សមត្ថកិច្ចបញ្ជូនខ្លួន ជនសង្ស័យ ០៥នាក់ ទៅកាន់តុលាការ ពាក់ព័ន្ធនឹងបទល្មើសជួញដូរគ្រឿងញៀន ជាង ១៨គីឡូក្រាម
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានបញ្ជូនខ្លួនជនសង្ស័យ ០៥នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទល្មើសជួញដូរគ្រឿងញៀន ជាង ១៨គីឡូក្រាម ។
សូមជម្រាប់ថា ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
ប្រតិបត្តិការណ៍បង្រ្កាបនេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៣ និង២០នាទី កម្លាំងជំនាញ(ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី.លោក ឧត្តមសេនីយ៍ទោ ឆាយ ហូត.លោកឧត្តមសេនីយ៍ត្រី គឹម តូ.លោកវរ:សេនីយ៍ទោ ទេព សុវណ្ណដារ៉ា នាយករងមន្ទី.មានការចូលរួមពីនាយកដ្ឋានស៊ើបការខាងក្រៅ និងបច្ចេកទេស.ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ.ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការសម្រលសម្រួលដោយលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនិងលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើការបង្រ្កាបនៅ ៥គោលដៅផ្សេងគ្នាជាបន្តបន្ទាប់។
ដោយគោលដៅទី១: នៅចំណុច បន្ទប់ជួលគ្មានលេខ ផ្លូវលំ ស្ថិតក្នុងសង្កាត់ ខណ្ឌកំបូល រាជធានីភ្នំពេញ។ គោលដៅទី២:ឆែកឆេរនៅចំណុច បន្ទប់ជួលគ្មានលេខ ផ្លូវលំ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គោលដៅទី៣:នៅចំណុច ភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គោលដៅទី៤:ឆែកឆេរនៅចំណុច បន្ទប់ជួលលេខ៣០៤(ផ្ទះសំណាក់ប៉ោយប៉ែតស៊ីធី) ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គោលដៅទី៥:នៅចំណុច ផ្ទះគ្មានលេខ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ក្នុងនោះមាន ១-ឈ្មោះ សុខ នាង ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ខ្មែរ។ ២-ឈ្មោះ យិន ពៅ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ខ្មែរ។ ៣-ឈ្មោះ យិន ផង់ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ។ ៤-ឈ្មោះ ង៉ែត ភារម្យ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ។ និង៥-ឈ្មោះ អ៊ឹង តុលា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ។ រួមទាំងវត្ថុតាង រួមមាន៖ មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធជាង ១៦គីឡូក្រាម។ អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ ជាង១គីឡូ ក្រាម។ កេតាមីន(KETAMIN)ទម្ងន់សុទ្ធ ២០ក្រាម។ នីមេតាហ្សេប៉ាមទម្ងន់សុទ្ធ ៦៥.៧ក្រាម ។ សរុបសារធាតុញៀនជាង ១៨ គីឡូក្រាម រួមទាំងអាវុធខ្លី ១ដើម ផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ កំពុងតែស្ថិតនៅក្នុងដំណាក់កាល តំណាងអាយ្យការ បើកការស៊ើបសួរនៅឡើយ៕ ដោយ៖ ឆៃហួត និងប៊ុនធី