អាជ្ញាធរជាតិអប្សរា ធ្វើកំណាយខឿនតម្កល់លិង្គនៅលើភ្នំបូក ដើម្បីឈានទៅរកការជួសជុលសំណង់បុរាណនោះឡើងវិញ
សៀមរាប ៖ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវ ខឿនតម្កល់លិង្គទំហំធំនៅលើភ្នំបូក និងមានតែមួយគត់នៅតំបន់អង្គរ ដែលរងការខូចខាត ក្នុងគោលបំណងជួសជុលលើកតម្លៃខឿនតម្កល់លិង្គឱ្យលេចរូបរាងល្អប្រសើរឡើងវិញ។ បច្ចុប្បន្ននេះក្រុមការងារ កំពុងធ្វើកំណាយស្រាវជ្រាវ សិក្សាពីរចនាសម្ព័ន្ធ មុននឹងឈានទៅដល់រៀបចំផែនការជួសជុលលើកតម្លៃបុរាណដ្ឋាននេះឡើងវិញ ។
លោក ហួរ សុធន បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះថា ការធ្វើកំណាយបានចាប់ផ្តើមតាំងពីដើមខែសីហា ឆ្នាំ២០២២ ហើយគម្រោងសិក្សាស្រាវជ្រាវនឹងបញ្ចប់ទៅវិញនៅចុងខែកញ្ញា ឆ្នាំ២០២២ខាងមុខ។ លោក ឱ្យដឹងទៀតថា សំណង់បុរាណតម្កល់លិង្គនៅលើភ្នំបូកនេះ ធ្វើពីថ្មបាយក្រៀមប្រវែងបណ្តោយ១៩ម៉ែត្រ ទទឹង២០ម៉ែត្រ កម្ពស់៣,៥ម៉ែត្រ ហើយនៅលើខឿនថ្មបាយក្រៀមនេះ មានជើងទម្រធ្វើពីថ្មភក់មានប្រវែង៥.២ម៉ែត្រ បួនជ្រុងស្មើ សម្រាប់តម្កល់លិង្គដែលមានទំហំមុខកាត់ជាង១ម៉ែត្រ និងប្រវែង៤.២ម៉ែត្រ។ ក៏ប៉ុន្តែបច្ចុប្បន្នជើងទម្រលិង្គធ្វើពីថ្មភក់នោះ រងការខូចខាតស្ទើរតែ៩០ភាគរយ ហើយលិង្គក៏រងការខូចខាតយ៉ាងខ្លាំងតាំងពីផ្នែកគល់ រហូតដល់ចុង គឺបែកបាក់ជាច្រើនបំណែក។
លោក ហួរ សុធន សន្និដ្ឋានថា ការខូចខាតដ៏ធ្ងន់ធ្ងរនេះ អាចបណ្តាលមកពីការបំផ្ទុះដោយគ្រាប់រំសេវ ពីព្រោះរូបថតចាស់ជាងគេ ដែលបារាំងថតនៅសម័យបារាំងមានសភាពបាក់បែកដូចសព្វថ្ងៃនេះដែរ ។ ដោយឡែក ខឿនថ្មបាយក្រៀមបានរងការខូចខាតដោយកត្តាអាយុកាល កក្តាធម្មជាតិ ដោយការក្រៀកហែក រលុះថ្មធ្លាក់មកក្រោមនៅតាមជ្រុងខ្លះ ជាមួយគ្នានេះដើមឈើ ឬសឈើបានចាក់ជ្រែកចូលថ្មដោយកង្វះការថែទាំ។
បុរាណវិទូរូបនេះ បន្តឱ្យដឹងថា ក្រុមការងារបានធ្វើកំណាយសិក្សាពីរចនាសម្ព័ន្ធគ្រឹះនៃសំណង់តម្កល់លិង្គនេះ កន្លងមកបានប្រទះឃើញបំណែកថ្មលិង្គ ក្បឿង និងនាងច្រាលជាច្រើនដែលអាចបញ្ជាក់បានថាទីតម្កល់លិង្គនេះ ដើមឡើយ គេធ្វើអំពីឈើប្រក់ក្បឿងគ្របពីលើលិង្គ។ ក្រុមការងារកំពុងសិក្សារិះរកបច្ចេកទេសក្នុងការជួសជុលលិង្គដ៏ធំមួយនេះឡើងវិញ ក៏ប៉ុន្តែ ការដ្ឋាននេះស្ថិតនៅលើភ្នំ ពិបាកដឹកជញ្ជូនសម្ភារ: ណាមួយលិង្គថ្មក៏មានទម្ងន់ច្រើនតោន ដែលអាចធ្វើឱ្យកម្លាំងមនុស្សពិបាកក្នុងការលើកដូរទីតាំងដើម្បីជួសជុលជាដើម។ ប្រាសាទនៅលើភ្នំបូកនេះ ស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប។
ពាក់ព័ន្ធនឹងសំណង់បុរាណតម្កល់លិង្គ នៅលើភ្នំបូកនេះ មិនមានសិលាចារឹក ឬឯកសារណាបញ្ជាក់ពីកាលបរិច្ឆេទនៃការសាងសង់ឡើយ ប៉ុន្តែតាមការពិនិត្យមើលលើខ្សែក្បាច់មាននៅតាមជើងទម្រតម្កល់លិង្គ គេអាចសន្និដ្ឋានបានថាវាប្រហែលជាស្ថិតនៅអំឡុងសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១៕ អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន