វៀតណាមថា តម្លៃនៃការនាំចេញត្រីធូណា កើនឡើង ៥៥% ខណៈដែលទីផ្សារធំៗទិញកាន់តែច្រើន
ហាណូយ៖ វៀតណាមរកចំណូលបាន ៧៣០លានដុល្លារពីការនាំចេញត្រីធូណា ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២២នេះ កើនឡើង ៥៥%។ នេះបើយោងតាមអគ្គនាយកដ្ឋានគយវៀតណាម។
នៅក្នុងខែសីហាតែមួយ ការនាំចេញត្រីធូណាមានតម្លៃ ៩២លានដុល្លារអាមេរិក កើនឡើង ៨៦% ពីមួយឆ្នាំទៅមួយឆ្នាំ។ ការនាំចេញទៅកាន់ទីផ្សារសំខាន់ៗរួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា ជប៉ុន អារ៉ាប៊ីសាអូឌីត និងប្រទេសថៃបានកើនឡើងយ៉ាងខ្លាំង កាលពីខែមុន ។
មកទល់នឹងពេលនេះ វៀតណាមបាននាំចេញត្រីធូណាទៅកាន់បរទេស និងដែនដីចំនួន ៩៧ ដែលស្មើនឹង ១០% នៃតម្លៃនាំចេញអាហារសមុទ្រសរុបរបស់ខ្លួន។ សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP) ព្យាករណ៍ថា ការនាំចេញត្រីធូណានឹងបន្តកើនឡើងបន្ថែមទៀតក្នុងរយៈពេល ៤ ខែចុងក្រោយនៃឆ្នាំនេះ ដែលភាគច្រើនដោយសារតែតម្លៃប្រកួតប្រជែងរបស់អាហារសមុទ្រក្នុងស្រុក។
សមាគមបានប៉ាន់ប្រមាណថា ការនាំចេញត្រីធូណារបស់វៀតណាមនឹងកើនឡើងដល់ ១.១ ពាន់លានដុល្លារនៅឆ្នាំនេះ កើនឡើង ៤៥% ធៀបនឹងឆ្នាំ ២០២១ ៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត