធ្វើជាឱសថព្យាបាលជំងឺ ឬក៏យកទៅផលិតជាប្រេងខ្យល់ ប្រេងកូឡា និងឱសថកែរោគផ្សេងៗ ។ ចំណែកប្រភេទទី២ អ្នកស្រុកច្រើនតែទៅចាំងយកសម្បកមកដាំទឹកផឹក ឬចិញ្ច្រាំធ្វើជាឱសថបុរាណ ។ វាមានក្លិនក្រអូបប្រហើរដូចប្រភេទទី១ដែរ ។
យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា ក្រវាញដើមមានកម្ពស់ ៣-៤ម ដុះបែកជាគុម្ពរស់បានយូរឆ្នាំ ដើមនីមួយៗមានស្លឹក ១៥-១៨។ ស្លឹកមានរៀងទ្រវែង (oblong) រួមនៅផ្នែកគល់ស្រួចមានស្លឹកចុង គ្មានទង (sessile) ផ្ទៃស្លឹកគ្មានរោម តែគែមស្លឹកមានរោមរឹង។
គោលទម្រផ្កា (peduncle) មានប្រវែង ៤-២០ស.ម ដុះចេញពីគល់ដើមមានរោមច្រើន។ កញ្ចុំផ្កាជាចង្កោមកួរត្រួតលើគ្នាជាបំពង់ (conical shape) ប្រវែង ៨-១០ស.ម អង្កត់ផ្ចឹត ៤-៥ស.ម។ នៅគល់ផ្កានីមួយៗមានស្ទប និងកូនស្ទប (bracts) ត្រួតលើគ្នាដូចស្រកា។ ផ្កាពណ៌លឿងមានត្របកពណ៌ស ចុងប្លោកលម្អងផ្កាចែកជា៣ ផ្នែកកណ្តាលសំប៉ែត ផ្លែកសងខាងដូចត្រចៀក។ ស្រទាប់ធំ (labellum) ពណ៌ស មានឆ្នូតពណ៌លឿង កេសរឥតផល ពណ៌សនៅសងខាងគល់ស្រទាប់ធំ។ ផ្លែមាន ៣-៤ក្លែប សម្បកស្រស់តែមានរោម ដល់ស្ងួតអស់រោម ផ្លែរាងដុំមូល (globose) មានទំហំ ១៥-១៥ម.ម ពណ៌សលាយលឿងស្រាល មានឆ្នូតក្រហូង៨-៩ និងមាន៥-៩គ្រាប់។ បន្តពូជដោយមើមក្តៀង។
ការប្រើប្រាស់បាន ២បែប ជាគ្រឿងទេស និងឱសថ៖
គ្រឿងទេស ស្លឹកខ្ចីយកទៅធ្វើបន្លែសម្រាប់ស្ល។ ឱសថ ផ្លែមានធាតុក្តៅអាចធ្វើឱ្យដើរខ្យល់ស្រួល និងជាថ្នាំព្យាបាលក្រពះ ចុកសៀត និងអាហារមិនរលាយ។ ស្លឹកសម្រាប់ព្យាបាលស្ពឹកស្រពន់ និងហើមអញ្ចាញធ្មេញ។ មើមយកធ្វើថ្នាំប៉ូវកម្លាំង និងផ្កាអាចព្យាបាលការស្រវាំងភ្នែក៕ដោយ៖ម៉ាដេប៉ូ